ទស្សនកិច្ចសិក្សាដើម្បីរៀនសូត្រអំពីឥណទានសហគមន៍ព្រៃឈើ
រីខូហ្វ តាមរយៈគម្រោងអភិវឌ្ឍសហគមន៍ព្រៃឈើមួយចំនួន ជាពិសេសកម្មវិធីវិស័យព្រៃឈើ និងជលផល (PaFF2) និងគម្រោងធនធានរួមដំណោះស្រាយរួម (SRJS) ក្រោមជំនួយឧបត្ថម្ភពី SDC និង IUCN-Netherland បានអនុវត្តគម្រោងឥណទានសហគមន៍ព្រៃឈើ ដើម្បីចូលរួមចំណែកគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅសហគមន៍ព្រៃឈើចំនួន ៣២ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ ក្នុងនោះនៅខេត្តក្រចេះមានគម្រោងឥណទានសហគមន៍ព្រៃឈើចំនួន១២ កំពុងដំណើរការ។
ទោះជាយ៉ាងនេះក៏ដោយធនធានថវិកា សមត្ថភាព និងលក្ខន្តិកៈឥណទានសហគមន៏ព្រៃឈើមានភាពខុសៗគ្នានៅតាមសហគមន៏និមួយៗ ជាពិសេស ឥណទានសហគមន៍ព្រៃឈើ ព្រៃក្បាលបី នៅខេត្តកំពង់ធំ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ មានដើមទុន ច្រើនជាង ៥០០០ដុល្លា មានសមាជិកសហគមន៍ព្រៃឈើចូលរួមទាំងអស់ និងផ្តល់សេវាខ្ចីសងរៀងរាល់ថ្ងៃ ដែលចំណុចល្អសម្រាប់សហគមន៍ផ្សេងទៀតសិក្សាស្វែងយល់ និងពិចារណាអនុវត្តតាម។
ដំណើរទស្សនកិច្ចនេះមានគោលបំណងឲ្យសហគមន៍ព្រៃឈើក្នុងខេត្តក្រចេះបានទៅរៀនសូត្រពីការគ្រប់គ្រងគម្រោងឥណទាននៅសហគមន៍ព្រៃឈើព្រៃក្បាលបី ដោយរំពឹងថាសហគមន៍ក្នុងខេត្តក្រចេះអាចយកគម្រូតាម និងធ្វើផែនការកែសម្រួលគម្រោងឥណទានរបស់ខ្លួន ឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកឥណទាន និងការគ្រប់គ្រងព្រៃសហគមន៍។