ការចូលរួមរបស់ស្រ្តីក្នុងកិច្ចការពារព្រៃសហគមន៍
ព្រឹកព្រលឹមស្រាងៗ លោកស្រី សៅ សារិន បានចាប់យកសម្ភារៈដែលបានរៀបចំរួចជាស្រេចមានដូចជា សៀវភៅកត់ត្រា កំប៉ុងបាញ់ថ្នាំ កាំបិត និង កញ្ចប់អាហារ រួចចាកចេញពីលំនៅដ្ឋានរបស់គាត់ ឆ្ពោះទៅកាន់ទីតាំងព្រៃសហគមន៍ភូមិត្រពាំងចាន់។ នៅពេលដែលធ្វើដំណើរដល់ព្រៃសហគមន៍ភូមិត្រពាំងចាន់ គាត់បានចាប់ផ្តើមធ្វើការងារដោយដំបូង លោកស្រីបានដើរល្បាតព្រៃជាមួយសមាជិកដ៏ទៃទៀតដើម្បីពិនិត្យមើលក្រែងមានករណីកាប់ឈើល្មើសច្បាប់។ បន្ទាប់ពីល្បាតចប់ គាត់ចាប់ផ្តើមការងារសារពើភ័ណ្ឌព្រៃឈើ។
ស្ថិតក្នុងវ័យ ៥៥ឆ្នាំ គាត់បានសម្រេចចិត្តចូលរួមជាសមាជិកដោយស្ម័គ្រចិត្តចាប់តាំងពីដើមឆ្នាំ២០១២ មកម្ល៉េះ និង បានចូលរួមក្នុងសកម្មភាពការពារ និង អភិវឌ្ឍសហគមន៍ព្រៃឈើយ៉ាងសកម្ម។ សហគមន៍ព្រៃឈើភូមិត្រពាំងចាន់ មានផ្ទៃដីព្រៃសរុបចំនួនសរុប ២០១ហិកតា ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សាភ្ជាប់នឹងសកម្មភាព
ក្នុងនាមជាសមាជិករបស់សហគមន៍ព្រៃឈើ លោកស្រី សារិន បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនលើក ទាក់ទងនឹងការងារសហគមន៍ព្រៃឈើមានដូចជា វគ្គបណ្តុះបណ្តាលលើការកត់ត្រា ការប៉ាន់ប្រមាណធនធានសហគមន៍ព្រៃឈើដោយមានការចូលរួម វគ្គបណ្តុះបណ្តាលស្តីពីសារពើភ័ណ្ឌព្រៃសហគមន៍ និង ផ្នែកគំនិតជំនួញសហគមន៍ខ្នាតតូច និងសហគ្រិនជាដើម។
វគ្គបណ្តុះបណ្តាលទាំងនេះបានរៀបចំឡើង ដែលជាផ្នែកមួយរបស់គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ក្រោមជំនួយពី UNDP-GEF ដែលបានអនុវត្តដោយរដ្ឋបាលព្រៃឈើ និងផ្តល់សេវាកម្មដោយអង្គការរីខូហ្វ និង អង្គការម្លប់បៃតង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាការសហគមន៍ព្រៃឈើ និង ដៃគូពាក់ព័ន្ធនានា។ ក្នុងឆ្នាំ២០១៣ អង្គការរីខូហ្វ រួមជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន និង អង្គការម្លប់បៃតងបានសម្របសម្រួលវគ្គបណ្តុះបណ្តាលទីវាលចំនួន ៩១ ដង សម្រាប់សហគមន៍ព្រៃឈើទាំង ៣០ ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង កំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ១៨៤៥នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៣៧នាក់។ សមាសភាពអ្នកចូលរួមរួមមាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ ក្រុមប្រឹក្សាឃុំ និងមេភូមិជាដើម។
កត្តាជំរុញឲ្យលោកស្រី សារិន ចូលរួមយ៉ាងសកម្មក្នុងសហគមន៍ព្រៃឈើត្រពាំងចាន់
