RECOFTC Cambodia
Sự kiện

កិច្ចប្រជុំលើកទី១៨ក្រុម​ប្រឹក្សា​យោបល់​រេដបូក​កម្ពុជា

May 31
2017
Location
ខេត្តពោធិ៍សាត់
RECOFTC Events

​១-សេចក្តីផ្តើម

ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបានបង្កើតឡើង តាមរយៈការបោះឆ្នោតជ្រើសរើស នៅក្នុង សិក្ខាសាលាជាតិ កាលពីខែសីហា ឆ្នាំ២០១៣  ដោយមានសមាសភាពអ្នកចូលរួមជា អង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងជនជាតិដើមភាគតិច ក្នុង​គោលបំណង​ដើម្បី ផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែល​មានជីវភាពរស់នៅពឹង​ផ្អែកលើធនធានព្រៃឈើ​មាន​​ឱកាស​បញ្ចេញ​​​មតិ​យោបល់​លើ​ការងាររេដបូក និងប្រមូលនូវមតិទាំងនោះហើយផ្តល់ជាយោបល់ដល់ក្រុមការងារ​រេដបូក​​កម្ពុជា សម្រាប់​ដំណើរការ​អភិវឌ្ឍន៍រេដបូក​នៅ​កម្ពុជា។​
ក្រុម​ប្រឹក្សាយោបល់រេដបូកកម្ពុជាមាន​​​សមាជិក​១៨នាក់ ជាតំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់​ការពារ​ធម្មជាតិ ជនជាតិ​ដើម​ភាគតិច  គ្រឹះស្ថានអប់រំ អង្គការមិនមែន​រដ្ឋាភិបាល​ជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការ​សង្គម​​ស៊ីវិល និងវិស័យឯកជន។ ការចែករំលែកព័ត៌មាន និងពិគ្រោះយោបល់ ក្នុងចំណោមសមាជិកក្រុម​ប្រឹក្សា​យោបល់​បានធ្វើ​ឡើង​តាមរយៈ​​ការប្រជុំ​ក្រុមប្រឹក្សាយោបល់​រេដបូក​ ចំនួន ៦លើក ​ក្នុង​​មួយ​ឆ្នាំ ហើយមកដល់​បច្ចុប្បន្ននេះ កិច្ចប្រជុំ​ក្រុម​ប្រឹក្សាយោបល់​រេដបូក​បាន រៀបចំចំនួន១៧លើក​រួច​មកហើយ។​ ​ កិច្ចប្រជុំលើកទី១៧ នៃក្រុម​ប្រឹក្សាយោបល់​​រេដបូក បានសម្រេចលទ្ធផលជាច្រើនដូចជា ១) ការផ្តល់​យោបល់លើសេចក្តីព្រាងឯកសារបង្កើនចំណេះដឹងស្តីពីរេដបូកសម្រាប់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ២) ការបង្ហាញ​​ពីលទ្ធផលបឋមនៃការសិក្សាស្ថានភាពនិងការប៉ាន់ប្រមាណតម្រូវ ការអភិវឌ្ឍន៍​ស្ថាប័ន​សម្រាប់​បណ្តាញសហគមន៍​និងជនជាតិ​ដើម​ភាគ​តិច ៣) ការឯកភាពថា បណ្តាញ សង្គមស៊ីវិលរេដបូក​អាចពង្រីកការផ្សព្វផ្សាយរបស់ខ្លួនទៅដល់សមាជិក ដែលមិនមែនជា​​សមាជិក របស់​ក្រុម​ប្រឹក្សាយោបល់ ៤) ការសម្រេចដកសមាជិកភាពរបស់តំណាងវិស័យឯកជនពីរ និងការ ជ្រើសរើសតំណាង​វិស័យឯកជន​ចូលរួមជា​សមាជិក​ក្រុមប្រឹក្សាយោបល់ជាបន្តទៀត ៥) ឯកភាពថា សមាជិកក្រុមប្រឹក្សាយោបល់ ត្រូវជ្រើសរើសសមាជិកជំនួស ដើម្បីចូលរួម ប្រជុំ​ក្នុង​​ករណីសមាជិក អវត្តមាន ព្រមទាំង​ធានា​ឲ្យបាននូវការចែករំលែកព័ត៌មានរវាង សមាជិកក្រុមប្រឹក្សាយោបល់និង សមាជិកជំនួស ៦) ការផ្ញើរ​រូបថត សកម្មភាព ឬវីដេអូពីការងារ របស់ខ្លួនជូនដល់លេខាធិការដ្ឋាន ដើម្បីដាក់​ក្នុង​សម្ភារៈ​ផ្សព្វផ្សាយ របាយការណ៍ និង​គេហទំព័រ​​រេដបូកកម្ពុជា។ ដើម្បីបន្ត​ពង្រឹង​​ប្រសិទ្ធ​ភាព​​​យន្តការក្រុមប្រឹក្សាយោបល់រេដបូក កិច្ចប្រជុំក្រុមប្រឹក្សាយោបល់​រេដបូកលើក​ទី១៨ នឹង​រៀបចំ​ធ្វើនៅ ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ដោយ​ភ្ជាប់​ជាមួយ​នូវ​ទស្សនកិច្ចសិក្សានៅសហគមន៍​ផងដែរ។

២-គោលបំណង

   កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកលើកទី១៨ មានគោលបំណងដូចខាងក្រោម៖​

  • ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
  • ពិភាក្សាពីការពង្រឹងយន្តការចែករំលែកព័ត៌មាន និងទទួលយោបល់ត្រឡប់ពីរេដបូកសម្រាប់ សមាជិក​ក្រុម​ប្រឹក្សាយោបល់នីមួយៗ
  • ផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាយោបល់ចុះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅ សហគមន៍មូលដ្ឋាន ដែល​ទទួលបាន​ការគាំទ្រ​ពីមូលនិធិ​ភាពជាដៃគូកាបូនព្រៃឈើ

៣-លទ្ធផលរំពឹងទុក

​    នៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី១៨ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជានឹង៖

  • ស្វែងយល់ពីវឌ្ឍភាព​ផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូក
  • គំនិតយោបល់របស់សមាជិកក្រុមប្រឹក្សាយោបល់ម្នាក់ពីជំហ៊ានបន្តក្នុងការលើកកំពស់ ប្រសិទ្ធភាពនៃការ​ចែក​រំលែកព័ត៌មានពីរេដបូក ក្នុងចំណោមសមាជិករបស់ខ្លួន
  • ស្វែងយល់ពីដំណើរការ លទ្ធផល និងមេរៀននានាដែលរៀនសូត្របាន ពីការងាររេដបូក នៅ​សហគមន៍មូលដ្ឋាន​ដែលទទួល​បាន​ការគាំទ្រ​ពីមូលនិធិ​ភាពជាដៃគូកាបូនព្រៃឈើ

៤-ពេលវេលា និងទីកន្លែង 

កិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាយោបល់រេដបូក នឹងរៀបចំនៅ ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅខេត្ត​ពោធិ៍សាត់។