RECOFTC
V4MF

ការស្វែងយល់ពី​អភិបាលកិច្ច និង​សមម៌នៅ​​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ដោយ​ប្រើ​វិធី​សាស្រ្ត​SAGE

សិក្ខាសាលាសាកល្បងការ​វាយតម្លៃអភិបាលកិច្ច និង​សមភាព​នៅ​ទីវាល (SAGE) នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគីរី បង្ហាញ​ពី​​ការ​យល់​ឃើ​ញ​ផ្សេងៗ​គ្នា​​របស់​​ក្រុម​អ្នក​ពាក់ព័ន្ធ​លើ​​ការងារ​គ្រប់គ្រង​​ដែន​​ជម្រក​សត្វ​ព្រៃ​កែវសីមា ដែល​​អាច​យក​​ជា​ព័ត៌មាន​ក្នុង​​ការ​​បង្កើន​​ប្រសិទ្ធិ​ភាព​​ការ​​គ្រប់គ្រង​​ឲ្យ​​កាន់​តែ​​ប្រសើរ​​។
ការពិភាក្សាក្រុមរបស់​អ្នកពាក់ព័ន្ធ​លើ​គោលការណ៍អភិបាលកិច្ច និងសមធម៌

ក្នុងថ្ងៃទី ២៦ និង​២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩ កន្លងទៅនេះ រីខូហ្វបានរៀបចំ​សិក្ខាសាលា​ ការវាយតម្លៃអភិបាលកិច្ច និងសមភាពនៅទីវាល (SAGE) សម្រាប់​តំបន់ការពារ និងអភិរក្ស នៅ​ដែន​ជម្រកសត្វព្រៃកែវសីមា ខេត្ត​មណ្ឌលគីរី ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​សំខាន់ៗ​រួមមាន មន្រ្តីមកពីក្រសួងបរិស្ថានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (មន្ទីរបរិស្ថាន នាយកដែន) អង្គការនានា​ដែលកំពុង​អនុវត្ត​ការងារ​ក្នុង​ដែលជម្រកសត្វព្រៃសីមា អាជ្ញាធរ​មូលដ្ឋាន និងសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃសីមា ចំនួន២៣នាក់ (ស្រ្តី ១០នាក់)។

ការវាយតម្លៃនេះ ​បាន​ជួយឲ្យយើងទាំងអស់គ្នាដែល​ជា​អ្នក​ពាក់ព័ន្ធ ឃើញពី​គម្លាត​នៃ​ការ​យល់​ឃើ​ញលើ​ការងារគ្រប់គ្រងដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា នេះជាសំដី លោក ហាស់ វិបុល នាយ​ក​ដែន​ជម្រកសត្វព្រៃកែវសីមា ប្រចាំខេត្តក្រចេះ។

សិក្ខាសាលាSAGE

គោលការណ៍​អភិបាលកិច្ចចំនួន ៧ ត្រូវបានអ្នកចូលរួមធ្វើការពិភាក្សារួមមាន៖ ការចូលរួម ការគោរពសិទ្ធិ កិច្ចសហការ ការបែងចែក ផលប្រយោជន៍ ការ​ពង្រឹងការអនុវត្តច្បាប់ តម្លាភាព និងការគោរពតួអង្គ។ ក្នុងនោះ​ពិន្ទុ​ដែល​បានមាន​គម្លាតគ្នាខ្លាំង រវាង ក្រុម អ្នកពាក់ព័ន្ធគឺ​លើគោលការណ៍នៃ​ការគោរពសិទ្ធិ និង​ការពង្រឹងការអនុវត្តច្បាប់។

លោកស្រី Jemma Bullock ប្រធានគម្រោង Elephant Valley ក្នុងខេត្តមណ្ឌលគីរី បាន​មានប្រសាសន៍ថា “ខ្ញុំរង់ចាំ​អាន​លទ្ធផល​ដែល​ទទួល​បាន​ពីការវាយតម្លៃនេះ ព្រោះខ្ញុំគិត​ថា​តាមរយៈវិធីសាស្រ្តនេះ​យើង​អាច​យល់​ពីចំណុចខ្វះខាតពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច និងសមភាព ​ដែល​មាន​ក្នុងការគ្រប់គ្រងតំបន់ការពារពី​ក្រុម​អ្នក​ពាក់​ព័ន្ធផ្សេងគ្នាៗ ក៏ដូច​សកម្មភាព​ដែល​អាច​ពង្រឹង​អភិបាលកិច្ច និងសមភាពនាពេល​អនាគត

