RECOFTC Cambodia
กิจกรรม

សិក្ខាសាលា និង​ការ​បណ្តុះបណ្តាលស្តីពី ការ​ពង្រឹង​សមត្ថភាព និង​ដំណើរ​ការ​បណ្តាញ​សហគមន៍​ព្រៃឈើ

Sep 19
2016
-
20
Location
ខេត្តក្រចេះ
RECOFTC Events

១. សេចក្តីផ្តើម

សហគមន៍ព្រៃឈើនៅកម្ពុជា ត្រូវបានអនុវត្តក្នុងរូបភាពសាកល្បងនៅតំបន់​មួយ​ចំនួនចាប់​តាំង​ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែ​នៅ​ពេល​នោះមិនទាន់មានការទទួលស្គាល់តាមផ្លូវ​ច្បាប់ទេ​ រហូត​ដល់​ដើមទសវត្សរ៍ឆ្នាំ២០០០ ទើបមាន​ការ​បញ្ជ្រៀបការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​​ នៅ​ក្នុង​ច្បាប់​ស្តីពីព្រៃឈើ ២០០២ និងក្រោយមកទៀត​រាជរដ្ឋាភិបាលបានចេញនូវ អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០០៣) ហើយ​និង​មានដាក់ចូលនៅក្នុង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទីមួយ (២០០៣-២០០៨) និង​ដំណាក់​កាលទីពីរ (២០០៨-២០១៣)។ នៅក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ​២០០៦­​ ដល់ឆ្នាំ២០១០ បាន​​ទទួលស្គាល់នូវតម្រូវការក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។ ទោះ​ជា​យ៉ាង​នេះក៍ដោយការ​បង្កើត និង​គ្រប់គ្រងសហគមន៍ព្រៃឈើ​មាន​ការ​​ទទួលស្គាល់​តាមផ្លូវច្បាប់​នៅ​ក្រោយឆ្នាំ២០០៦ បន្ទាប់ពីមានប្រកាសស្តីពីគោលការណែនាំអំពីសហគមន៍ព្រៃឈើ។
ខេត្តក្រចេះ​មានសហគមន៍​ព្រៃឈើចំនួន៤៥កន្លែង គ្រប​ដណ្តប់​លើផ្ទៃ​ដី​ព្រៃ​ឈើ ៦៥,២៥៥ ហិកតា ស្ថិតក្នុង៤៥ភូមិ ១៧ឃុំ និងស្រុកចំនួន០៥ (ស្រុកឆ្លូង ស្រុកស្នួល ស្រុកចិត្របុរី​ ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ) ព្រមទាំងមាន​សមាជិកសហគមន៍ព្រៃឈើ​ចូល​រួមសរុបចំនួន ៧៨៤០គ្រួសារ ស្មើនឹង១៨៩៨៦នាក់ ស្រ្តី៨៥៥៦នាក់ ។ សហគមន៍ព្រៃឈើនៅក្នុងខេត្តក្រចេះស្ថិតនៅក្នុងដំណាក់កាលផ្សេងៗ គ្នានៃ​ការ​អភិវឌ្ឍន៍ ក្នុងនោះមានសហគមន៍ចំនួន២៧​កន្លែងគ្របដណ្តប់​លើផ្ទៃ​ដី​ព្រៃ​ឈើចំនួន ៤២២៤៩ហិកតា មានប្រកាស​ទទួល​ស្គាល់​ពីក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និ​ង​​នេសាទ និង​បាន​ចុះកិច្ចព្រម​ព្រៀ​ង​រវាង គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជាមួយខណ្ឌរដ្ឋ​បាលព្រៃឈើ​ក្រចេះ សហគមន៍ព្រៃឈើចំនួន១៨កន្លែងទៀត មានផ្ទៃដី២៣០០៦ហិកតា មិនទាន់ទទួលបានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និ​ង​​នេសាទនៅឡើយ។​ ក្នុងចំណោមសហគមន៍ ២៧កន្លែងដែលបានចុះកិច្ចព្រមព្រៀង មានសហគមន៍ចំនួន ២៥កន្លែង កំពុង និង​បាន​រៀបចំផែនការគ្រប់គ្រងព្រៃហសគមន៍ ដែលក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ៨កន្លែង មានផ្ទៃដី៩៣៤៥ហិកតា ទទួលបាន​ការ​អនុម័ត ផែនការគ្រប់គ្រងពីខណ្ឌរដ្ឋបាលព្រៃឈើ។
ការបង្កើត​សហព័ន្ធសហគមន៍ព្រៃឈើ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ​គឺជាយុទ្ធសាស្រ្តនៃការ​អនុវត្ត​កម្មវិធី​សហគមន៍ព្រៃឈើជាតិ (កម្មវិធីទី៤ នៃកម្ម​​វិធីព្រៃឈើជាតិ ឆ្នាំ២០១០​ដល់ឆ្នាំ២០២៩)​។  លើសពីនេះទៀត មាន​យន្ដការ​មួយ​ចំនួន​ត្រូវ​បានបង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ ដែលក្នុងនោះ មានការបង្កើត គណៈកម្មការ​សម្របសម្រួលកម្មវិធី​សហគមន៍​ព្រៃឈើថ្នាក់ខេត្ត (PCFPCC) ដែលដឹក នាំដោយខណ្ឌរដ្ឋបាលព្រៃឈើ  មានសមាជិកមកពីបណ្ដាអង្គការនានា ដែល​បាន​និង​កំពុងអនុវត្ដការងារសហគមន៍ព្រៃឈើនៅក្នុងខេត្ត គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ (NCFPCC) ដែល​ដឹក​នាំដោយរដ្ឋបាលព្រៃឈើ (ការិយាល័យសហគមន៍ព្រៃឈើ) និងមានសមាជិកមកពីបណ្ដាអង្គការជាតិ និងអន្ដរជាតិ ដែល​បាន​និង​កំពុងការអភិវឌ្ឍសហគមន៍ព្រៃឈើ។
បណ្តាញសហគមន៍ព្រៃឈើត្រូវបានទទួលស្គាល់ថាជាយុទ្ធសាស្ដ្រដើម្បីគ្រប់គ្រងសហគមន៍​ព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន, បទ​ពិសោធន៍, ​ចំណេះដឹង​, ​​ការ​ចាប់​អារម្មណ៍ជាទូទៅសម្រាប់ការតស៊ូមតិ និងការចូលរួមរបស់ភាគីពាក់ព័ន្ធ​សំខាន់ៗ មានដូច​ជា​អាជ្ញាធរ​មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ​និង​វិស័យ​​ឯកជន ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ។​ ខុសពីបណ្តាញដ៏ទៃទៀត​ បណ្តាញ​សហគមន៍ព្រៃឈើមានស្ថាប័នដែលគាំទ្រដោយច្បាប់ "ផ្ទះ" ដូចជាអនុក្រឹត្យស្តីពីការ​គ្រប់​គ្រង​​សហគមន៍​​ព្រៃឈើឆ្នាំ២០០៣ ដែលក្នុង​នោះ​គណៈកម្មការ​គ្រប់គ្រងសហគមន៍ព្រៃឈើ​កើត​ឡើង​ដោយ​ការបោះឆ្នោតពីសមាជិក និងទទួលស្គាល់ដោយមេឃុំ (មានចែងនៅ​ក្នុង​ប្រកាស​គោល​ការណ៍​ណែនាំស្តីពីសហគមន៍ព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០០៦​ជំពូក ៣ មាត្រា ១១) ។
RECOFTCតាមរយៈគម្រោង SFMRLE បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងអង្គការដៃគូផ្សេងៗ ទៀត រៀបចំបង្កើត​បណ្តាញ​សហគមន៍​ព្រៃឈើ ខេត្តក្រចេះ នៅខែសីហា ឆ្នាំ២០១២។ ​បច្ចុប្បន្នបណ្តាញ​សហគមន៍ព្រៃឈើខេត្ត​ក្រចេះកំពុង​ដំណើរការដោយមានការ​សម្រប​សម្រួលពីគម្រោង PaFF សហការជាមួយអង្គការដៃគូ និងរដ្ឋបាលព្រៃឈើ។​ ទោះជាយ៉ាងនេះក៍ដោយ សមត្ថភាព​ដើម្បីបំពេញ​តួនាទី​របស់​បណ្តាញសហគមន៍ព្រៃឈើនៅមានកំរិតទាក់ទងទៅនឹងការទំនាក់ទំនងជាផ្លូវការមួយអ្នកពាក់ព័ន្ធ ការធ្វើរបាយការណ៍​ជូន​គណៈកម្មការ​​សម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត​ ដែលទាមទារឲ្យមានការពង្រឹងសមត្ថភាពបន្ថែមទៀត។
គម្រោង PaFF នឹងរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលស្តីពីការពង្រឹងសម្ថភាព និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ ដើម្បីពង្រឹង​ប្រសិទ្ធិភាពនៃដំណើរការបណ្តាញក្នុងការគាំទ្រដល់ការសម្របសម្រួល គ្រប់គ្រង​ និងអភិវឌ្ឍសហគមន៍ព្រៃឈើ។

