RECOFTC
V4MF

សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់​ស្រ្តី​ជាសមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ

រីខូហ្វ សម្របសម្រួល​កិច្ចប្រជុំ​លើកទី២ សម្រាប់​បណ្តាញស្រ្តីដែល​ជាសមាជិក​សហគមន៍តំបន់ការពារ​ធម្មជាតិលើ​ការ ការភ្ជាប់ទំនាក់ទំនង និងតួនាទីរបស់ពួក​គាត់ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ​
កិច្ចប្រជុំ​លើកទី២ នៃ​ក្រុមស្រ្តី​តំបន់ការពារធម្មជាតិ
RECOFTC, 2020

តាមរយៈគម្រោង សម្លេងព្រៃឈើមេគង្គ ដែល​ទទួល​បានជំនួយពីសហភាពអឺរ៉ុប នាថ្ងៃទី ០៥ និង​០៦ ខែ​មីនា ឆ្នាំ ២០២០ ក្រុមស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ បានមកជួបប្រជុំ​ជាលើកទី២ បន្ទាប់ពីជួបគ្នាម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឲ្យពួក​គាត់បានចែករំលែក​នូវព័ត៌មាន បទពិសោធន៍ និង​បញ្ហាដែល​កើតមាន​ក្នុង​សហគមន៍របស់ខ្លួន ទៅកាន់ស្រ្តីផ្សេងទៀត។ ក្រុមបណ្តាញស្រ្តី បានជួប​គ្នា ​២​ដងហើយ ដោយ​លើកទី១ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ ។ ក្នុងនោះ​រីខូហ្វ ក៏បាន​សម្របសម្រួលបង្កើតជាក្រុម ក្នុងបណ្តាញសង្គមដើម្បីពួកគាត់​ងាយស្រួល​ក្នុងការទាក់ទងចែក​រំលែក​ព័ត៌មានរវាងគ្នានឹងគ្នា ទោះមិន​បាន​មកជួបផ្ទាល់។ តាមរយៈនេះ ក្រុមស្រ្តី​បាន​ចែករំលែកនូវសកម្មភាព​ដែលពួក​គាត់​បានចូលរួមក្នុង​ការគ្រប់គ្រងព្រៃឈើ ដោយ​ផ្ញើររូបថត និងព័ត៌មាន​ពីសកម្មភាពនៅក្នុងក្រុមដែល​បាន​បង្កើត។

vision from women CPA network on CPA network
ទស្សនៈវិស័យរបស់ក្រុមស្រ្តីចំពោះ​បណ្តាញស្រ្តី​ដែល​បាន​បង្កើតដោយ​មាន​កិច្ចសហការ​រវាង​រីខូហ្វ និងក្រសួង​បរិស្ថាន 

លោកស្រី ភោគ ហុង គណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិ​ប្រាសាទភ្នំក្រៀល ខេត្តព្រះវិហារ បានមាន​ប្រសាសន៍ថា ខ្ញុំសប្បាយរីករាយណាស់​ដែល​បាន​ស្គាល់ នឹង​ឃើញពីសកម្មភាពគ្រប់គ្រងព្រៃរបស់បងប្អូនស្រីៗយើងនៅសហគមន៍ផ្សេងៗទៀត។ តាមរយៈក្រុមក្នុងហ្វេសប៊ុក យើង​អាច​ទាក់ទងគ្នាបានទោះមិនបានជួបគ្នាក៏ដោយ។  

បទបង្ហាញ​ពីក្រុមស្រ្តី​លោកស្រីកែវ នី ប្រធានសហគមន៍តំបន់ការពារធម្មជាតិឡៅកា ខេត្តមណ្ឌលគីរី និយាយទាំងរីករាយថា “ខ្ញុំ​មានកម្លាំងចិត្តចូលរួម​បន្ត​ក្នុងការងារសហគមន៍ ព្រោះខ្ញុំឃើញថាស្រ្តីជាច្រើនកំពុងប្រឈមបញ្ហាដូចខ្ញុំដែរ ប៉ុន្តែពួកគេនៅតែជម្នះធ្វើវា” ចំណែកលោកស្រី ផុល សូយ៉ារ៉ា គណៈកម្មាការ​សហគមន៍តំបន់ការពារធម្មជាតិបឹងយក្សឡោម ខេត្តរតនគីរី ​ មានប្រសាសន៍ថា “ខ្ញុំ​ក៏ចង់​ចេះ​ពីរបៀបនៃ​ការ​សន្សំប្រាក់​ឲ្យទទួលបានជោគជ័យដូចសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកោះកុង រួមមានសហគមន៍​ពាមក្រសោប សហគមន៍បឹងកាឆាង និងសហគមន៍ជ្រោយស្វាយ” ។

ការពិភាក្សាជាក្រុម

ក្រៅពីការចែករំលែកព័ត៌មាន​រវាងគ្នា នឹងគ្នា ពួកគាត់នឹងទទួល​បាន​ការ​បង្កើនសមត្ថភាព​ ក្នុងការចូលរួមគ្រប់គ្រងធនធាន​ក្នុងសហគមន៍ព្រៃឈើដូចជា ការយល់ដឹងពី​ច្បាប់ លិខិតបទដ្ឋាន និងដំណើរការ​នៃការគ្រប់គ្រង​សហគមន៍ ការបញ្រ្ជាបយេនឌ័រក្នុងការ​ងារគ្រប់គ្រងសហគមន៍ ។ល។

ជាផែនការបន្ត​ ក្រុមស្រ្តី​នឹង​ចែក​រំលែកសកម្មភាពលម្អិតរបស់​ពួក​គាត់រៀងៗខ្លួន ដល់​ក្រុមដូចជាការល្បាត ការ​បង្កើតក្រុមសន្សំ និងគ្រប់គ្រងឲ្យជោគជ័យ កសិកម្មធម្មជាតិសម្រាប់ការផ្គត់ផ្គង់​អេកូទេសចរណ៍សហគមន៍ ក្រុមតម្បាញស្រ្តី​ អេកូទេសចរណ៍ក្រៀល សម្រាប់កិច្ចប្រជុំលើកក្រោយ។ ​

ក្នុងនោះ​ក៏មាន​បញ្ហាប្រឈមមួយចំនួន ដែល​យើង​នឹងត្រូវលើកយកមកពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីពង្រឹង​ប្រសិទ្ធិភាពក្រុមស្រ្តីឲ្យកាន់តែប្រសើរ នឹង​ចែក​រំលែក​សកម្មភាពរបស់ពួកគាត់ទៅកាន់​អ្នកពាក់ព័ន្ធ​ឲ្យកាន់តែច្រើនជាងនេះ។

ក្នុងឆ្នាំ២០១៩ សហគមន៍តំបន់ការពារធម្មជាតិ មានចំនួន ១៦៩។ ក្នុងនោះ​មាន​តែ​ ស្រ្តីចំនួន ២នាក់ប៉ុណ្ណោះ​ដែល​មាន​តួនាទី​ជាប្រធានគណៈកម្មាការ​សហគមន៍។ ផ្អែក​លើ​យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់​ក្រសួង​បរិស្ថាន ដើម្បី​បង្កើនការ​ចូលរួម​របស់​ស្រ្តីក្នុង​ដំណើរការ​គ្រប់គ្រង​សហគមន៍តំបន់ការពារ រីខូហ្វ បានសហការ​ជាមួយក្រសួងបរិស្ថាន ក្នុងការ​ចងក្រង​ក្រុមស្រ្តី​ចំនួន២៤នាក់ ពី​សហគមន៍តំបន់ការពារ​ធម្មជាតិ​ពី ១៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។