RECOFTC កម្ពុជា
ព័ត៌មាន

ការចែករំលែកបទពិសោធន៍​ក្នុង​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​សហគមន៍ព្រៃឈើ​ដោយ​​មាន​​ការ​ចូលរួម​

ការចែករំលែកបទពិសោធន៍ក្នុងការ​សាកល្បងអនុវត្ត​ការត្រួតពិនិត្យ និងវាយតម្លៃ​​សហគមន៍​ព្រៃឈើ​ដោយ​​មាន​​ការ​ចូលរួម​ ក្នុងខេត្តកំពង់ធំ
សិក្ខាសាលា​ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃ​ដោយ​មានការចូលរួម

ក្នុងថ្ងៃទី២១ ខែកញ្ញា រីខូហ្វ និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃដោយ​មានការចូលរួម​ ដោយមានការចូលរួមពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត  អនុប្រធាននាយក​ដ្ឋាន​សហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើ​ថ្នាក់កណ្តាល នាយខណ្ឌ និងមន្រ្តីរដ្ឋបាលព្រៃឈើកំពង់ធំ អង្គការ AFD សហគមន៍មូលដ្ឋានមកពីខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ សិក្ខាសាលានេះ គាំទ្រថវិកាដោយ ទីភ្នាក់ងារស្វីសសម្រាប់ការ​អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីបានគាំទ្រការសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយ​តម្លៃ​សហគមន៍​ព្រៃឈើ​ដោយ​​មាន​ការចូលរួម នេះក្នុងសហគមន៍ចំនួនបី ក្នុងខេត្តកំពង់ធំ តាំពីខែមករា ឆ្នាំ២០១៧មក។ 

លោក តុល សុខជា ធ្វើបទបង្ហាញពីដំណើរការនៃការ​​ប្រព័ន្ធ​ត្រួតពិនិត្យ និងវាយតម្លៃ​សហគមន៍ព្រៃឈើ​ដោយ​មាន​ការចូលរួមក្នុងសិក្ខាសាលានេះ លោកស្រី ហ៊ូ កល្យាណ ប្រធានអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានមានមតិថា លោកស្រី​ មានក្តីសោមន្សរីករាយណាស់ ដោយសារសិក្ខាសាលានេះគឺជាការផ្តួចផ្តើមឡើងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលាចែករំលែកលទ្ធផលពីការសាកល្បងប្រព័ន្ធនេះក្នុងពេលកន្លងមក លោកស្រីសង្ឃឹមថា ប្រព័ន្ធតាមដាន និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួមនេះ នឹងរួមចំណែកដល់រដ្ឋបាលព្រៃឈើក្នុងការ​តាមដាន និងវាយតម្លៃសហគមន៍ព្រៃឈើ ដែលបានចែងក្នុងជំហានចុងក្រោយនៃគោលការណ៍ណែនាំការបង្កើត​សហគមន៍​ព្រៃឈើ។ 

ឆ្លងតាមការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារវាងអ្នកចូលរួម សិក្ខាសាលាទទួលបានធាតុចូលបន្ថែម សម្រាប់អភិវឌ្ឈប្រព័ន្ធ​ឲ្យ​កាន់តែមានភាពងាយស្រួលដល់សហគមន៍ និងឆ្លុះបញ្ចាំងពីតថភាពពិតរបស់សហគមន៍។