លោកស្រី សារិនបានលើកឡើងថា៖“ខ្ញុំបានចូលរួមក្នុងការងារសហគមន៍ព្រៃឈើ ពីព្រោះខ្ញុំស្រលាញ់ព្រៃឈើ និង សង្ឃឹមថាអាចការពារព្រៃឈើអោយនៅគង់វង្សបាន។ ព្រៃឈើមានសារសំខាន់ណាស់ ហើយជាក្តីសង្ឃឹមសម្រាប់ខ្ញុំ និង ប្រជាជនមូលដ្ឋានដ៏ទៃទៀតដែលអាស្រ័យផលពីព្រៃឈើ។ ព្រៃឈើជាប្រភពអាហារទ្រទ្រង់ដល់ជីវភាពរបស់សហគមន៍មូលដ្ឋាន”។ សហគមន៍ព្រៃឈើត្រពាំងចាន់ផ្តល់ប្រយោជន៍ដល់សមាជិកសហគមន៍ចំនួន ៤៤៣៥នាក់ មកពី ២៥៤គ្រួសារ។ ប្រភពចំណូលសំខាន់របស់ប្រជាជនភូមិត្រពាំងចាន់គឺបានមកពីសកម្មភាពកសិកម្ម និងគ្រួសារមួយចំនួនតូចមានអាជីវកម្មខ្នាតតូចនៅតាមផ្ទះ។ ដូច្នេះហើយប្រភពចំណូលមួយផ្សេងទៀតរបស់ប្រជាជនដែលបានមកពីការប្រមូលអនុផលព្រៃឈើ ដូចជាផ្សិតព្រៃ ផ្តៅ វល្លិ៍ និងផ្លែឈើព្រៃជាដើម មានសារៈសំខាន់ណាស់។
“នៅពេលដែលព្រៃឈើត្រូវបានការពារ រុក្ខជាតិវល្លិ៍ និង រុក្ខជាតិផ្សេងៗទៀតនឹងធំលូតលាស់ល្អ ហើយប្រជាជនអាចប្រមូលផល-អនុផលព្រៃឈើទាំងនោះទៅលក់នៅលើទីផ្សារ សម្រាប់ចំណូលបន្ថែម” ។ ប្រភពចំណូលសំខាន់មួយផ្នែករបស់គ្រួសារលោកស្រី សារិន ក៏ដូចជាគ្រួសារដ៌ទៃទៀតនៅក្នុងសហគមន៍ បានមកពីការលក់រុក្ខជាតិឱសថបុរាណដែលបានមកពីព្រៃសហគមន៍។
សារពើភ័ណ្ឌព្រៃសហគមន៍គឺជាការងារលំបាកមួយក្នុងចំណោមការងារផ្សេងៗទៀតក្នុងកំឡុងពេលរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។ សារពើភ័ណ្ឌសហគមន៍ព្រៃឈើទាមទារឲ្យសមាជិកសហគមន៍សិក្សានូវជំនាញថ្មីៗ ដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេស។ តាមរយៈវគ្គបណ្តុះបណ្តាលផ្សាភ្ជាប់នឹងសកម្មភាពរបស់គម្រោងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព បានជំរុញលោកស្រី សារិន ចូលរួមក្នុងការសិក្សាជំនាញ និងបច្ចេកទេសនានា ដែលជាតម្រូវការសម្រាប់ការធ្វើសារពើភ័ណ្ឌព្រៃ ហើយដែលគម្រោងនេះបានផ្តល់ ឱកាសដល់លោកស្រី និងសមាជិកដ៏ទៃទៀត យកមេរៀនក្នុងវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែង។
“នៅពេលចាប់ផ្តើម ២ ឬ ៣ថ្ងៃដំបូង អ្វីដែលខ្ញុំអាចធ្វើបាន គឺការកត់ត្រានូវឈ្មោះប្រភេទដើមឈើតែប៉ុណ្ណោះ។ តែក្រោមមក ខ្ញុំអាចជួយដល់សកម្មភាពដ៍ទៃទៀតក្នុងការធ្វើសារពើភ័ណ្ឌព្រៃជាមួយក្រុមការងារដូចជា៖ ការរៀបចំផែនការសារពើភ័ណ្ឌ ការកំណត់ឡួត៍សារពើភ័ណ្ឌ និង កំណត់ប្រភេទដើមឈើ។ ខ្ញុំក៏អាចបែងចែកប្រភេទធនធានព្រៃឈើដែលប្រជាជានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់គ្រួសារ និង ប្រើប្រាស់សម្រាប់បង្កើនចំណូលបន្ថែមបានផងដែរ។”
