RECOFTC Cambodia
บทความ

គម្រោង​ឥណទាន​សហគមន៍​ព្រៃឈើ​ព្រៃ​ក្បាល​បី​ក្នុង​ខេត្ត​កំពង់ធំ បាន​ជួយ​ដល់​ការ​ស្តារ​ព្រៃឈើ​ស្រប​ទៅ​តាម​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍

17 July 2016
ឆេង ចាន់នី
Stories of Change
ការស្តារព្រៃឈើរបស់សហគមន៍ព្រៃឈើក្បាលបី

សហគមន៍ព្រៃឈើព្រៃក្បាលបីបានបង្កើត​នៅ​​​​​​​ឆ្នាំ​ ២០០១​​ ដែលគ្របដណ្តប់លើផ្ទៃដី ៧៦១ ហិកតា ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ​ ដែលមាន សមាជិកសរុប​​ ៥៣គ្រួសារ ដែលស្មើនឹងចំនួនមនុស្សសរុប ​៣១០នាក់មកពីភូមិក្បាលបី។ ​ ​ផ្ទៃដី សហគមន៍ជាង ១៥%​ ដែលស្មើនឹង ១១៨ ហិកតាជាប្រភេទព្រៃរេចរិល ហើយត្រូវបានចាត់ចូលក្នុងតំបន់ស្តារព្រៃឈើឡើង ដែលនេះជាអាទិភាពចម្បងមួយនៅក្នុងផែនការគ្រប់គ្រងព្រៃសហគមន៍។
គម្រោងឥណទានសហគមន៍ព្រៃឈើព្រៃក្បាលបីត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ក្រោមការសម្របសម្រួលរបស់គម្រោងបំរែបំរួលអាកាសធាតុ គាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្តល់ទុនចំនួន ២ លានរៀល និងមានសមាជិកចូលរួមសរុប ២៧នាក់។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០១៤ សហគមន៍ព្រៃឈើព្រៃក្បាលបីត្រូវបានជ្រើសរើសជាសហគមន៍គោលដៅមួយក្នុងចំណោម ៥ សហគមន៍ គោលដៅ ក្នុងខេត្ដកំពង់ធំ ក្នុងការសាកល្បង គម្រោងឥណទានសហគមន៍ព្រៃឈើ ដើម្បីគាំទ្រការអនុវត្ដន៍ផែនការគ្រប់គ្រងព្រៃសហគមន៍។ គម្រោងនេះបានផ្តល់មូលធិនិសម្រាប់ជាទុនបន្ថែមចំនួន ៤ ​លានរៀល ពីអង្គការ RECOFTC  ដែល​ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់​របរចិញ្ចឹមជីវិតនៅជនបទតាមរយៈសហគមន៍ព្រៃឈើ(SFMRLE) ក្រោមជំនួយសហភាពអឺរ៉ុប (EU) ។

លោក ឃួន ម៉ុន ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលបី បានមានប្រសាសន៍ថា ក្រោយពីបានទទួលបានទុនបន្ថែមមក សហគមន៍បានកែប្រែលក្ខន្តិកៈដោយកំណត់នូវការវិភាជថវិកចំណូល​​ពីឥណទាន ដើម្បីគាំទ្រការអនុវត្តផែន​ការគ្រប់គ្រង​ព្រៃ​​​សហគមន៍ ដោយបែងចែងជា ៤ ​ចំណែក ៣៥% សម្រាប់គាំទ្រការអនុវត្ដន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលរួមមានការចុះល្បាតព្រៃ ធ្វើផ្លូវភ្លើង និងការដាំឈើឡើងវិញជាដើម ៣៥% សម្រាប់បង្កើនទុនឥណទាន ២០% ជាភាគលាភគណៈកម្មការ និង​ ១០% សម្រាប់ការចំណាយថ្លៃរដ្ឋបាល​។​ ធ្វើដូចនេះ គឺក្នុងគោលបំណង​​ ដើម្បីពង្រឹង​ស្ថាប័នសហគមន៍​​ព្រៃឈើ និងលើកទឹកចិត្តឲ្យមានការចូលរួមអនុវត្តន៍ផែនការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្ដរភាព។ ដោយ​​​ទំហំទុនកើនឡើង ក្រុមឥណទានមានលទ្ធភាពបញ្ជូលសមាជិកបន្ថែមទៀតច្រើនជាងមុន ដោយបច្ចុប្បន្នក្រុមឥណទានមានសមាជិករហូតដល់ ៥០ គ្រួសារ ស្មើនឹង ៩៤% នៃសមាជិកសហគមន៍ព្រៃឈើ ។

