រីខូហ្វផ្សព្វផ្សាយគម្រោងថ្មីមួយនៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបក្នុងប្រទេសកម្ពុជា
រីខូហ្វ (RECOFTC)បានធ្វើសិក្ខាសាលាផ្សព្វផ្សាយគម្រោងថ្មីមួយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃការស្តារ និងការការពារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ គម្រោងនេះគាំទ្រដល់សហគមន៍ចំនួន ១៣ ដែលមានសមាជិកសហគមន៍ចំនួន ៥ ០៤១ នាក់ និងគ្របដណ្តប់លើផ្ទៃដីសរុបច្រើនជាង ៤៣ ៥៨៣ ហិកតានៃព្រៃឈើ ដីកសិកម្ម ដីសើម និងបឹង។
តំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ដែលជាទីភ្នាក់ងារឯកទេសរបស់អង្គការ
សហប្រជាជាតិ។ ព្រៃលិចទឹកនៃតំបន់នេះ គឺជាចំណុចសំខាន់នៃជីវចម្រុះដែលមានសារៈសំខាន់ជាសាកល។ ព្រៃលិចទឹកផ្ទុកនូវប្រភេទសត្វកម្រ និងជិតផុតពូជជាច្រើនប្រភេទ ហើយក៏ជាជម្រករបស់សហគមន៍ជាច្រើន ដែលពឹងផ្អែកលើតំបន់ដីសើម សម្រាប់ជីវិត និងជីវភាពរស់នៅរបស់ពួកគេ។
តំបន់ឋបនីយជីវមណ្ឌលត្រូវបានគំរាមកំហែងដោយការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងទៀតដែលបណ្តាលឱ្យមានការថយចុះ និងភាពមិនទៀងទាត់នៃទឹកជំនន់តាមរដូវ ព្រមទាំងការកើនឡើងភ្លើងឆេះព្រៃក្នុងព្រៃលិចទឹកផងដែរ។តំបន់ដីសើម ក៏ត្រូវបានគំរាមកំហែងដោយការនេសាទលើសកំណត់។ គម្រោង នឹងដោះស្រាយបញ្ហាទាំងនេះ តាមរយៈការស្ដារឡើងវិញនូវទីជម្រកសំខាន់ៗ ពង្រឹងការគ្រប់គ្រងសហគមន៍ក្នុងតំបន់ដែនទេសភាពនិងភ្លើងឆេះព្រៃ កែលម្អអភិបាលកិច្ចក្នុងដែនទេសភាព និងកាត់បន្ថយកត្តានានាដែលនាំឱ្យមានការប្រែប្រួលបរិស្ថាន។
“ភ្លើងឆេះព្រៃភាគច្រើនដែលកើតឡើងនៅក្នុងព្រៃលិចទឹកនៃបឹងទន្លេសាបគឺដោយសារសកម្មភាពខុសច្បាប់របស់មនុស្ស” នេះជាប្រសាសន៍របស់ លោក ឈ្នៀង គីរីវុធ អ្នកសម្របសម្រួលសហគមន៍ព្រៃឈើប្រចាំអង្គការរីខូហ្វកម្ពុជា (RECOFTC)។ “មានភាគតិចណាស់កើតឡើងដោយសារធម្មជាតិ។ តាមរយៈគម្រោងនេះ សហគមន៍នឹងរៀបចំ ព្រមទាំងអនុវត្តន៍ផែនការគ្រប់គ្រងភ្លើងឆេះព្រៃ។ ពួកគេក៏នឹងធ្វើការស្តារព្រៃលិចទឹកឡើងវិញ ពង្រឹងការនេសាទ និងធានាដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ខ្លួនពួកគេ។ សកម្មភាពរបស់ពួកគេក៏នឹងចូលរួមដល់ការការពារ និងអភិរក្សជីវៈចម្រុះផងដែរ។”
គម្រោងទន្លេសាបយើងគាំទ្រដោយសហភាពអឺរ៉ុបនិងដឹកនាំអនុវត្តន៍ដោយអង្គការសមាគមអភិរក្សសត្វព្រៃ។ ដៃគូអនុវត្តន៍គម្រោងរួមមាន អង្គការរីខូហ្វ អង្គការសន្សំម្លប់ព្រៃ អង្គការហ្វរ៉ុមស៊ីវ អង្គការអុកហ្វាម អង្គការជីវិត និងធម្មជាតិកម្ពុជា ក្រុមហ៊ុនស៊ីអិនវេសមេន និង អង្គការជនពិការកម្ពុជា។ ដៃគូអនុវត្តគម្រោងបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយសហគមន៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ នៅគ្រប់ជាន់ថ្នាក់។ គម្រោងនេះក៏ដើរស្របទៅនឹងផែនការទប់ស្កាត់ និងគ្រប់គ្រងភ្លើងព្រៃ ឆ្នាំ២០២១-២០២៥ របស់រដ្ឋបាលជលផលនៅក្នុងប្រទេសកម្ពុជា។ ដៃគូអនុវត្តន៍គម្រោងនេះ បានចាប់ផ្តើមអនុវត្តន៍ពីខែមេសា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្នុងខេត្តគោលដៅចំនួន០៦ រួមមានបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ឆ្នាំង សៀមរាប និងពោធិ៍សាត់។
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររីខូហ្វលើគម្រោងទន្លេសាបយើង សូមទំនាក់ទំនង លោក ឈ្នៀង គីរីវុធ kirivuth@recoftc.org