សហគ្រាសតាមសហគមន៍៖ ទាញប្រយោជន៍ពីព្រៃឈើ ដើម្បីការពារព្រៃឈើ
ព្រៃឈើ គឺជាកន្លែងអាស្រ័យផលរបស់ប្រជាជនដែលរស់នៅក្នុងសហគមន៍ព្រៃឈើរបស់កម្ពុជា។ ការបោចវល្លិ៍ កាប់ឬស្សី និងការបេះឃ្មុំ គឺជាមុខរបរពេញនិយម។ ប្រជាជននៅតាមសហគមន៍ខ្លះបានរួមគ្នាជាក្រុមតូចៗបង្កើតជាសហគ្រាសដើម្បីទាញយកប្រយោជន៍ពីព្រៃឈើនៅក្បែរភូមិឋានរបស់ពួកគេ។ ការចងក្រងជាសហគ្រាសនេះ មិនត្រឹមតែផ្ដល់ចំណូលដល់ប្រជាជនឡើយ តែក៏ជួយការពារព្រៃឈើជាប្រភពនៃការងារផង។
ជាទូទៅ មនុស្សនឹងធ្វើសកម្មភាពអ្វី ជាមួយនឹងក្ដីសង្ឃឹមថា នឹងទទួលបានប្រយោជន៍មកវិញ។ វាជារឿងដូចគ្នាដែរសម្រាប់ការងារអភិរក្សព្រៃឈើដែរ គឺប្រជាជនដែលរស់នៅតាមសហគមន៍ព្រៃឈើ នឹងជួយការពារសម្បត្តិធម្មជាតិនេះ បើពួកគេអាចទាញយកប្រយោជន៍ពីវាបាន។ ព្រៃឈើតាមដែលសហគមន៍តាំងនៅនោះ គឺជាប្រភពចំណូលរបស់ពួកគេ និងជាការលើកទឹកចិត្តឲ្យពួកគេចូលរួមសកម្មភាពអភិរក្សផង។
សហគ្រាសតាមសហគមន៍៖ ទាញប្រយោជន៍ពីព្រៃឈើ ដើម្បីការពារព្រៃឈើវិញ
សហគ្រាសក្នុងសហគមន៍ព្រៃឈើ មានឥទ្ធិពលជាវិជ្ជមានក្នុងការអភិរក្សព្រៃឈើ។ រដ្ឋាភិបាលកម្ពុជាមាននយោបាយលើកទឹកចិត្តប្រជាជនមិនថាប្រុសឬស្រីរស់នៅក្នុង និងនៅក្បែរតំបន់ព្រៃ ចូលរួមប្រើប្រាស់ ថែរក្សាព្រៃឈើតាមរយៈការបង្កើតសហគមន៍ព្រៃឈើ។ លោក ឡុង រត្តនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងនេសាទនៃរដ្ឋបាលព្រៃឈើ និយាយថា សហគមន៍ព្រៃឈើ មិនត្រឹមគ្រប់គ្រងថែរក្សាព្រៃឈើតាមលក្ខណៈប្រពៃណីឡើយ តែក៏អាចដកហូតធនធានទៅលក់ទីផ្សារដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កុមារ លើកឡើងថា ប្រជាជនរស់នៅសហគមន៍អាចបង្កើតសហគ្រាសខ្នាតតូច មធ្យម ឬអាជីវកម្មព្រៃឈើដើម្បីទាញយកប្រយោជន៍ព្រៃឈើនោះ។ ប៉ុន្តែលោកក៏បញ្ជាក់ដែរថា ក្នុងចំណោមសហគមន៍៦១០ ទូទាំងប្រទេស មិនទាន់មានអាជីវកម្មធំដូចជាឈើហ៊ុបនៅឡើយ តែមានការប្រមូលត្រឹមអនុផលព្រៃឈើដូចជាជ័រទឹក ឬទឹកឃ្មុំប៉ុណ្ណោះ។ សម្រាប់លោក កុមារ ការដកហូតប្រយោជន៍នេះ ក៏ជួយដល់ការការពារព្រៃឈើវិញដែរ។
