RECOFTC Cambodia
ข่าวสาร

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងការគ្រប់គ្រង​ សហគមន៍តំបន់ការពារធម្មជាតិ”

សារៈសំខាន់នៃតួនាទីស្រ្តីក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ
សមាជិកសហគមន៍ជានារីឡើងធ្វើបទបង្ហាញស្តីពីតួនាទីស្រ្តីក្នុងការចូលរួមក្នុងសគមន៍
ឆេង ចាន់នី, មន្រ្តីទំនាក់ទំនងរីខូហ្វ

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដែលមានសិក្ខាកាមសរុបចំនួន ២៥នាក់​ក្នុងគោល​បំណង បង្កើនសមត្ថភាពលើភាពជាអ្នកដឹកនាំដល់ក្រុមការងារនារី និងក្រុមការងារយេនឌ័រក្រសួងបរិស្ថានទាក់ទងនឹងការ គ្រប់គ្រង​សហគមន៍តំបន់ការពារធម្មជាតិ និងតួនាទីរបស់គណកម្មការសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការចូលរួមចំណែកគ្រប់គ្រង​ធនធាន​ធម្មជាតិ និងបង្កើនទំនាក់ទំនងរវាងក្រុមការងារនារី និងយេនឌ័រដើម្បីពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តការងារ។ក្រៅពីសិក្សាពីទ្រឹស្តី វគ្គនេះ​ក៍បានរៀបចំនូវទស្សកិច្ចសិក្សាមួយថ្ងៃទៅកាន់សហគមន៍តំបន់ការពារធម្មជាតិណាមលា ក្នុងខេត្តមណ្ឌលគីរីផងដែរ ដើម្បីផ្តល់ឱកាស​ដល់​សិក្ខាកាម​ទាំងអស់បានរៀនសូត្រដោយផ្ទាល់ពីសមាជិកសហគមន៍ និងពិនិត្យជាក់ស្តែងពីស្ថានភាពការគ្រប់គ្រងសហកមន៍តំបន់ធម្មជាតិ។ សិក្ខាសាលារៀបចំឡើងក្នុងគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ (SFB) ក្រោមជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។  

លោកស្រីហ៊ូ កល្យាណ អ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការ RECOFTC បានលើកឡើងថា៖ “ខ្ញុំសង្កេតឃើញថា សិក្ខាកាមដែលជាស្រី្តមួយចំនួនដែលចូលរួមនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលមានសក្តានុពលក្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រសួងបរិស្ថាននាពេលអនាគត។ ខ្ញុំសង្ឃឹមថាសិក្ខាសាលានេះនឹងជួយពង្រឹងបន្ថែមសមត្ថភាពរបស់ពួកគេនៅក្នុងជំនាញភាពជាអ្នកដឹកនាំ”។

លោកស្រី មាស ច័ន្ទធីតា ប្រធានក្រុមការងារនារី នៃក្រសួងបរិស្ថានបានលើកឡើងថាសិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងជាច្រើនទាក់ទងទៅនឹងតួនាទីរបស់ស្រ្តីចូលរួមចំណែនក្នុងការគ្រប់គ្រង និងអភិរក្សសហគមន៍តំបន់ការពារធម្មជាតិ។ “ខ្ញុំបានរៀនសូត្រពីចំនុចខ្លាំង និងឧបសគ្គរបស់ស្រ្តីផងដែរនៅក្នុងការងារសហគមន៍ព្រៃឈើ។ ខ្ញុំអាចយកមេរៀនទាំងនេះទៅឆ្លុះបញ្ចាំងនៅក្នុងការងាររបស់ខ្ញុំនៅក្នុងក្រសួងបរិស្ថាន”។ លោកស្រីបានជួបជាមួយសមាជិកជាស្រី្តរបស់សគមន៍ដោយផ្ទាល់ និងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។ “ខ្ញុំសង្កេតឃើញចំនួនស្រី្តនៅក្នុងគណកម្មការគ្រប់ នៅមានចំនួនតិចនៅឡើយដែលគួរតេបង្កើនច្រើនជាងនេះដើម្បីឲ្យសម្លេងរបស់ពួកគេកាន់តែរឹងមាំនៅក្នុងការសម្រេចិត្ត”។ 

វគ្គបណ្តុះបណ្តាលស្តីពីតួនាទីស្រ្តីក្នុងសហគមន៍តំបន់ការពារធម្មជាតិ
កិច្ចពិភាក្សាពីតួនាទីស្រ្តីក្នុងដំណើរការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