ការស្វែងយល់ពីអភិបាលកិច្ច និងសមម៌នៅដែនជម្រកសត្វព្រៃកែវសីមា ដោយប្រើវិធីសាស្រ្តSAGE
ក្នុងថ្ងៃទី ២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ រីខូហ្វបានរៀបចំសិក្ខាសាលា ការវាយតម្លៃអភិបាលកិច្ច និងសមភាពនៅទីវាល (SAGE) សម្រាប់តំបន់ការពារ និងអភិរក្ស នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន មន្រ្តីមកពីក្រសួងបរិស្ថានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (មន្ទីរបរិស្ថាន នាយកដែន) អង្គការនានាដែលកំពុងអនុវត្តការងារក្នុងដែលជម្រកសត្វព្រៃសីមា អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃសីមា ចំនួន២៣នាក់ (ស្រ្តី ១០នាក់)។
“ការវាយតម្លៃនេះ បានជួយឲ្យយើងទាំងអស់គ្នាដែលជាអ្នកពាក់ព័ន្ធ ឃើញពីគម្លាតនៃការយល់ឃើញលើការងារគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា” នេះជាសំដី លោក ហាស់ វិបុល នាយកដែនជម្រកសត្វព្រៃកែវសីមា ប្រចាំខេត្តក្រចេះ។
គោលការណ៍អភិបាលកិច្ចចំនួន ៧ ត្រូវបានអ្នកចូលរួមធ្វើការពិភាក្សារួមមាន៖ ការចូលរួម ការគោរពសិទ្ធិ កិច្ចសហការ ការបែងចែក ផលប្រយោជន៍ ការពង្រឹងការអនុវត្តច្បាប់ តម្លាភាព និងការគោរពតួអង្គ។ ក្នុងនោះពិន្ទុដែលបានមានគម្លាតគ្នាខ្លាំង រវាង ក្រុម អ្នកពាក់ព័ន្ធគឺលើគោលការណ៍នៃការគោរពសិទ្ធិ និងការពង្រឹងការអនុវត្តច្បាប់។
លោកស្រី Jemma Bullock ប្រធានគម្រោង Elephant Valley ក្នុងខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា “ខ្ញុំរង់ចាំអានលទ្ធផលដែលទទួលបានពីការវាយតម្លៃនេះ ព្រោះខ្ញុំគិតថាតាមរយៈវិធីសាស្រ្តនេះយើងអាចយល់ពីចំណុចខ្វះខាតពាក់ព័ន្ធនឹងអភិបាលកិច្ច និងសមភាព ដែលមានក្នុងការគ្រប់គ្រងតំបន់ការពារពីក្រុមអ្នកពាក់ព័ន្ធផ្សេងគ្នាៗ ក៏ដូចសកម្មភាពដែលអាចពង្រឹងអភិបាលកិច្ច និងសមភាពនាពេលអនាគត”។
អ្នកចូលរួមបានផ្តល់នូវឧទាហរណ៌ជាក់ស្តែង ដែលកើតមានឡើងជាក់ស្តែងទៅតាមបទពិសោធន៍ការងាររបស់ពួកគេ ដើម្បីគាំទ្រដល់ការដាក់ពិន្ទុរបស់ខ្លួន និងផ្តល់ជាអនុសាសន៍ និងសកម្មភាពដើម្បីពង្រឹងអភិបាលកិច្ច និងសមធម៌សម្រាប់ការងារពាក់ព័ន្ធនឹងការអភិរក្ស និងអភិវឌ្ឍន៍ដែនជម្រកសត្វព្រៃនាពេលអនាគត។
លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងសង្ឃឹមថា វិធីសាស្រ្តវាយតម្លៃអភិបាលកិច្ច និងសមភាពនៅទីវាល (SAGE) សម្រាប់តំបន់ការពារធម្មជាតិ និងអភិរក្សដែលបានអនុវត្តក្នុងរយៈពេល២ថ្ងៃនេះ ផ្តល់ជាប្រយោជន៍ និងទទួលការចាប់អារម្មណ៍ពីអ្នកពាក់ព័ន្ធក្នុងការយកទៅប្រើប្រាស់ដើម្បីពិនិត្យ និងតាមដានអភិបាលកិច្ច និងសមធម៌ក្នុងការគ្រប់គ្រងនៅតំបន់ផ្សេងៗទៀត ដើម្បីឈានទៅដល់ការគ្រប់គ្រងព្រៃឈើដោយមាននិរន្តរភាព។ វិធីសាស្រ្តនេះក៏បានទទួលនូវព័ត៌មានចាំបាច់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធផងដែរ”។
វិធីសាស្រ្តនេះ នឹងធ្វើការកែសម្រួលចុងក្រោយនាដើមឆ្នាំ ២០២០ នេះបន្ទាប់ពីទទួលបានលទ្ធផលពីការសាកល្បងនៅប្រទេសកម្ពុជា និងប្រទេសចំនួន១០ផ្សេងទៀត។ គួររំលឹកផងដែរថា វិធីសាស្រ្តនៃការវាយតម្លៃអភិបាលកិច្ច និងសមធម៌នេះ មានលក្ខណៈពិសេសដោយវាប្រើរយៈពេលខ្លី និងជាវិធីសាស្រ្តដែលមានការចូលរួម ដូចនេះអ្នកពាក់ព័ន្ធទាំងក្នុងកម្រិតតំបន់ការពារធម្មជាតិ និងកម្រិតជាតិអាចទទួលបានព័ត៌មានពីភាពខ្លាំងនិងខ្សោយនៃអភិបាលកិច្ច និងលើកជាសកម្មភាពសម្រាប់ដោះស្រាយបញ្ហាដែលបានរកឃើញ ដើម្បីជួយធ្វើអន្តរាគមន៌លើការគ្រប់គ្រង និងការធ្វើរបាយការណ៍។