RECOFTC Cambodia
กิจกรรม

កិច្ចប្រជុំលើកទី១៩ ក្រុម​ប្រឹក្សាយោបល់​រេដ​បូក​កម្ពុជា

Sep 25
2017
-
26
Location
ខេត្តព្រះវិហារ
RECOFTC Events

១ សេចក្តីផ្តើម

ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបានបង្កើតឡើង តាមរយៈការបោះឆ្នោតជ្រើសរើសនៅក្នុង សិក្ខាសាលាជាតិ កាលពីខែសីហា ឆ្នាំ២០១៣  ដោយមានសមាសភាពអ្នកចូលរួមជា អង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងជនជាតិដើមភាគតិច ក្នុង​គោល​បំណង​ដើម្បី ផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែលមានជីវភាពរស់នៅពឹងផ្អែក​លើធន​ធាន​ព្រៃឈើ​មាន​ឱកាស​បញ្ចេញ​មតិ​យោបល់​លើ​ការងាររេដបូក និងប្រមូលនូវមតិទាំងនោះហើយផ្តល់ជាយោបល់ដល់ក្រុមការងារ​រេដបូក​​កម្ពុជា សម្រាប់​ដំណើរ​ការ​អភិវឌ្ឍន៍រេដបូកនៅកម្ពុជា។​ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាមាន​សមាជិក​១៨នាក់ ជាតំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍​តំបន់ការពារធម្មជាតិ ជនជាតិ​ដើម​ភាគតិច  គ្រឹះស្ថានអប់រំ អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ អង្គការសង្គម​ស៊ីវិល និងវិស័យឯកជន។ ការចែករំលែកព័ត៌មាន និងការពិគ្រោះយោបល់ ក្នុងចំណោមសមាជិកក្រុម​ប្រឹក្សា​យោបល់​​បានធ្វើឡើងតាមរយៈការប្រជុំ​ក្រុមប្រឹក្សាយោបល់រេដបូក​ ចំនួន ៦លើក ​ក្នុង​​មួយ​ឆ្នាំ ហើយមកដល់​បច្ចុប្បន្ននេះ កិច្ចប្រជុំ​ក្រុម​ប្រឹក្សាយោបល់រេដបូកបានរៀបចំឡើង ចំនួន ១៨លើក​ រួច​មកហើយ។​ ​ កិច្ចប្រជុំលើកទី១៨ នៃក្រុមប្រឹក្សាយោបល់រេដបូក បាន​សម្រេច​លទ្ធផលជាច្រើនដូចជា ក) ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិក្រុមរបស់សមាជិកក្រុមប្រឹក្សាយោបល់មកតំណាង អង្គការ​មិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការសង្គមស៊ីវិលមូលដ្ឋាន ខ)ពិភាក្សាពីវឌ្ឃនភាព និងផែន​ការ​បន្តនៃ​ការផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គ)ឯកភាព​លើ​ជំហាន​បន្​តក្នុង​ការ​កំណត់​តំណាងវិស័យឯកជនចូលរួមជាសមាជិក ក្រុមប្រឹក្សា​យោបល់រេដបូក ឃ) ឯកភាព​លើការ​កំណត់​សមាជិក​ជំនួស​ដើម្បី​ចូលរួម​ប្រជុំ​ក្នុង​ករណី សមាជិកពេញសិទ្ធិអវត្តមាន ព្រមទាំងធានាឲ្យបាននូវការចែករំលែកព័ត៌មានរវាងសមាជិកពេញសិទ្ធិ និងសមាជិកជំនួស និង ង)ការបង្ហាញពី​ពីវឌ្ឍនភាពនាំការងាររេដបូកនៅកម្ពុជារួមមាន ការរៀបចំ យុទ្ធសាស្រ្តរេដបូកជាតិ ឯកសារកម្រិតបំភាយយោង ប្រព័ន្ធ​ព័ត៌មាន​ធានាសុវត្ថភាពរេដបូក និងប្រព័ន្ធ ត្រួតពិនិត្យព្រៃឈើជាតិ ដែលត្រូវបានបង្ហាញដោយប្រធានលេខាធិការដ្ឋានរេដបូកកម្ពុជា។
​ផ្អែកលើស្មារតីអង្គប្រជុំលើកទី១៨នេះ កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាយោបល់រេដបូកធ្វើឡើងនៅថ្ងៃ ទី២៥ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅសាលប្រជុំខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយ​នឹង​ទស្សនកិច្ចសិក្សាទៅសហគមន៍ព្រៃឈើ​ភ្នំដែកចំ​បក់​ហោះ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជាការប្រជុំពិភាក្សា​ក្នុង​ចំណោម​​​សមាជិក​ក្រុមប្រឹក្សាយោបល់ រេដបូក និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ជា​​ទស្សន​កិច្ចសិក្សា​ទៅសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ។