សហគមន៍ចូលរួមដាំដើមឈើដើម្បីស្តារព្រៃសហគមន៍
សមាជិកសហគមន៍ចូលរួមដាំដើមឈើ ដើម្បីស្តារព្រៃឈើ 

គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងគណៈកម្មកាក្រុមឥណទានមានគោលដៅចង់ពង្រីកទុនឥណទានឲ្យបានច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់សមាជិក និង បង្កើនសកម្មភាពអភិវឌ្ឍសហគមន៍ព្រៃឈើ ពួកគាត់យល់ឃើញថា នៅពេលដែលទុនឥណទានកើនឡើង ចំណូលពីការប្រាក់កាន់តែច្រើន ដូចនេះគេអាចអនុវត្តផែនគ្រប់គ្រងសហគមន៍ព្រៃឈើកាន់តែច្រើន កាត់បន្ថយការពឹងអាស្រ័យនូវជំនួយពីខាងក្រៅ។ 

ក្នុងឆ្នាំ២០១៥​ គិតមកត្រឹមខែកក្កដា ​ក្រុមឥណទានបានផ្ទេរប្រាក់ចំណូលពីការប្រាក់ ៣៥% ដែលស្មើនឹង ៣១៦.៤០០រៀល ទៅឲ្យគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីប្រើប្រាស់ក្នុងការអនុវត្តផែនការគ្រប់គ្រង។ ជាក់ស្តែងនៅខែកក្កដា ឆ្នាំ២០១៥ សហគមន៍ព្រៃក្បាលបីសម្រេចដាំកូនឈើបាន ៧៣៧ ដើមដែលមានប្រភេទឈើគគី កកោះ និង អាកាស្យា នៅលើផ្ទៃដី ០,៥ហិកតា ដោយប្រើប្រាស់ថវិកាសរុបអស់ ១៥២.០០០ រៀលដែលជាចំណូល ពីការអនុវត្តគម្រោងឥណទានសហគមន៍ព្រៃឈើ។

បន្ថែមពីលើនេះទៀតសហគមន៍ក៏បានចំណាយទៅលើការធ្វើផ្លូវភ្លើង នៅខែមិថុនា ២០១៥ បានប្រវែង ទទឹង ៤ម និងបណ្ដោយ ១២០០ម និងសំអាត ផ្លូវភ្លើងបានប្រវែង ទទឹង ៤ម និងបណ្ដោយ ១២០០ម តាម​តំបន់ព្រំប្រទល់ និងនៅក្នុងព្រៃសហគមន៍ ដោយចំណាយប្រាក់អស់ ៨៩៨០០រៀល។ ហើយ​ថវិការចំនួន ៧៤៦០០៛ គ.គ.ស​ បានដកយកមកប្រើប្រាស់ ក្នុងការល្បាតព្រៃជាប្រចាំ។
លោក អ៊ុល កេប ប្រធានគណៈកម្មការឥណទានបានមានប្រសាសន៍ថាមកដល់ពេលនេះទុនឥណទានសហគមន៍បានកើនដល់ជាង ៩លានរៀល រួមមានប្រាក់ដើមពីម្ចាស់ជំនួយទាំង២ខាងលើ ចំនួន៦លានរៀល និងប្រាក់សន្សំ ការប្រាក់បង្កើនទុនជាង៣លានរៀលទៀត។