“ខ្ញុំបានអនុវត្តនៅទីវាលនូវអ្វីដែលខ្ញុំបានរៀនសូត្រពីវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលទាំងអស់បានផ្តល់នូវការអនុវត្តជាក់ស្តែងសម្រាប់ការងារសហគមន៍ព្រៃឈើ។ បច្ចុប្បន្នកិច្ចការងារសហគមន៍ព្រៃឈើដែលបុរសអាចធ្វើ ខ្ញុំក៍មានសមត្ថភាពធ្វើបានដូចជាភាគីបុរសដែរ”។
មុនពេលទទួលបានវគ្គបណ្តុះបណ្តាល លោកស្រីសារិន មានការព្រួយបារម្ភណ៍ថាគាត់មិនអាចធ្វើការងារបច្ចេកបានទេ ក្រៅពីការងារជាស្រ្តីមេផ្ទះដូចជា ការចម្អិនអាហារ និង ការងារផ្ទះសម្បែងដែលចាំបាច់តែប៉ុណ្ណោះ។
“បច្ចុប្បន្ន ខ្ញុំអាចមានលទ្ធភាពប្រើប្រាស់បច្ចេកទេសសារពើភ័ណ្ឌព្រៃសហគមន៍មានដូចជា ការវាស់វែងដើមឈើ ហើយខ្ញុំអាចយល់ច្បាស់អំពីស្ថានភាពរបស់សហគមន៍ព្រៃឈើ និងអនុផលព្រៃឈើក្នុងព្រៃសហគមន៍” ។
ការចូលរួមបស់គាត់ បានរួមចំណែកដល់ការសម្រេចសម្មិទ្ធិផលមួយចំនួនក្នុងសហគមន៍ព្រៃឈើត្រពាំងចាន់ ដូចជា ការបែងចែកព្រៃសហគមន៍ទៅជាប្លុកគ្រប់គ្រង ការតម្លើងស្លាកសញ្ញា និង ការងារសារពើភ័ណ្ឌ។ វត្តមានរបស់លោកកស្រី សារិន ក្នុងក្រុមការងារសារពើភ័ណ្ឌព្រៃសហគមន៍គឺបង្ហាញពីសារសំខាន់ និងភាពសកម្មក្នុងដំណើរការសារពើភ័ណ្ឌ ព្រមទាំងបានចូលរួមក្នុងដំណើរការសម្រេចចិត្តដែលមានឥទ្ធិពល ដល់ការសម្រេចទិសដៅក្នុងសហគមន៍ព្រៃឈើត្រពាំងចាន់ដូចជាការរៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈសម្រាប់គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។
ទន្ទឹមនឹងនេះដែរ លោកស្រី សារិន ក៍បានរៀបរាប់ពីបញ្ហាប្រឈមដែលគាត់បានជួបប្រទះក្នុងកំឡុងពេលបេសសកម្ម ជាពិសេសរបៀបដោះស្រាយបញ្ហាទាក់ទងនឹងសកម្មភាពល្មើសច្បាប់ក្នុងសហគមន៍ព្រៃឈើ។ នៅពេលប្រឈមនឹងករណីសកម្មភាពល្មើសច្បាប់ គាត់បានរាយការណ៍ករណីទៅកាន់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើដើម្បីស្វែងរកដំណោះស្រាយ។
ចំនួនការចូលរួមរបស់ស្រ្តីក្នុងការងារសហគមន៍ព្រៃឈើបានសង្កេតឃើញថាមានការកើនឡើង។ វគ្គបណ្តុះបណ្តាលរបស់គម្រោងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព បានផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់ស្រី្ត ដែលតួនាទីស្រ្តីត្រូវបានបញ្ចូលទៅក្នុងទស្សនទានរបស់និយ័តកម្មសហគមន៍ព្រៃឈើ និង ការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើដើម្បីធានាបាននូវសិទ្ធិក្នុងការទទួលបាន និង ប្រើប្រាស់ធនធានព្រៃឈើស្មើគ្នា។