២. គោលបំណង

  • ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ
  • ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ រវាងសហគមន៍ និងសហគមន៍
  • កំណត់នូវសកម្មភាពជាអាទិភាព និងតម្រូវការនានាក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ

៣. លទ្ធផលរំពឹងទុក

  • បណ្តាញយល់ដឹងកាន់តែច្បាស់ ពីតួនាទី និងការទទួលខុសត្រូវ យន្តការ រចនាសម្ព័ន្ធ​ទំនាក់ទំនង ដែលសម្រួល​ដល់​ដំណើរការ​របស់បណ្តាញ
  • ទទួលបាននូវ​ការអនុវត្តល្អៗ សម្រាប់ចែករំលែកជាមួយសមាជិកសហគមន៍ព្រៃឈើ ដើម្បីពង្រឹងការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ
  • កំណត់បាននូវសកម្មភាពជាអាទិភាព និងតម្រូវការជាមូលដ្ឋានក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីលើក​ឡើង​ជាមួយ​អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសហគមន៍ព្រៃឈើ​

៤. រយៈពេល​ កាលបរិច្ឆេទ និងទីកន្លែង

រយៈពេល​ ២ថ្ងៃ

ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦

ទីកន្លែង៖ រដ្ឋបាលព្រៃឈើខេត្តក្រចេះ

៥. សមាសភាពចូលរួម

តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ឃុំ និងខេត្ត គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងគោលដៅរបស់ គម្រោង​ PaFF អង្គការរីខូហ្វ (RECOFTC), ក្រុមអង្គការដៃគូដែលចូលរួមអនុវត្តគម្រោង PaFF ដែលក្នុងនោះមានអ្នកចួលរួមសរុប ២៤នាក់ ។


លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៩៨៨១៩, ០១២ ៣៥២៣៥៨