សិក្ខាសាសាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥
កម្មវិធីនេះត្រូវពន្យាពេលដោយសារស្ថានភាពកូវីដ-១៩
រីខូហ្វ និងក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា នឹងសហការរៀបចំសិក្ខាសាសាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥។
សិក្ខាសាលានេះនឹងអញ្ជើញចូលរួមពី តំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងបណ្តាញសហគមន៍តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្នុងនោះអ្នកចូលរួមបីនាក់ដែលជាបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ គឺជាតំណាងបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ដែលបានសម្របសម្រួល និងគាំទ្រដោយរីខូហ្វនៅឆ្នាំ ២០១៩ ក្រោមគម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ Voices for Mekong Forests project។
អ្នកចូលរួមនឹងពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាពីតម្រូវការដែលសហគមន៍ត្រូវការក្នុងការគ្រប់គ្រងតំបន់ដែលពួកគេគ្រប់គ្រង។ ជាមួយគ្នានេះ ក្រសួង និងសហគមន៍ក៏នឹងពិនិត្យរួមគ្នាពីលទ្ធផល និងឳកាសពីការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុប្បន្នផងដែរ។ព៍ត៌មានពីសិក្ខាសាលានេះ នឹងយកទៅដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥។
អ្នកចូលរួមនឹងត្រូវចូលរួមតាមការអញ្ជើញប៉ុណ្ណោះ
ក្រសួងបរិស្ថាន គ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ ក្រោមការគ្រប់គ្រងរបស់ខ្លួន ក្រសួងបានបែងចែកតំបន់សម្រាប់សហគមន៍ដើម្បីគ្រប់គ្រង ក្នុងគោលបំណងគ្រប់គ្រងដោយនិរន្តរភាពធនធានធម្មជាតិ និងបង្កើតឳកាសសម្រាប់ជីវភាពរបស់សហគមន៍ក្នុង និងជុំវិញតំបន់ការពារ។ រីខូហ្វ បានគាំទ្រក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថានតាំងពីឆ្នាំ ២០០៨ ក្នុងការសិក្សាពីតម្រូវការសមត្ថភាពសម្រាប់សមភាពយេនឌ័រ។ តាមរយៈលទ្ធផលនេះ រីខូហ្វបន្តគាំទ្រក្រសួងក្នុងការធ្វើផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ ២០១០-២០១២។ រីខូហ្វ និងក្រសួងបន្តកិច្ចសហការរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបរិស្ថានក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៩ ក្រោមគម្រោង Weaving Leadership for Gender Equality initiative ដែលមានអក្សរកាត់ WAVES ជាគម្រោងដែលរីខូហ្វបានផ្តួចផ្តើម មានរយៈពេល៣ឆ្នាំ ដោយទទួលបានជំនួយពីប្រទេសស៊ុយអែត។ កម្មវិធីនេះបានប្រមូលថ្នាក់ដឹកនាំយេនឌ័រពីប្រទេសកម្ពុជា និងប្រទេសចំនួន ៦ផ្សេងទៀត ដើម្បីរួមគ្នាលើកកម្ពស់សមភាពយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុ រេដបូក និងព្រៃឈើ ការពង្រឹងច្បាប់ អភិបាលកិច្ច និងដំណើរការនិងគោលនយោបាយក្នុងការធ្វើពាណិជ្ជកម្ម។
###
ការងាររបស់រីខូហ្វអាចសម្រេចទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ (SDC) និងកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារសហប្រតិបត្តិការស៊ុយអែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (Sida)។