RECOFTC Cambodia
Sự kiện

សិក្ខាសាលាពិគ្រោះ​យោបល់​ស្តីពី ការ​ផ្ទៀងផ្ទាត់​លទ្ធផល​លើ​ការ​ពិនិត្យ​ច្បាប់​ព្រៃឈើ និង​ច្បាប់​តំបន់​ការពារ

Jan 16
2018
Location
ភ្នំពេញ
RECOFTC Events

១.​ សេចក្តីផ្តើម

ប្រទេសកម្ពុជា បានធ្វើការគិតគូពីបរិស្ថាន និងធនធានធម្មជាតិដោយដាក់បញ្ចូលបញ្ហាទាំងនេះទៅក្នុង​ឯកសាយុទ្ធសាស្រ្តជាច្រើន ដូច​ជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព គឺបានផ្តល់អាទិភាពខ្ពស់ដល់ការការពារ​បរិស្ថាន។ ជាងនេះទៅទៀត គោលដៅអភិវឌ្ឍន៍សហវត្សរបស់កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ក្នុងការរួម​បញ្ចូលគោលការណ៍អភិវឌ្ឍន៍​ដោយចីរភាព ក្នុងគោលនយោបាយ និងកម្មវិធីរបស់ជាតិ និងកាត់បន្ថយការបាត់បង់នៃធនធានបរិស្ថាន។ ជាងនេះទៅទៀត ផែនកា​រ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក៏បានបញ្ជាក់យ៉ាងច្បាស់ពី សារៈសំខាន់នៃការការពារធនធានធម្ម​ជាតិ និងការអភិវឌ្ឍដោយចីរភាព។ 
 
ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា គឺមានភារកិច្ចក្នុងការអនុវត្តច្បាប់បរិស្ថាន និងបទដ្ឋាននានាដែលពាក់ព័ន្ធ ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ​ដែល​រដ្ឋមានតួនាទីក្នុង​ ការការពារបរិស្ថាន និងធនធានធម្មជាតិ។ ដូចនេះ នៅឆ្នាំ២០១៦ ក្រសួងបរិស្ថានបានដឹកនាំដំណើរការនៃការ​បង្កើត​ក្រមបរិស្ថាន និងធនធានធម្មជាតិ (ENR) ដោយក្រមនេះនៅពេលបច្ចុប្បន្នកំពុងស្ថិតក្នុងសេចក្តីព្រាងចុងក្រោយ និង​ស្ថិត​ក្នុង​ដំណើរ​ការបញ្ជូនទៅត្រួតពិនិត្យ នៅទីស្តីការគណៈរដ្ឋមន្រ្តី មុនពេលដាក់ជូនរដ្ឋសភាធ្វើការត្រួតពិនិត្យ និងអនុម័ត។ ហើយនៅ​ពេលដែល​ក្រមនេះត្រអនុម័តរួច ការកែសម្រួលច្បាប់មួយចំនួនដូចជាច្បាប់ព្រៃឈើ (២០០២) ច្បាប់ជលផល (២០០៦) និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ (២០០៧) នឹងត្រូវបើកឲ្យមានការពិភាក្សា និងផ្តល់យោបល់។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន ចំរើន អនុរដ្ឋលេខាធិកា នៃក្រសួងមហាផ្ទៃ បានបើក ការពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាល ពីការកែសម្រួលច្បាប់ព្រៃឈើ និង​ច្បាប់តំបន់ការពារធម្មជាតិ ដោយបានលើកឡើងថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្​រជា​ធិបតេយ្​យ​នៅថ្នាក់​ក្រោម​ជាតិ(NCDD)និងក្រុមការងារដែលមានតួនាទីកែសម្រួលច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារធម្មជាតិ បានសម្រេចថានឹង​ផ្អាកដំណើរការ​នៃការ​កែសម្រួលនេះជាបណ្តោះអាសន្នរង់ចាំរហូតដល់ក្រមត្រូវបានអនុម័ត។ ក្រមនេះ រំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ២០១៨នេះ។ ឯកឧត្តម​ក៏បាន​បញ្ជាក់បន្ថែមទៀតថា ក្នុងពេលនេះគឺយើងត្រូវផ្តោតទៅលើក្រម ព្រោះថាវាគឺមានសារៈសំខាន់ណាស់ ដោយវាដូច​ជាឆ័ត្​រគ្រប​ដណ្តប់​លើ​ច្បាប់នានាដែលពាក់ព័ន្ធ នឹងធនធានធម្មជាតិ។​ 
 
ដោយសារតែមានការពន្យាពេលក្នុងការកែសម្រួលនូវច្បាប់ទាំងឡាយពាក់ព័ន្ធនឹងធនធានធម្មជាតិ ដូចនេះអ្នកពាក់ព័ន្ធទាំងអស់​ពិសេស​សហគមន៍​មូលដ្ឋាន គឺមានពេលបន្ថែមទៀតក្នុងការធ្វើការរួមគ្នាដើម្បីសិក្សា និង បញ្ចូលនូវ​អនុសាសន៍​នានាដែល​ទទួល​បាន​ពី​បទ​ពិសោធន៍​​ជាក់ស្តែង។ រីខូហ្វ មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ គឺបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ តាមរយៈ​គម្រោង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ច្បាប់នៃការគ្រប់គ្រងធនធាន ធម្មជាតិដោយពឹងផ្អែកលើសហគមន៍ (CBNRM) ដែលគាំទ្រដោយអភិបាលកិច្ចដីក្នុងតំបន់មេគង្គ(MRLG)​ក្នុងគោលបំណង ផ្ទៀងផ្ទាត់លទ្ធផលដែលបានពីការពិនិត្យលើច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារថាពិតជា ឆ្លើយតបនឹងបទពិសោធន៍ ដែល​បានអនុវត្តដោយសហគមន៍មូលដ្ឋាន និងលទ្ធផលបានពីការអនុវត្តគម្រោងនានា។  

២. គោលបំណង

ដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលបានពីការពិនិត្យលើច្បាប់​រួមមានច្បាប់ព្រៃឈើ និងច្បាប់ការពារធម្មជាតិ និង​អនុសាសន៍ ដើម្បី​ពង្រឹង​សិទ្ធិ​របស់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិ

៣.អ្នកចូលរួម

អ្នកចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះរួមមាន៖ តំណាងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការ​ទាក់ទង​នឹងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ នាយកដ្ឋានបច្ចេកទេសពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រូក្ខាប្រមាញ់ និងនេសាទ។ អ្នកចូលរួមមានចំនួន២៤នាក់ ។