ស្រ្តី និងភាពជាអ្នកដឹកនាំ
ឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ គ្រប់គ្រងអនុវត្តដោយគណកម្មការឥណទានចំនួនបីរូប ដែលជាស្រ្តី ក្នុងនោះមាន លោកស្រី ជួប សារើន ជាប្រធាន លោកស្រី បៅ ផល្លា អនុប្រធាន និងលោកស្រី ឃុត សុម៉ាលី ហិរញ្ញឹក។ ឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ បានបង្កើត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រូល របស់អង្គការ RECOFTC តាមរយៈ កម្មវិធីភាពជាដៃគូវិស័យព្រៃឈើ និងជលផល ហៅកាត់ថា PaFF។
ក្រោយពីក្រុមឥណទានបានអនុវត្តសកម្មភាពរបស់ខ្លួន អស់រយៈពេលបី (៣) ខែរួចមក សមាជិកមួយរូបក្នុងក្រុមមិនព្រមបង់ការប្រាក់ជូនក្រុមឥណទានទៅតាមពេលវេលាកំណត់ ជាហេតុនាំឲ្យលោកស្រី ជួប សារើន មានបំណងចង់លាឈប់ពីប្រធានគណៈកម្មាធិការ ដោយក្នុងនោះក៏បានលើកឡើងថា នៅឆ្នាំ២០១៤ អង្គការ CED បានផ្តល់ថវិកាដល់សហគមន៍ចំនួន៧៥០ដុល្លារអាមេរិច សម្រាប់បង្កើតជាគម្រោងប្រាក់សន្សំ តែគម្រោងបានបញ្ចប់ ដោយមិនទាន់បានរៀបចំលក្ខខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រង ថវិកានេះត្រូវបានសមាជិក ១០នាក់ខ្ចី ហើយមិនបានសងមកសហគមន៍វិញនោះទេ ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កំឡុងពេលដែល អង្គការរីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការទុកដាក់ឯកសារ និងការគ្រប់គ្រងហិរញ្ញវត្ថុឥណទានសហគមន៍ព្រៃឈើ បញ្ហានេះត្រូវបានលើកឡើង និងពិភាក្សា ហើយប្រធានគណកម្មការឥណទាន បានស្នើសុំការសម្របសម្រួលពីអង្គការរីខូហ្វ។ បន្ទាប់មក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើប្រចាំខេត្តក្រចេះរបស់អង្គការរីខូហ្វ បានរៀបចំកិច្ចប្រជុំមួយផ្សេងទៀតដោយអញ្ជើញសមាជិកឥណទានសហគមន៍ព្រៃឈើ រួមទាំងសមាជិកដែលបានខ្ចីប្រាក់តាំងពីឆ្នាំ២០១៤ ចូលរួម។ ជាលទ្ធផល អង្គប្រជុំបានលើកឡើងថា វាជារឿងអយុត្តិធម៌សម្រាប់សមាជិកសហគមន៍ព្រៃឈើជាងមួយរយគ្រួសារទៀត ប្រសិនបើបា្រក់ ៧៥០ ដុល្លារ នោះត្រូវបានបាត់បង់មែន ហើយពួកគាត់នឹងធ្វើការទាមទារជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ពីព្រោះវាអាចជាគំរូអាក្រក់ដល់ក្រុមឥណទានថ្មីនេះផងដែរ។ លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណត់បង់ការប្រាក់របស់ក្រុមឥណទាន អ្នកជំពាក់ប្រាក់ពីឆ្នាំ២០១៤បានយកប្រាក់មកសងដល់ក្រុម សរុបបានចំនួន ៥៥០ ដុល្លារអាមេរិក ដោយ២០០ដុល្លារទៀត នៅនឹងប្រធាន គគស ចាស់ ដែលបានស្លាប់ទៅកាលពី ៣ឆ្នាំមុន។ តាមរយៈកិច្ចប្រជុំបន្ទាប់មកទៀត ក្រុមឥណទានសហគមន៍ព្រៃឈើ បានសម្រេចមិនទាមទារថវិកាពីប្រធាន គគស ចាស់ និងបញ្ចូលថវិកាដែលទទួលបានជាដើមទុនសម្រាប់ក្រុមឥណទានសហគមន៍ព្រៃឈើ។
លោកស្រី ជួប សារើន បានលើកឡើងថា វាហាក់ដូចជាការយល់សប្តិអញ្ចឹង ...ខ្ញុំរៀបនឹងធ្វើលិខិតលាលែងពីប្រធានឥណទានសហគមន៍ព្រៃឈើទៅហើយ ...[ដោយ]ខ្ញុំភ័យ និងបាក់ទឹកចិត្តខ្លាំង ប៉ុន្តែពេលនេះអ្វីៗធូរស្រាលអស់ហើយ ខ្ញុំសប្បាយចិត្តណាស់ ហើយរឹតតែធ្វើឲ្យខ្ញុំមានកម្លាំងចិត្តចង់បន្តមុខងារនេះជាបន្តទៀត និងប្តេជ្ញាបំពេញតួនាទីនេះយ៉ាងប្រុងប្រយ័ត្នដើម្បីទទួលបានជោគជ័យបន្ថែមទៀតនាពេលខាងមុខ។
ក្រៅពីដើរតួនាទីសំខាន់ក្នុងការពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ (ស.ព) ជាពិសេសជួយដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការបំពេញតួនាទីស្របទៅតាមបទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ ដោយជំរុញការចូលរួមរបស់សមាជិក តាមរយៈការវិភាជឬផ្តល់ថវិកាពីគម្រោងឥណទាន គាំទ្រដល់សកម្មភាពគ្រប់គ្រងព្រៃសហគមន៍ ឥណទានសហគមន៍ព្រៃឈើបានជម្រុញការចូលរួមពីស្រ្តី ឲ្យស្ថិតក្នុងតួនាទីដែលត្រូវធ្វើសេចក្តីសម្រេចចិត្ត។