ឥណទានសហគមន៍ព្រៃឈើជួយលើកកម្ពស់របរចឹញ្ចឹមជីវិតរបស់ហគមន៍ និងគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រង
ម្រោងឥណទានសហគមន៍ព្រៃឈើ ត្រូវបានដាក់ឱ្យសាកល្បងនៅក្នុងសហគមន៍ចំនួន ៥ នៅក្នុងខេត្តកំពង់ធំ រួមមានសហគមន៍ព្រៃឈើត្រពាំងរូង សហគមន៍ព្រៃឈើត្រពាំងល្ពាក់ សហគមន៍ព្រៃឈើព្រៃក្បាលបី សហគមន៍ព្រៃឈើព្រៃតាយ៉ង់ និង សហគមន៍ព្រៃឈើព្រៃត្រពាំងសណ្ដាន់។ គម្រោងនេះគាំទ្រ និងសម្របសម្រួលដោយអង្គការ RECOFTC ដោយបានចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០១៤ ដែលជាផ្នែកមួយក្នុងគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទតាមរយៈសហគមន៍ព្រៃឈើ(SFMRLE) ក្រោមជំនួយសហភាពអឺរ៉ុប (EU)។
គម្រោងឥណទានសហគមន៍ព្រៃឈើ មានគោលបំណង គាំទ្រការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ ដើម្បីពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ និងលើកទឹកចិត្តឲ្យមានការចូលរួមអនុវត្តន៍ផែនការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្ដរភាព។
ថវិកាឥណទាននេះត្រូវគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើនៅក្រោមលក្ខខន្តិកៈគ្រប់គ្រងសហគមន៍ព្រៃឈើ ។ ចំណែកឯ លក្ខន្តិកៈឥណទាននេះក៍ត្រូវមានការឯកភាពពីគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរមុននឹងការដាក់អោយអនុវត្ត។ ការទទួលស្គាល់ និងគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានផ្តល់នូវទំនុកចិត្តលើផ្នែកអភិបាលកិច្ច នៃគម្រោង ការស្វែងរកការគាំទ្របន្ថែម និងធានាឲ្យមានយន្តការស្របច្បាប់ ក្នុងការដោះស្រាយ ជួបបញ្ហាជួបប្រទះ ។
ការបង្កើតឥណទាននេះមានសារៈសំខាន់ខ្លាំងណាស់ដល់សមាជិក ដោយពួកគេអាចអាចខ្ចីប្រាក់ទៅប្រកបការរបរចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាបន្ទាន់ បានរហ័ស មិនចំណាយពេលវេលាច្រើន និងមានអត្រាការប្រាក់សមរម្យ។ ចំណុចពិសេសរបស់គម្រោងឥណ្ឌទាននេះគឺចំណូលដែលទទួលបានពីការប្រាក់ត្រូវបានបែងចែកជា ៤ ក្នុងនោះមាន ៣៥% គាំទ្រសកម្មភាពការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ ៣៥% សម្រាប់បង្កើនទុនឥណ្ឌទាន ២០% ភាគលាបរបស់គណៈកម្មការឥណទាន និង ១០% សម្រាប់ការចំណាយរដ្ឋបាលរបស់ការងារឥណទាន។
គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើបានប្រើប្រាស់ចំណូលពីគម្រោងឥណទានសម្រាប់សកម្មភាព គ្រប់គ្រងសហគមន៍ព្រៃឈើដូចជា ការចុះល្បាតព្រៃ ធ្វើផ្លូវភ្លើង និង ការដាំកូនឈើឡើងវិញជាដើម។ លើសពីនេះទៅទៀតគម្រោងឥណទាននេះបានជំរុញ និងលើកទឹកចិត្តឲ្យសមាជិកចូលរួមគ្រប់គ្រងនិងការពារសហគមន៍ព្រៃឈើកាន់តែសកម្មជាងមុន។
តាមរយៈមេរៀនបទពិសោធន៍ជោគជ័យនៃការសាកល្បងនេះ អាចពង្រីកគម្រោងឥណទាននេះទៅកាន់សហគមន៍ផ្សេងៗទៀត នៅពេលខាងមុខ។