RECOFTC កម្ពុជា
ព័ត៌មាន

ការរៀបចំផែនការថ្មីបានត្រួសត្រាយផ្លូវសម្រាប់ផលប្រយោជន៍យូរអង្វែងដល់សហគមន៍ព្រៃឈើ និងជលផលនៅកម្ពុជា

សហគមន៍អេកូទេសចរណ៍ចំនួនពីរក្នុងខេត្តក្រចេះ និងស្ទឹងត្រែងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនប្រាក់ចំណូលដល់សមាជិករបស់ខ្លួន
view of Koh Samseb CBET
NTFP-EP/PaFF

ផែនការអភិវឌ្ឍន៍អេកូទេសចរណ៍រយៈពេល ប្រាំឆ្នាំថ្មីចំនួនពីរ នឹងជួយបង្កើនជីវភាពសហគមន៍ព្រៃឈើ និងជលផល ខណៈរួមចំណែកដល់និរន្តរភាពក្នុងការគ្រប់គ្រងធនធាន និងបង្កើនភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។ 

ផែនការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍ចំនួនពីរគឺស្ថិតនៅ សហគមន៍អេកូទេសចរណ៍កោះហានក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍កោះសាមសិបក្នុងខេត្តក្រចេះ។ ផែនការនេះនឹងចាប់អនុវត្តពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៦។ 

សហគមន៍អេកូទេសចរណ៍កោះសាមសិប និងកោះហាន គឺរួមគ្នារវាងតំណាងពីសហគមន៍ព្រៃឈើ និងសហគមន៍ជលផល ដែលកំពុងគ្រប់គ្រងធនធាននៅតាមដងទន្លេមេគង្គ។ 

រីខូហ្វ បានកំពុងនឹងធ្វើការជាមួយសហគមន៍ក្នុងការរៀបចំ និងអនុវត្តផែនការ​ ដើម្បីទទួលបាន​ភាពស្មើភាព និងការទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ព្រៃឈើ។ ផែនការនោះបានជួយឲ្យសហគមន៍គ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេដោយនិរន្តរភាព។ ផែនការអេកូទេសចរណ៍ដែលបានរៀបចំនេះ គឺធ្វើឡើងស្របទៅនឹង​ឆន្ទះក្នុងការគ្រប់គ្រងនេះ និង​ផ្តល់មធ្យោបាយបន្ថែមក្នុងការបង្កើនជីវភាព។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៃសហគមន៍ព្រៃឈើ ជាំពេជ្រ និងសហគមន៍នេសាទ​ កោះស្នែង ក្នុងខេត្តស្ទឹងត្រែង និង​សហគមន៍អេកូទេសចរណ៍កោះសាមសិប នៃសហគមន៍នេសាទ និងសហគមន៍ព្រៃឈើពន្ធជា ខ្សាច់លាវ និងកោះខ្ញែរ ក្នុងខេត្តក្រចេះ បាន​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៧ និង២៨ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់។

កម្មវិធីនេះ ធ្វើឡើងគឺដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់សហគមន៍ និង​ស្វែងរកការគាំទ្រ​ពីអ្នកពាក់ព័ន្ធ។ អ្នកចូលរួមជាង ៥០នាក់បានចូលរួមក្នុងកម្មវិធីនេះដែលមកពី ​ក្រសួងទេសចរណ៍ អភិបាលខេត្ត​ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អជ្ញាធរមូលដ្ឋាន វិស័យឯកជន សហគមន៍ និង​យុវជនក្នុងការអនុវត្តផែនការនេះ។ កម្មវិធីនេះ ទទួលបានការចូលរួមជាអធិបតីពីតំណាងអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង និងតំណាងពីក្រសួងទេសចរណ៍ វីដេអូផ្សព្វផ្សាយពីទីតាំងអេកូទេសចរណ៍ បទបង្ហាញរបស់សហគមន៍ពីផែនការអភិវឌ្ឍន៍ សំនួនិងចម្លើយពីអ្នកចូលរួម។ 

