គម្រោងឥណទានសហគមន៍ព្រៃឈើព្រៃក្បាលបីក្នុងខេត្តកំពង់ធំ បានជួយដល់ការស្តារព្រៃឈើស្របទៅតាមផែនការគ្រប់គ្រងព្រៃសហគមន៍
សហគមន៍ព្រៃឈើព្រៃក្បាលបីបានបង្កើតនៅឆ្នាំ ២០០១ ដែលគ្របដណ្តប់លើផ្ទៃដី ៧៦១ ហិកតា ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន សមាជិកសរុប ៥៣គ្រួសារ ដែលស្មើនឹងចំនួនមនុស្សសរុប ៣១០នាក់មកពីភូមិក្បាលបី។ ផ្ទៃដី សហគមន៍ជាង ១៥% ដែលស្មើនឹង ១១៨ ហិកតាជាប្រភេទព្រៃរេចរិល ហើយត្រូវបានចាត់ចូលក្នុងតំបន់ស្តារព្រៃឈើឡើង ដែលនេះជាអាទិភាពចម្បងមួយនៅក្នុងផែនការគ្រប់គ្រងព្រៃសហគមន៍។
គម្រោងឥណទានសហគមន៍ព្រៃឈើព្រៃក្បាលបីត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ក្រោមការសម្របសម្រួលរបស់គម្រោងបំរែបំរួលអាកាសធាតុ គាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្តល់ទុនចំនួន ២ លានរៀល និងមានសមាជិកចូលរួមសរុប ២៧នាក់។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០១៤ សហគមន៍ព្រៃឈើព្រៃក្បាលបីត្រូវបានជ្រើសរើសជាសហគមន៍គោលដៅមួយក្នុងចំណោម ៥ សហគមន៍ គោលដៅ ក្នុងខេត្ដកំពង់ធំ ក្នុងការសាកល្បង គម្រោងឥណទានសហគមន៍ព្រៃឈើ ដើម្បីគាំទ្រការអនុវត្ដន៍ផែនការគ្រប់គ្រងព្រៃសហគមន៍។ គម្រោងនេះបានផ្តល់មូលធិនិសម្រាប់ជាទុនបន្ថែមចំនួន ៤ លានរៀល ពីអង្គការ RECOFTC ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទតាមរយៈសហគមន៍ព្រៃឈើ(SFMRLE) ក្រោមជំនួយសហភាពអឺរ៉ុប (EU) ។
លោក ឃួន ម៉ុន ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលបី បានមានប្រសាសន៍ថា ក្រោយពីបានទទួលបានទុនបន្ថែមមក សហគមន៍បានកែប្រែលក្ខន្តិកៈដោយកំណត់នូវការវិភាជថវិកចំណូលពីឥណទាន ដើម្បីគាំទ្រការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ ដោយបែងចែងជា ៤ ចំណែក ៣៥% សម្រាប់គាំទ្រការអនុវត្ដន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលរួមមានការចុះល្បាតព្រៃ ធ្វើផ្លូវភ្លើង និងការដាំឈើឡើងវិញជាដើម ៣៥% សម្រាប់បង្កើនទុនឥណទាន ២០% ជាភាគលាភគណៈកម្មការ និង ១០% សម្រាប់ការចំណាយថ្លៃរដ្ឋបាល។ ធ្វើដូចនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ និងលើកទឹកចិត្តឲ្យមានការចូលរួមអនុវត្តន៍ផែនការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្ដរភាព។ ដោយទំហំទុនកើនឡើង ក្រុមឥណទានមានលទ្ធភាពបញ្ជូលសមាជិកបន្ថែមទៀតច្រើនជាងមុន ដោយបច្ចុប្បន្នក្រុមឥណទានមានសមាជិករហូតដល់ ៥០ គ្រួសារ ស្មើនឹង ៩៤% នៃសមាជិកសហគមន៍ព្រៃឈើ ។
គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងគណៈកម្មកាក្រុមឥណទានមានគោលដៅចង់ពង្រីកទុនឥណទានឲ្យបានច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់សមាជិក និង បង្កើនសកម្មភាពអភិវឌ្ឍសហគមន៍ព្រៃឈើ ពួកគាត់យល់ឃើញថា នៅពេលដែលទុនឥណទានកើនឡើង ចំណូលពីការប្រាក់កាន់តែច្រើន ដូចនេះគេអាចអនុវត្តផែនគ្រប់គ្រងសហគមន៍ព្រៃឈើកាន់តែច្រើន កាត់បន្ថយការពឹងអាស្រ័យនូវជំនួយពីខាងក្រៅ។
ក្នុងឆ្នាំ២០១៥ គិតមកត្រឹមខែកក្កដា ក្រុមឥណទានបានផ្ទេរប្រាក់ចំណូលពីការប្រាក់ ៣៥% ដែលស្មើនឹង ៣១៦.៤០០រៀល ទៅឲ្យគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីប្រើប្រាស់ក្នុងការអនុវត្តផែនការគ្រប់គ្រង។ ជាក់ស្តែងនៅខែកក្កដា ឆ្នាំ២០១៥ សហគមន៍ព្រៃក្បាលបីសម្រេចដាំកូនឈើបាន ៧៣៧ ដើមដែលមានប្រភេទឈើគគី កកោះ និង អាកាស្យា នៅលើផ្ទៃដី ០,៥ហិកតា ដោយប្រើប្រាស់ថវិកាសរុបអស់ ១៥២.០០០ រៀលដែលជាចំណូល ពីការអនុវត្តគម្រោងឥណទានសហគមន៍ព្រៃឈើ។
បន្ថែមពីលើនេះទៀតសហគមន៍ក៏បានចំណាយទៅលើការធ្វើផ្លូវភ្លើង នៅខែមិថុនា ២០១៥ បានប្រវែង ទទឹង ៤ម និងបណ្ដោយ ១២០០ម និងសំអាត ផ្លូវភ្លើងបានប្រវែង ទទឹង ៤ម និងបណ្ដោយ ១២០០ម តាមតំបន់ព្រំប្រទល់ និងនៅក្នុងព្រៃសហគមន៍ ដោយចំណាយប្រាក់អស់ ៨៩៨០០រៀល។ ហើយថវិការចំនួន ៧៤៦០០៛ គ.គ.ស បានដកយកមកប្រើប្រាស់ ក្នុងការល្បាតព្រៃជាប្រចាំ។
លោក អ៊ុល កេប ប្រធានគណៈកម្មការឥណទានបានមានប្រសាសន៍ថាមកដល់ពេលនេះទុនឥណទានសហគមន៍បានកើនដល់ជាង ៩លានរៀល រួមមានប្រាក់ដើមពីម្ចាស់ជំនួយទាំង២ខាងលើ ចំនួន៦លានរៀល និងប្រាក់សន្សំ ការប្រាក់បង្កើនទុនជាង៣លានរៀលទៀត។