ប្រសិទ្ធិភាពនៃគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត
គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត បង្កើតឡើងដើម្បីជួយគាំទ្រដល់បណ្តាញសហគមន៍ ដែលចងក្រងដើម្បីពង្រឹងសម្លេងពួកគាត់ពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត។ តាមរយៈការឧបត្ថម្ភរបស់គម្រោងនានា រីខូហ្វបានសម្របសម្រួលបង្កើតឲ្យមានបណ្តាញសហគមន៍នៅថ្នាក់ខេត្តនៅតាមខេត្តមួយចំនួន។ បណ្តាញសហគមន៍ព្រៃឈើ ក្នុងរយៈពេលបីខែម្តងតែងតែរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួន ដើម្បីពិនិត្យមើលការអនុវត្តការងារ បញ្ហា ដែលជួបប្រទះ នឹងកំណត់បញ្ហាដែលនឹងត្រូវលើកយកទៅដាក់ជូនគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តជួយដោះស្រាយ។
នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧ បណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្នុងនោះសហគមន៍អូរច្រាំងស ដែលស្ថិតក្នុងភូមិដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ បានជួបប្រទះនៅបទចោទប្រកាន់ពីសាលាដំបូងខេត្តកំពង់ធំ ដោយសារតែគណៈកម្មាការសហគមន៍នៅពេលចុះល្បាតថ្ងៃទី ១៨ សីហា ឆ្នាំ២០១៧ បានជួបបទល្មើសកាប់រានដីព្រៃសហគមន៍ ហើយក៏បានរឹបអូសវត្ថុតាងប្រគល់ជូនឃុំ ប៉ុន្តែត្រូវជនល្មើសប្តឹងបកទៅតុលាការពីបទកំហែងយកមានស្ថានទំងន់ទោស ដូចនេះប្រធានបណ្តាញ និងសមាជិកទាំងអស់សម្រេចដាក់ប្រធានបទនេះមកជជែកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥ តុលា ឆ្នាំ២០១៧ ក្រោមជំនួយឧបត្ថម្ភពីគម្រោង SMCF-ICFMP ដែលបានថវិកាពី ForumSyd។
តាមរយៈការបកស្រាយបង្ហាញរបស់គណៈកម្មាការសហគមន៍អូរច្រាំងស គណៈកម្មាការគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត បានបញ្ជូនបញ្ហានេះទៅអភិបាលខេត្តកំពង់ធំ និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ យោងតាមការលិខិតស្នើសុំអន្តរាគមន៍ពីប្រធានបណ្តាញសហគមន៍ បានធ្វើលិខិតទៅតុលាការដំបូងខេត្តកំពង់ធំឲ្យជួយពិនិត្យលើករណីជម្លោះនេះ។ ជាលទ្ធផល តុលាការខេត្តកំពង់ធំ បានរំសាយសំណុំរឿងនេះ។
ករណីនេះបង្ហាញឲ្យឃើញថា បណ្តាញសហគមន៍ព្រៃឈើ និងគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តពិតជាបានដើរតួនាទីសំខាន់ក្នុងការជួយដោះស្រាយនូវបញ្ហាដែលសហគមន៍ជួបប្រទះក្នុងការអនុវត្តសកម្មភាពគ្រប់គ្រងសហគមន៍។