RECOFTC Cambodia
ข่าวสาร

ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​សហគមន៍​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា

ផ្ទៃដីសហគមន៍ព្រៃឈើកើនឡើង១០០០ដង ក្នុងរយៈពេល​២៥ឆ្នាំ នៃ​ការ​អនុវត្ត​​ការ​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ​​ដោយ​ចាប់​ផ្តើម​ពី​គម្រោង​សាកល្បង​ចំនួន ៥០០ហិចតា ហើយ​បច្ចុប្បន្ន​បាន​​​កើ​នឡើង​ដល់ ៥១៦ ៨១៧ហិកតា។

នាថ្ងៃទី០៥ និង០៦ ខែ​ធ្នូ ឆ្នាំ២០១៩ រីខូហ្វ និងអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួនទៀត បាន​គាំទ្រ និងសហការ​ជាមួយរដ្ឋបាលព្រៃឈើ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៦ នៃ​គណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៍​ព្រៃឈើ​ជាតិ (ជ.គសកស) ដោយមាន​ការចូលរួម ចំនួន ១៤៣នាក់ (ស្រ្តី ២១នាក់) ក្នុងនោះមាន រដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន សហគមន៍​ព្រៃឈើ និងអង្គការដៃគូ អភិវឌ្ឍន៍ ដែល​ធ្វើការ​លើ​វិស័យព្រៃឈើក្នុងប្រទេសកម្ពុជា។

អ្នកស្រី ហ៊ូ កល្យាណ ថ្លែងក្នុងមតិស្វាគមន៍NCFPCCអ្នកស្រី ហ៊ូ កល្យាណ នាយិការ​អង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានថ្លែង​អំណរគុណដល់​រដ្ឋបាលព្រៃឈើ ដែល​បានរៀបចំនូវកិច្ច ប្រជុំនេះ ក៏ដូចជាផ្តល់ឳកាសឲ្យអ្នកពាក់ព័ន្ធ​ទាំងអស់បានចូលរួម និងរំពឹង​យ៉ាងមុតមាំ​ថា កិច្ចប្រជុំនេះ​ជា​ឳកាស​ក្នុងការ​ចែក​រំលែក​នូវព័ត៌មាន​រវាងគ្នាទៅវិញទៅមក ដើម្បី​រួម​គ្នាកំណត់​នូវសកម្មភាព​ជាយុទ្ធសាស្រត ក្នុងការ​គាំទ្រដល់​ការងារគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។

គណៈកម្មការ​សម្របសម្រួល​កម្មវិធីសហគមន៍​ព្រៃឈើថ្នាក់ជាតិ​ត្រូវ​បានបង្កើតឡើងតាំងពី​ឆ្នាំ​២០០៧ ក្នុងគោល​បំណង​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ ចែក​រំលែក​នូវព័ត៌មាន គាំទ្រ​ដល់ភាគីពាក់ព័ន្ធ​ រៀបចំនូវគោលនយោបាយ និងផែន​ការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកា នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាគណៈអធិបតី​នៃ​កិច្ចប្រជុំនេះ បាន​សំដែងនូវ មោទនភាព​ សម្រាប់ការវិវត្តន៍​របស់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា ដោយរំលឹកថា “ការ​សាកល្បងដំបូង សហគមន៍ព្រៃឈើមាន​ទំហំ​ត្រឹមតែ​ ៥០០ហិចតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ ៦៣៦កន្លែង ​គ្រប​ដណ្តប់លើផ្ទៃដីព្រៃទំហំ ៥១៦ ៨១៧ហិកតា” ។ ទំហំនេះ​កើន​ឡើង​ ១០០០ដង ក្នុងរយៈពេល​២៥ឆ្នាំនៃ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍន៍សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកា​ថ្លែងក្នុងមតិបើកកម្មវិធីNCFPCC

