សិក្ខាសាលាចាប់ផ្តើមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល វគ្គ២

បន្ទាប់ពីទទួលជោគជ័យក្នុងការអនុវត្តកម្មវិធីនេះក្នុងវគ្គទី១ ដោយបានជួយដោយផ្ទាល់ដល់សហគមន៍ព្រៃឈើចំនួន ១៥ និងសហគមន៍នេសាទចំនួន ១៥ ព្រមទាំងបានបង្កើតសហគ្រាសសហគមន៍បានចំនួន ១៨ ដែលសហគ្រាសទាំងនោះ អាចធ្វើអាជីវកម្ម ត្រី ទឹកឃ្មុំព្រៃ ឬស្សី និងការទទួលបានចំណូលពីអេកូទេសចរផងដែរ។ កម្មវិធីនេះ ក៏បានជួយដល់ការបង្កើនសមត្ថភាពរបស់ដៃគូ និងអ្នកពាក់ព័ន្ធថ្នាក់ខេត្ត ដើម្បីឈានទៅដល់កិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការក្នុងតំបន់ទេសភាព។
សម្រាប់វគ្គទី២នេះ ដោយប្រើប្រាស់បទពិសោធន៍ពីការអនុវត្តវគ្គទី១ ដែលទទួលបានជោគជ័យនៅខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និងកំពង់ធំ។ ការពង្រីកខ្លួននេះអាចធ្វើទៅបានតាមរយៈកិច្ចសហការជាមួយដៃគូ តាមរយៈគម្រោងផ្សេងៗទៀតដែលពួកគេកំពុងអនុវត្ត ដោយមានគោលដៅរួមដូចនឹងកម្មវិធីPAFF ក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព។