កម្ពុជាត្រៀមខ្លួនឆ្ពោះទៅកាន់សន្និសីទលើកទី២១ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ
រីខូហ្វ- មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ បានសហការរជាមួយអគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងសមធម៌ ដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២១ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ” (UNFCCC COP 21) ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ នៅ ខេត្តសៀមរាប។ សិក្ខាសាលានេះចូលរួមដោយសិក្ខាកាមចំនួន ៤០នាក់ (ស្រ្តី ៨នាក់) មកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងគ្រឹះស្ថានឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថានបានលើកឡើងថា “ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច ជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុ កម្ពុជាកំពុងខិតខំរៀបចំបញ្ចប់នូវរបាយការណ៍រួមចំណែក (INDC) របស់ខ្លួន ឱ្យបានចប់សព្វគ្រប់ និងដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញា នាខែតុលាខាងមុខនេះ។ ក្នុងនោះយើងបានលើកអំពីវិធានការបន្សុំា វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងមធ្យោបាយសម្រាប់អនុវត្ត។ ដោយឡែក សម្រាប់វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងវិស័យការប្រើប្រាស់ដី និងព្រៃឈើ យើងមានបំណងកំណត់គោលដៅកាត់បន្ថយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការបង្កើនគម្របព្រៃឈើដល់ ៦០%នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៣០។”
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះរួមមាន៖ ១) បង្កើនការយល់ដឹង និងពិភាក្សាអំពីបច្ចុប្បន្នភាព នៃការពិភាក្សារបស់បណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ២) បង្ហាញអំពីទិដ្ឋភាពនៃសមធម៌ដែលជាតម្រូវការក្រោមក្របខ័ណ្ឌរេដបូក (REDD+) និងផ្តល់ជាឧទាហរណ៌ជាក់ស្តែងអំពីកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឆ្លើយតបទៅនឹងកម្មវិធីរេដបូកកម្ពុជា និង ៣)ផ្តល់ជាវេទិកាសម្រាប់អ្នកចូលរួមដើម្បីពិភាក្សាអំពីបញ្ហាសមធម៌ជាអាទិភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងREDD+ ក្នុងបរិបទនៃប្រទេសកម្ពុជា ។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះគាំទ្រដោយ ទីភ្នាក់ងារន័រវ៉េសសម្រាប់កិច្ចសហប្រតិបត្តការអភិវឌ្ឍ(Norad) សហគមន៍អឺរ៉ុប (EU), USAID LEAF, និង An AFOLU LEDS Working Group event ។