“ដី​ជាទ្រព្យសម្បត្តិមាន​តម្លៃ ប្រសិនបើ​បាត់បង់ដី [ព្រៃឈើ​]​ ​ការ​ការពារ ការ​អភិវឌ្ឍន៍ព្រៃឈើ ការ​លើកកម្ពស់ជីវភាពក៏មិន​អាច​មាន​ដែរ​ ដូចនេះការធ្វើផែនការគ្រប់គ្រងដី [សហគមន៍ព្រៃឈើ] ដែល​​សហគមន៍ទទួលបាន គឺ​ជាការចាំបាច់​ ” ។ ក្នុងផែនការ​នោះ​ផងដែរ ក៏គួរតែបញ្ចូល​សកម្មភាពលើកកម្ពស់ជីវភាព ដើម្បី​ជួយ​ដល់​ការ​ចូលរួម​របស់សហគមន៍ និង​ការគ្រប់គ្រង​ព្រៃ​សហគមន៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព “ក្រសួងគាំទ្រដល់​ការ​បញ្ចូល​នូវ​កម្មវិធី​អភិវឌ្ឍជីវភាព តាមរយៈការដាំឈើនៅតំបន់​រេចរិល ដែល​អាច​រួម​ចំណែក​​ក្នុងការអភិវឌ្ឍន៍សហគមន៍” នេះបើយោងតាមប្រសាសន៍ ឯកឧត្តម​ អ៊ុង សំអាត ក្នុងពិធីបើក​កិច្ចប្រជុំលើកទី ៦ នៃ ជ.គសកស។

សហគមន៍ព្រៃឈើនៅកម្ពុជាបានរៀបចំបង្កើតតាំងពីឆ្នាំឆ្នាំ១៩៩៤ តាមរយៈគម្រោងសាកល្បងដោយ​មាន​​ការគាំ​ទ្រ​ពីរាជ​រដ្ឋាភិបាល​កម្ពុជា អង្គការដៃគូជាតិអន្តរជាតិ និង​មាន​ការ​ចូលរួម​ពី​សហគមន៍​​មូលដ្ឋាន​ដែលរស់​នៅ​ពឹងអាស្រ័យ​លើធនធានព្រៃឈើ។ សហគមន៍ព្រៃឈើមានសត្តានុពលក្នុងការ​អភិរក្សធនធានព្រៃឈើ​ធ្វើឲ្យប្រសើរ​ឡើង​នូវផលិតភាពរបស់ព្រៃនិងដើម្បី​គាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹង​ប្រព័ន្ធ​អេកូឡូស៊ី និង​ចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាស​ធាតុ។

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ថ្លែងក្នុងពិធីបិទ

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាប្រធាន​រដ្ឋបាលព្រៃឈើ បាន​ថ្លែងក្នុងពិធីបិទកិច្ចប្រជុំថា “រដ្ឋបាលព្រៃឈើ នឹងរៀបចំផែនការ​យុទ្ធសាស្រ្តសហគមន៍ព្រៃឈើ សម្រាប់​សហគមន៍ព្រៃឈើ​នៅទូទាំងប្រទេសកម្ពុជា និងជម្រុញដល់​ការរៀបចំផែនការគ្រប់គ្រង ការចុះបញ្ជីដីសហគមន៍ព្រៃឈើ និងការ​ដកហូតផល អនុផលព្រៃឈើ​សម្រាប់គោលដៅពាណិជ្ជកម្ម”។

រីខូហ្វ បាននឹង​កំពុ​ងរួមចំណែក​ជួយដល់​យុទ្ធសាស្រ្តដែល​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ដាក់ចុះ​ក្នុងការជួយការគ្រប់គ្រងព្រៃឈើ ពិសេស​ដល់ការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ។ ​រីខូហ្វ​បាន​គាំទ្រ​ដល់​ការធ្វើផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងនោះ ៩០%នៃ​សហគមន៍ដែល​ទទួល​បាន​ការអនុម័តផែន​ការគ្រប់គ្រង​គឺ​តាមរយៈការសម្របសម្រួល​គាំទ្រ​របស់រីខូហ្វ។ ជាងនេះទៅទៀត រីខូហ្វក៏បាន​គាំទ្រ​ដល់​ដំណើរការ​ចុះបញ្ជីដីសហគមន៍ព្រៃឈើ​ និង​គាំទ្រ​ដល់​ការអនុវត្តផែនការគ្រប់គ្រង​របស់​សហគមន៍ព្រៃឈើតាមរយៈការ​បង្កើត​ជា​ឥណទានសហគមន៍ព្រៃឈើ។