គណៈកម្មាការសហគមន៍ព្រៃក្បាលបី ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា
សហគមន៍ព្រៃឈើព្រៃក្បាលបី ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (រីខូហ្វ) បានរៀបចំស្វាគមន៍ដំណើរ ទស្សនកិច្ចសិក្សារបស់សហគមន៍ព្រៃឈើអូរបាក់ត្រា, មេឃុំប្រងិល អង្គការពន្លឺកុមារ និងមន្រ្តីរដ្ឋបាលព្រៃឈើ ពីខេត្តពោធិ៍សាត់ ចំនួន៨នាក់ ក្រោមជំនួយឧបត្ថម្ភពីអង្គការការីតាស (ស្វីស)។ ទស្សនកិច្ចសិក្សានេះ មានគោលបំណងឲ្យសហគមន៍ព្រៃឈើអូរបាក់ត្រា បានមកស្តាប់ និងស្វែងយល់ពីដំណើរការគ្រប់គ្រងសហគមន៍ព្រៃឈើក្បាលបី ពិសេសការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ ដែលកំពុងដំណើរការ និងបានរួមចំណែកដល់ការអនុវត្តផែនការគ្រប់គ្រងផងដែរ។
កម្មវិធីនេះប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ ដោយមានបទបង្ហាញពីតំណាងរីខូហ្វ ដែលជាអ្នកផ្តួចផ្តើមក្នុងការអនុវត្តការសាកល្បងគម្រោងឥណទានសហគមន៍ព្រៃឈើតាំងពីចុងឆ្នាំ២០១៤ និងបទបង្ហាញពីគណៈកម្មាការសហគមន៍ពីជំហាននៃការបង្កើតឥណទានសហគមន៍ព្រៃឈើ លក្ខណ្តិកៈនៃឥណទានសហគមន៍ព្រៃឈើ ការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ និងបទពិសោធន៍ដែលទទួលបានពីការអនុវត្តនេះ។ បន្ទាប់មកទៀត អ្នកចូលរួមក៏បានទៅដល់ព្រៃសហគមន៍ដើម្បីបង្ហាញពីការគ្រប់គ្រង និងតំបន់ស្តារព្រៃឈើរបស់សហគមន៍ផងដែរ។
តាមរយៈនេះលោក ឃួន ម៉ុន ប្រធានគណៈកម្មាការសហគមន៍ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានរៀបចំកម្មវិធីបែបនេះ និងបានចែករំលែកបទពិសោធន៍ដល់សហគមន៍ដទៃទៀត” រីឯលោក អ៊ុល កេប ប្រធានគណៈកម្មាការឥណទានសហគមន៍ក៏មានទឹកចិត្តមិនខុសគ្នាដែរ នឹងបានលើកទឹកចិត្តដល់សហគមន៍ដែលមកទស្សនកិច្ចគួរតែអនុវត្តឥណទានសហគមន៍ព្រៃឈើ ដើម្បីបង្កើតប្រភពចំណូលមួយសម្រាប់ការគ្រប់គ្រងសហគមន៍។ ក្នុងនោះលោក Till Schmidlin ទីប្រឹក្សានៃអង្គការការីតាស (ស្វីស) ក៏បានសំដែងនូវសេចក្តីត្រេកអរដែលបានចូលរួមស្វែងយល់ពីការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើព្រៃក្បាលបី ដោយសូមថ្លែងអំណរគុណដល់សហគមន៍ដែលបានចំណាយពេលវេលា និងសង្ឃឹមថា នាពេលអនាគតដ៏ខ្លីនេះ ពួកគាត់នឹងអញ្ជើញតំណាងសហគមន៍ព្រៃក្បាលបី ទៅទស្សនកិច្ចនៅសហគមន៍អូរបាក់ត្រាវិញម្តង។
សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ឡើយ ដែលសហគមន៍ព្រៃឈើព្រៃក្បាលបី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា តាមរយៈការសម្របសម្រួលពីរីខូហ្វ កាលពីខែតុលា ឆ្នាំ២០១៧ សហគមន៍ក៏បានរៀបចំកម្មវិធីបែបនេះដែរសម្រាប់ភ្ញៀវមកពីសាធារណៈរដ្ឋប្រជាមានិតកូរ៉េ និងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ តំណាងពីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ក៏បានអញ្ជីញទៅស្វែងយល់ពីការគ្រប់គ្រងរបស់សហគមន៍ផងដែរ។ សហគមន៍ព្រៃក្បាលបី គឺបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយមានសមាជិកចំនួន៦១គ្រួសារ ដោយគ្រប់គ្រងផ្ទៃដីព្រៃសហគមន៍ចំនួន ៧៦០.៨៦ហ.ត តាមរយៈកិច្ចខិតខំប្រែងរបស់គណៈកម្មាការសហគមន៍ព្រៃឈើ ក៏ដូចជាគណៈកម្មាការឥណទានសហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធនានារួមមានរដ្ឋបាលព្រៃឈើ អង្គការដៃគូ ម្ចាស់ជំនួយ សហគមន៍បច្ចុប្បន្នមានថវិកាសម្រាប់អនុវត្តការគ្រប់គ្រងសហគមន៍ចំនួន ១៥០.០០០រៀល ក្នុង១ខែ។