វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និងការគ្រប់គ្រងហិរញ្ញវត្ថុ នៃក្រុមឥណទានសហគមន៍ព្រៃឈើ
ឥណទានសហគមន៍ព្រៃឈើ ជាគម្រោងដែលមានលក្ខណៈពិសេសដោយបានបង្កើតឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ តាមរយៈលក្ខខណ្ឌនៃការវិភាជឬបែងចែកថវិកាចំណូលពីការប្រាក់ ដើម្បីបំរើឲ្យស្ថាប័នសហគមន៍ព្រៃឈើ ការគ្រប់គ្រង និងការអភិវឌ្ឍព្រៃសហគមន៍។ ដើម្បីគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន គណៈកម្មការក្រុមឥណទានត្រូវបានបង្កើតឡើងតាមសហគមន៍និមួយៗ ដែលតម្រូវឲ្យមានការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និងការគ្រប់គ្រងថវិកា(ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បីពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព។
ដូចនេះ រីខូហ្វ ក្រោមគម្រោងភាពជាដៃគូព្រៃឈើ និងជលផល បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ (២០ និង២១ ខែឧសភា ឆ្នាំ២០១៩) ដល់គកម្មាការឥណទានសហគមន៍ព្រៃឈើចំនួន១២ សរុបចំនួន២០នាក់ ក្នុងខេត្តកំពង់ធំ។ សិក្ខាកាម នឹងយល់ដឹងពីការរៀបចំស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម ព្រមទាំងការគ្រប់គ្រងឯកសារ និងថវិកា សម្រាប់ការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ។ ជាងនេះទៅទៀត សិក្ខាកាមនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកចំណេះដឹងទៅអនុវត្តជាក់ស្តែង អំពីរបៀបនៃការកត់ត្រាបញ្ជីស្នាម ថវិកាកម្ចី និងការរាយការណ៍ពីស្ថានភាពថវិកា។
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ជាទ្រឹស្តី ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឳកាសឲ្យអ្នកចូលរួមបានអនុវត្តសាកល្បងបង្ហាញទៅកាន់អ្នកចូលរួមទៅវិញទៅមក ដូចនេះពួកគាត់អាចយកចំណេះដឹងទាំងនេះទៅប្រើប្រាស់បានក្រោយពេលវគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់។