ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ២០ ត្រូវបានអនុម័តទទួលស្គាល់ពីរដ្ឋបាលព្រៃឈើ
ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ២០ នៅក្នុងខេត្តចំនួនបី រួមមាន ខេត្តកំពង់ធំ ១០សហគមន៍ ខេត្តក្រចេះ ៦សហគមន៍ និងខេត្តស្ទឹងត្រែង ៤សហគមន៍ ទទួលបានការយល់ព្រមពីរដ្ឋបាលព្រៃឈើ។ នេះគឺជាវឌ្ឍនភាពថ្មីមួយទៀតនៃដំណើរការអភិវឌ្ឍសហគមន៍ព្រៃឈើ បន្ទាប់ពីបានកិច្ចព្រមព្រៀងព្រៃសហគមន៍ ហើយនេះក៏ជាឱកាសសម្រាប់ដៃគូអភិវឌ្ឍនានា ចូលរួមគាំទ្រសកម្មភាពនៃផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលមានការយល់ព្រមពីរដ្ឋបាលព្រៃឈើ នេះផងដែរ។
ផែនការដែលទទួលបានការអនុម័តនេះបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់អង្គការរីខូហ្វ (RECOFTC) និងអង្គការដៃគូ ដោយមានការគាំទ្របច្ចេកទេសពីរដ្ឋបាលព្រៃឈើ ក្រោមគម្រោងធំៗពីរគឺ គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់របរចិញ្ចឹមជីវិតតាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញ ឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើនៅកម្ពុជា ដែលគាំទ្រថវិការដោយសហភាពអឺរ៉ុប (EU) និងគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះដែលគាំទ្រថវិកាដោយ USAID។
លោក ហេង ដា អនុប្រធានសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការរីខូហ្វ បានមានប្រសាសន៍ ក្រោមគម្រោងដែលគាំទ្រដោយសហភាពអឺរ៉ុប មានសហគមន៍ចំនួន ១៩៩គ្របដណ្តប់លើផ្ទៃដី ១៦៥ ០៦៧ហ.ត នៅក្នុងខេត្តគោលដៅចំនួន ៩ រួមមានខេត្ត កំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងរតនគិរី បានរៀបចំផែនការគ្រប់គ្រងរបស់ខ្លួនស្ថិតក្នុងជំហានផ្សេងៗ នៃដំណើរការរៀបចំ និងដាក់ស្នើសុំការអនុម័ត។ អង្គការរីខូហ្វបានគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិការនៅក្នុងដំណើរការរៀបចំផែនការសហគមន៍ព្រៃឈើ។
លោក ហេងដា ក៏បានលើកឡើងថា ៖ “ការអនុម័តទៅលើផែនការគ្រប់គ្រងនេះគឺជាវឌ្ឍនភាពថ្មីមួយនៃការអភិវឌ្ឍសហគមន៍ព្រៃឈើនៅក្នងប្រទេសកម្ពុជា ប៉ុន្តែចំនួននេះបានត្រឹមតែ ៤២%នៃសូចនាករតាមដានរួ មសម្រាប់ឆ្នាំ ២០១៤ និង២០១៥ ដែលបានកំណត់ដោយក្រុមការងារបច្ចេកទេសស្តីពីការកែទំរង់វិស័យព្រៃឈើ”។
លោកបានបន្ថែមទៀតថា ដំណើរការពិនិត្យ និងផ្តល់ការយល់ព្រមទៅលើផែនការគ្រប់គ្រង និងសម្រេចបានតាមការកំណត់ នៅពេលដែលស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលព្រៃឈើ រៀនសូត្របាននូវមេរៀនល្អៗ តាមរយៈការអនុវត្តការងារនេះ។
យោងតាមកម្មវិធីព្រៃឈើជាតិឆ្នាំ ២០១០-២០២៩ ដំណើរការបង្កើតសហគមន៍ព្រៃឈើមានចំនួន ១១ជំហាន ហើយការរៀបចំផែនការសហគមន៍ព្រៃឈើសិ្ថតក្នុងជំហានទី ៨។ ផែនការគ្រប់គ្រងព្រៃសហគមន៍ត្រូវរៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាឃុំ ដោយមានការសម្របសម្រួលពីរដ្ឋបាលព្រៃឈើ អង្គការដៃគូ ឬ វិស័យឯកជន។ ដំណើរការរៀបចំនេះ មានការចូលរួមពីសមាជិកសហគមន៍ព្រៃឈើ ការបណ្ដុះបណ្ដាល ការប្រមូលព័ត៌មាន ការវិភាគ និងធ្វើផែនទី។ ផែនការ គ្រប់គ្រងព្រៃសហគមន៍ត្រូវពិនិត្យនិងអនុម័តដោយនាយខណ្ឌរដ្ឋបាលព្រៃឈើសាមី។
ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើលើកដំបូងចំនួនមួយ ត្រូវបានអនុម័តដោយរដ្ឋបាលព្រៃឈើនៅខែតុលា ឆ្នាំ២០១២ និងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើទីពីរត្រូវបានអនុម័ត នៅក្នុងឆ្នាំ២០១៤ ដែលសហគមន៍ទាំងពីរនេះសិ្ថតនៅក្នុងខេត្តកំពង់ធំ។ មកដល់ពេលនេះមានផែនសហគមន៍ព្រៃឈើសរុបចំនួន ២២សហគមន៍ហើយដែលបានទទួលអនុម័តទទួលស្គាល់ស្របច្បាប់ពីរដ្ឋបាលព្រៃឈើ។
គិតមកទល់ខែកញ្ញា ឆ្នាំ ២០១៥ នេះមានសហគមន៍ព្រៃឈើសរុបចំនួន ៤៩៤ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៤១៥.១៧៧ ហិកតា ស្ថិតនៅក្នុងខេត្ដចំនួន ២១។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន ៣៦៨ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៣៣០.២០២ ហិកតា។ ក្នុងចំណោមនេះមានសហគមន៍ព្រៃឈើចំនួន ៣២៨ កន្លែង ស្មើនឹង ២៩៦.២៤០ ហិកតាបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើសាម៉ីជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។