“ខ្ញុំរីករាយណាស់ដែលបាន​ចូលរួមក្នុងដំណើរមួយនេះ” នេះជាសំដី លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ទទួលបន្ទុកផ្នែកទេសចរណ៍។ “ផែនការអភិវឌ្ឍន៍នេះ នឹងជួយឲ្យសហគមន៍អេកូទេសចរណ៍ពង្រឹងបានមិនត្រឹមតែសេដ្ឋកិច្ច និងសង្គមរបស់សហគមន៍ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងរួមចំណែកដល់វិស័យទេសចរណ៍ក្នុងខេត្តក្រចេះទាំងមូលផងដែរ”។

Deputy governor opening speech
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះទទួលបន្ទុកវិស័យទេសចរណ៍ ក្នុងខេត្ត កោតសសើរពី​កិច្ចសហការល្អរវាងសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំផែនការប្រាំឆ្នាំរបស់សហគមន៍ តាមរយៈការគាំទ្ររបស់គម្រោង PaFF អនុវត្តដោយ NTFP-EP

រីខូហ្វ និង​ដៃគូ ក្រោមគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) បានធ្វើការជាមួយសហគមន៍អេកូទេសចរណ៍ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយនេះ ហើយនឹងបន្តជួយដល់ការអនុវត្តផែនការនេះផងដែរ។ 

ផែនការនេះរួមមានការបណ្តុះបណ្តាលពីបដិសដ្ឋារកិច្ច ការគ្រប់គ្រងសំរាម និងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់គណៈកម្មការ និងសមាជិក។ ផែនការក៏រួមមាន​ការផ្សព្វផ្សាយតំបន់ទេសចរណ៍ ដោយផ្សាភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ និងអ្នកពាក់ព័ន្ធ ការពង្រីកកញ្ចប់ទេសចរណ៍ និងការស្វែងរក​សកម្មភាពថ្មីៗក្នុងការទាក់ទាញទេសចរបន្ថែម។ 

PaFF ក្នុងប្រទេសកម្ពុជា 

PaFF អនុវត្តរយៈពេល ៨ឆ្នាំ ចែកជាបីដំណាក់កាល ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៤ នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣។ កម្មវិធីនេះមានគោលបំណងជួយដល់ប្រជាជនកម្ពុជានៅតាមទីជនបទ អនុវត្តសិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រង ការពារ និង ទទួលបានប្រយោជន៍ពីធនធានធម្មជាតិនៅមូលដ្ឋានរបស់ពួកគេ​ ដើម្បី ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់នឹងវិបត្តិផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ PaFF ក៏ព្យាយាមពង្រឹងដំណើរការប្រជាធិបតេយ្យ លើកកម្ពស់នីតិរដ្ឋ និងការពារសិទ្ធិស្រ្តី ក្រុមជនជាតិដើមភាគតិច និងសមាជិកសហគមន៍ដែលមានប្រាក់ចំណូលទាបតាមរយៈការចូលរួមរបស់ពួកគេនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍។

ប្រជាជនកម្ពុជានៅជនបទ ចំនួន ៦៥% កំពុងពឹងផ្អែកលើធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ពួកគេ។ ប៉ុន្តែ ពួកគេភាគច្រើនមានជីវភាពក្រីក្រ មិនសូវមានការធានាចំពោះសិទ្ធិកាន់កាប់ដីធ្លី និង ធនធានព្រៃឈើ ខ្វះខាតសមត្ថភាពផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលចាំបាច់សម្រាប់ពួកគេក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទាំងនេះប្រកបដោយចីរភាព។ 

ក្របខណ្ឌច្បាប់របស់កម្ពុជា​បានផ្តល់សិទ្ធិជូន​ប្រជាជនក្នុងការការបង្កើត និងគ្រប់គ្រងធនធានព្រៃឈើ និងជលផលក្នុងមូលដ្ឋានរបស់ពួកគេដោយប្រជាធិបតេយ្យ។ ប៉ុន្តែ មានសហគមន៍មួយចំនួនតូចប៉ុណ្ណោះ បានទាញយកផលប្រយោជន៍ពីឳកាសដែលពួកគេបង្កើតជាសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។

PaFF ដោះស្រាយបញ្ហានេះ ដោយផ្តោតនៅតំបន់ភាគឥសានដែលសំបូរទៅដោយធនធានធម្មជាតិ ប៉ុន្តែសេដ្ឋកិច្ចនៅទន់ខ្សោយ។  

ទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រទេសស្វីស​ (SDC) បានគាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធីនេះ​សម្រាប់​ដំណាក់កាលដំបូង​ទាំង២។ សម្រាប់ដំណាក់កាលចុងក្រោយនេះ SDC និងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida) នឹង​រួមគ្នាក្នុង​ការ​ផ្តល់​មូលនិធិ​សម្រាប់ការអនុវត្ត។ 

អេកូទេសចរណ៍នឹងផ្តល់ផលប្រយោជន៍រយៈពេលវែង

រីខូហ្វ ដឹកនាំ PaFF ដំណាក់កាលទី៣ អនុវត្តពីខែកក្កដា ឆ្នាំ២០២១ ដល់មិថុនា ឆ្នាំ២០២៣។ 

នៅពេលបញ្ចប់ដំណាក់កាលទី៣ កម្មវិធីដៃគូនេះមានបំណងគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រង សម្រាប់ព្រៃសហគមន៍ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារដែលមានផ្ទៃដី  សរុប ១៥៩.៧៦៧ ហិកតា និងផ្តល់ប្រយោជន៍ដល់ប្រជាជនចំនួន ៦០.៩២៦ នាក់ នៅក្នុង ២៤.៦៤៧ គ្រួសារ។

ដំណាក់កាលទី៣ ក៏គាំទ្រសហគ្រាសសហគមន៍តាមរយៈបង្កើនឳកាសវិនិយោគទុន បង្កើនផែនការពាណិជ្ជកម្ម និងផ្សាភ្ជាប់អ្នកផលិតទៅទីផ្សារ។ ផែនការអេកូទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង និងក្រចេះនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់កម្មវិធី។ កម្មវិធីនឹងជួយសហគមន៍លើជំនាញ ចំណេះដឹង និងធនធានក្នុងការអនុវត្តផែនការ និងបង្កើនជីវភាពរបស់ពួកគេ ក្នុងពេលអនុវត្តកម្មវិធី និងនៅពេលកម្មវិធីបញ្ចប់។ 

“ផែនការនេះ ផ្តល់ជាទស្សនវិស័យសម្រាប់យើង” សំដីរបស់លោក ឃុត សាម៉ុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប។ “យើងដឹងពីអាទិភាពការងាររបស់យើង និងអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងត្រូវការអោយអ្នកដទៃជួយគាំទ្រ ដើម្បីទាក់ទាញភ្ញៀវមកលេងកន្លែងយើងឲ្យកាន់តែច្រើន”។ 

Koh Samseb CBET chief present information in the CBET development plan
លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប  បង្ហាញពីព័ត៌មានសំខាន់ៗក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទៅអ្នកចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយពីការដាក់ឲ្យប្រើប្រាស់ផែនការនៅសាកលវិទ្យាល័យក្រចេះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

និស្សិតចំនួន ២៥រូប មកពីសាកលវិទ្យាល័យក្រចេះបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ។ ពួកគេរីករាយណាស់ នៅពេលស្តាប់បទបង្ហាញពីសហគមន៍ និងតំណាងពីខេត្ត ក្រសួង និងមន្ទីរ។ ពួកគេចាប់អារម្មណ៍ និង​មានឆន្ទះ​ក្នុង​ការ​បន្តផ្សព្វផ្សាយពីអ្វីដែល​ពួកគេបានដឹង និងរៀនក្នុងសិក្ខាសាលានេះ។ 

“ខ្ញុំនឹងទៅលេងសហគមន៍អេកូទេសចរណ៏កោះសាមសិប” នេះជាសំដីរបស់ ធី សុជាតា និស្សិតសាកលវិទ្យាល័យក្រចេះ ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ។ “ខ្ញុំមានមោទនភាពណាស់ដែលខេត្តខ្ញុំមាន​ទីកន្លែង​ស្រស់​ស្អាត ដើម្បីកំសាន្តជាមួយធម្មជាតិ ខ្ញុំនឹងចែករំលែកព័ត៌មាននេះ ទៅមិត្តភ័ក្រ្ត និងអ្នកដទៃដើម្បីផ្សព្វផ្សាយពីសហគមន៍អេកូទេសចរណ៍សាមសិប”។  

###

សម្រាប់ព័ត៌មានបន្ថែមសូមចូល៖ recoftc.org/en/cambodia/projects/paff/about/about-paff