មន្ត្រីរដ្ឋបាលព្រៃឈើបានលើកឧទាហរណ៍ពីការបង្កើតក្រុមសន្សំប្រាក់នៅសហគមន៍ព្រៃក្បាលបីក្នុងខេត្តកំពង់ធំ។ បើតាមមន្ត្រីរូបនេះ ប្រជាជនក្នុងសហគមន៍ព្រៃក្បាលបីបានចងក្រងជាក្រុមឥណទានសន្សំប្រាក់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។ ថវិកាសឹង៥០ភាគរយរួមចំណែកក្នុងការការពារព្រៃឈើ។ ប្រាក់មួយចំនួនក្លាយជាកម្ចីរបស់ប្រជាជនដើម្បីប្រមូលផលព្រៃឈើ ហើយប្រជាជនក៏បង់ប្រាក់ខ្លះទៅសហគមន៍ដើម្បីការពារព្រៃឈើដែលពួកគេអាស្រ័យផលវិញ។
ដូចលោក កុមារ ដែរ លោកស្រី លី សុគន្ធា មន្ត្រីនៃអង្គការមូលនិធិសត្វព្រៃពិភពលោកនៅកម្ពុជាអះអាងថា ឥណទានព្រៃឈើក្នុងសហគមន៍បានផ្ដល់ប្រាក់កម្ចីឲ្យប្រជាជនដើម្បីប្រកបរបរចិញ្ចឹមជីវិត ឯការប្រាក់ដែលបានពីការផ្ដល់កម្ចីនេះ ត្រូវបានគណៈកម្មការសហគមន៍រំលែកមួយចំណែកទៅជួយកិច្ចការក្នុងសហគមន៍ដូចជាចុះល្បាតព្រៃឈើដែលសមាជិកធ្វើការដោយស្ម័គ្រចិន។
ជុំវិញសហគ្រាសក្នុងសហគមន៍ព្រៃឈើនេះដែរ លោក ជូ ផានិត សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា សហគ្រាសក្នុងសហគមន៍ដែលមានស្ត្រីចូលរួមនោះ ពិតជាសំខាន់សម្រាប់ព្រៃឈើ។ លោកពន្យល់ថា សហគ្រាសបែបនេះ ជាប់ទាក់ទងនឹងអាជីវកម្មធនធានអនុផលព្រៃឈើដោយនិរន្តរភាព និងជាសហគ្រាសសង្គម ព្រោះវាបានផ្ដល់ប្រយោជន៍ដល់សហគមន៍ជាច្រើនយ៉ាង។
ដោយសំដៅដល់សហគ្រាសតាមសហគមន៍នានា អ្នកជំនាញផ្នែកសេដ្ឋកិច្ចបរិស្ថានរូបនេះបានប្រាប់អ្នកសារព័ត៌មានថ្មីៗថា បើប្រជាជនអាចរកលុយបានពីព្រៃឈើ ពួកគេនឹងមានគំនិតចង់ការពារព្រៃឈើ ប៉ុន្តែបើមិនអាចទទួលបានប្រយោជន៍អ្វីទេនោះ គំនិតចុងក្រោយ គឺពួកគេនឹងងាកទៅកាប់ព្រៃឈើមិនខាន។ សម្រាប់សាស្ត្រាចារ្យរូបនេះ បើចង់ការពារព្រៃឈើ ត្រូវចិញ្ចឹមប្រជាជនឲ្យរស់នៅស្រួលតាមរយៈព្រៃឈើ នោះពួកគេនឹងការពារព្រៃឈើឯកឯង។
យ៉ាងណាមិញ លោក ផានិត បានលើកឡើងពីបញ្ហាប្រឈមសម្រាប់សហគ្រាសតូចនៅតាមសហគមន៍ទាំងនេះ ជាពិសេសបច្ចេកទេស និងទីផ្សារតែម្ដង។ លោកសង្កត់ធ្ងន់ថា ប្រជាជនសហគមន៍អាចទាញយកអនុផលព្រៃឈើជាច្រើមុខដូចជាឃ្មុំ ឬុស្សី ផ្លែឈើព្រៃ ស្លឹកព្រេចដែលអាចដកហូតប្រយោជន៍បានដោយយូរផង ប៉ុន្តែដោយសារនៅឆ្ងាយពីទីផ្សារផង គួបផ្សំស្ថានភាពផ្លូវខ្លះមិនល្អផង ធ្វើឲ្យពួកគេពិបាកលក់ផលិតផលទាំងនោះ។
តួនាទីស្ត្រីក្នុងការពារព្រៃឈើ