២ គោលបំណង

កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកលើកទី១៩ មានគោលបំណងដូចខាងក្រោម៖​

 

  • ពិនិត្យលទ្ធផលនៃការអនុវត្តន៍ផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូក
  • ពិភាក្សាពីលទ្ធផល និងភាពប្រឈមដែលសមាជិកក្រុមប្រឹក្សាយោបល់រេដបូកម្នាក់ៗបាន ជួបប្រទះក្នុងការបំពេញ​តួនាទី​ជាសមាជិក​ក្រុមប្រឹក្សាយោបល់រេដបូក
  • ពិភាក្សាពីការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយោបល់រេដបូកសម្រាប់ចូលរួមអនុវត្តន៍យន្តការ រេដបូកកម្ពុជានា​ពេលខាង​មុខ​
  • ផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាយោបល់ចុះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅ សហគមន៍ព្រៃឈើភ្នំដែក​ចំបក់​ហោះ នៅខេត្តព្រះវិហារ

៣ លទ្ធផលរំពឹងទុក

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាមាន៖

 

  • ការស្វែងយល់ពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
  • លទ្ធផល និងភាពប្រឈមរបស់ក្រុមប្រឹក្សាយោបល់រេដបូកសម្រាប់ចែករំលែកដល់សមាជិក និងអ្នកពាក់ព័ន្ធផ្សេង​ទៀត​នៅ​ក្នុ​ង​សិក្ខាសាលាឆ្លុះបញ្ចាំងនាខែតុលា ឆ្នាំ២០១៧ ខាងមុខ
  • ការស្វែងយល់ពីដំណើរការ លទ្ធផល និងបទពិសោធន៍ ពីការគ្រប់គ្រង​សហគមន៍ព្រៃឈើ នៅសហគមន៍ព្រៃឈើភ្នំដែក​ចំបក់​ហោះ

៤ ពេលវេលា និងទីកន្លែង

កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា នឹងរៀបចំនៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំខ័ណ្ឌរដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ខេត្តព្រះវិហារ។ នៅថ្ងៃបន្ទាប់គឺថ្ងទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សា​យោបល់រេដបូកកម្ពុជា នឹងធ្វើទស្សន​កិច្ច​សិក្សា​ទៅ​កាន់សហគមន៍ ព្រៃឈើភ្នំដែកចំបក់ហោះ ដែលមានទីតាំងនៅស្រុករវៀង ខេត្តព្រះវិហារ។

៥ ដំណើរការ និងវិធីសាស្រ្ត

​កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយសហប្រធានអង្គប្រជុំគឺ ប្រធានលេខាធិការដ្ឋាន​ក្រុម​ការងារ​​រេដបូកកម្ពុជា និង​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់រេដបូកកម្ពុជា។ វិធីសាស្រ្តនានាដែលប្រើប្រាស់នៅ ក្នុងកិច្ចប្រជុំនេះរួមមាន ការធ្វើ​បទបង្ហាញ ការពិភាក្សាជាក្រុម និងការ​ពិភាក្សា​ក្រុមធំ។