​ អ្នក​ចូលរួម​បាន​ផ្តល់​នូវ​ឧទាហរណ៌ជាក់ស្តែង​ ដែល​កើតមានឡើងជាក់ស្តែង​ទៅតាមបទពិសោធន៍​ការងារ​របស់​ពួក​គេ ដើម្បី​គាំទ្រ​ដល់​ការដាក់ពិន្ទុរបស់ខ្លួន និង​ផ្តល់​ជា​អនុសាសន៍ និង​សកម្មភាព​ដើម្បីពង្រឹង​អភិបាល​កិច្ច និងសមធម៌សម្រាប់​ការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស និង​អភិវឌ្ឍន៍ដែនជម្រកសត្វព្រៃនាពេល​អនាគត។ ​

ការ​ពិភាក្សាក្រុម​របស់​អ្នកពាក់ព័ន្ធ​លើ​គោលការណ៍ទាំង៧របស់​អភិបាលកិច្ច

លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា យើងសង្ឃឹម​ថា​ វិធីសាស្រ្តវាយតម្លៃ​អភិបាល​កិច្ច និង​សមភាព​នៅ​ទីវាល (SAGE) សម្រាប់​តំបន់​​ការពារ​ធម្មជាតិ និង​អភិរក្ស​ដែល​​បាន​អនុវត្ត​​ក្នុង​រយៈពេល​​២​ថ្ងៃ​នេះ ផ្តល់​ជា​​ប្រយោជន៍ និង​​ទទួល​ការ​​ចាប់​អារម្មណ៍ពី​អ្នកពាក់ព័ន្ធ​ក្នុង​​ការ​​យក​​ទៅប្រើប្រាស់​ដើម្បី​​ពិនិត្យ និង​តាមដាន​​អភិបាល​កិច្ច និង​សមធម៌​​ក្នុង​​ការ​​គ្រប់គ្រង​នៅ​តំបន់​ផ្សេងៗ​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​មាន​​និរន្តរភាព​។​ វិធី​សាស្រ្តនេះ​ក៏បាន​​ទទួល​នូវ​ព័ត៌មាន​​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​​ក្នុង​ការ​រៀបចំ​ផែនការ​កសាងសមត្ថភាព​ដល់​អ្នក​ពាក់ព័ន្ធផងដែរ”។

វិធីសាស្រ្តនេះ​ នឹង​ធ្វើការកែសម្រួលចុងក្រោយ​នាដើមឆ្នាំ ២០២០ នេះ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ពី​ការសាកល្បង​នៅ​ប្រទេសកម្ពុជា និង​ប្រទេសចំនួន១០ផ្សេងទៀត។ គួរ​រំលឹក​ផងដែរ​ថា វិធីសាស្រ្តនៃការ​វាយតម្លៃអភិបាល​កិច្ច និងសមធម៌នេះ មាន​លក្ខណៈពិសេស​ដោយវា​ប្រើរយៈពេល​ខ្លី និងជាវិធីសាស្រ្តដែលមាន​ការចូលរួម ដូចនេះអ្នកពាក់ព័ន្ធទាំងក្នុងកម្រិតតំបន់ការពារធម្មជាតិ និង​កម្រិតជាតិ​អាច​ទទួល​បាន​ព័ត៌មានពីភាពខ្លាំងនិងខ្សោយនៃអភិបាលកិច្ច និងលើកជាសកម្មភាពសម្រាប់ដោះស្រាយបញ្ហាដែលបាន​រកឃើញ ដើម្បីជួយធ្វើ​អន្តរាគមន៌​លើការគ្រប់គ្រង និងការធ្វើរបាយការណ៍។