ស្ត្រីដែលជាកម្លាំងសំខាន់មួយក្នុងសហគមន៍ បានចូលរួមយ៉ាងសកម្មក្នុងសហគ្រាសតូចៗនានារបស់សហគមន៍ពួកគេ និងការអភិរក្សព្រៃឈើផង។ អ្នកស្រី លី សុគន្ធា ប្រធានកម្មវិធីដៃគូសម្រាប់ព្រៃឈើ និងនេសាទ នៃអង្គការមូលនិធិសត្វព្រៃពិភពលោកនៅកម្ពុជា បញ្ជាក់ថា ស្ត្រីបានរួមចំណែកជាវិជ្ជមានក្នុងកិច្ចការពារព្រៃឈើនេះ ទោះជាក្នុងពេលបច្ចុប្បន្ននេះ ការចូលរួមរបស់ស្ត្រីនៅមិនទាន់មានកម្រិតច្រើនដូចបុរសក្ដី។
ស្រដៀងគ្នានេះ លោក ផានិត ក៏បន្ថែមទៀតថា ការចូលរួមរបស់ស្ត្រីក្នុងកិច្ចការពារព្រៃឈើ ពិតជាសំខាន់។ លោកមើលឃើញថា ស្ត្រីមានឥទ្ធិពលលើស្វាមី ហើយស្ត្រីគិតវែងឆ្ងាយជាងស្វាមីខ្លួន តាមរយៈការគិតគូររយៈពេលវែងលើការប្រើប្រាស់ធនធានព្រៃឈើ គឺបើប្រើថ្ងៃនេះ ពួកគេបានគិតដល់ថ្ងៃក្រោយថាមានសល់អ្វីទៅហើយ។
តាមពិតទៅ ក្នុងការងារអភិរក្សព្រៃឈើនេះ ស្ត្រីបានចូលរួមដោយផ្ទាល់ និងមិនផ្ទាល់។ ក្នុងការចូលរួមដោយផ្ទាល់ ស្ត្រីបានចូលរួមក្នុងការល្បាតព្រៃឈើក្នុងសហគមន៍ពួកគេ ហើយថែមទាំងមានប្រសិទ្ធភាពផង។ ត្រង់ចំណុចនេះ ទាំងលោក កុមារ ទាំងអ្នកស្រី សុគន្ធា លើកឡើងដូចគ្នាថា ពេលស្ត្រីចូលរួមល្បាត បទល្មើសហាក់ថយចុះ ព្រោះម្យ៉ាងជនល្មើសស្ដាប់ស្ត្រីជាងបុរស ហើយម្យ៉ាងស្ត្រីមានយុទ្ធសាស្ត្រនិយាយផង។
នៅកម្រិតសហគមន៍ ឬខ្ពស់ជាងនេះវិញ ស្ត្រីបានចូលរួមក្នុងការសម្រេចចិត្តច្រើនដែរតាមរយៈការឈឈរឈ្មោះក្នុងគណៈកម្មការសហគមន៍ដែលគ្រប់គ្រងព្រៃឈើ។ ដល់ត្រឹមនេះ លោក រត្តនៈកុមារ និយាយថា រដ្ឋបាលព្រៃឈើ ជំរុញឲ្យស្ត្រីចូលរួមក្នុងការជ្រើសរើសគណៈកម្មការសហគមន៍ មានគោលការណ៍ស្ត្រីម្នាក់ជាអនុប្រធានតែម្ដង សំដៅធ្វើយ៉ាងណាលើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងកិច្ចការពារព្រៃឈើឲ្យបានគ្រប់កម្រិតមិនមែននៅត្រឹមតែក្នុងរង្វង់គ្រួសារឡើយ។
ទន្ទឹមនឹងគ្នានេះ គេក៏ឃើញមានបញ្ហាប្រឈមខ្លះសម្រាប់ស្ត្រីដែរ។ បញ្ហាធំជាងគេ គឺកាយសម្បទារបស់ស្ត្រីដែលទន់ខ្សោយ មិនអំណោយផលដល់ការចូលរួមដោយផ្ទាល់ដូចជាការល្បាតក្នុងព្រៃឡើយ។ ដោយឡែក ច្បាប់ទម្លាប់ និងការយល់ឃើញអវិជ្ជមានចំពោះស្ត្រីនៅក្នុងសហគមន៍ក៏នៅមាននៅឡើយដូចជា ស្ត្រីគួរនៅផ្ទះចិញ្ចឹមគ្រួសារ និងមិនគួរចូលព្រៃដូចបុរសនោះទេ។ ទោះមានបញ្ហាប្រឈមបែបនេះ លោក កុមារ បានលើកសរសើរស្ត្រីថា មានឆន្ទៈខ្ពស់ជាងបុរស៕
This article was originally published by the Thmey Thmey and can be found at https://thmeythmey.com/?page=detail&id=68463