អំពី SRJS
ទន្លេមេគង្គ គឺជាអាងទន្លេសំបូរទៅដោយជីវៈចម្រុះនៅអាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក៏ជាទន្លេដ៏ធំជាងគេ ហើយមានសារៈសំខាន់បំផុតក្នុងការផ្តល់សេវាកម្មអេកូឡូស៊ី ម្ហូបអាហារ និងប្រាក់ចំណូល។ ប្រព័ន្ធអេកូឡូស៊ីនៅតាមដងទន្លេមេគង្គកំពុងទទួលរងនូវការគំរាមកំហែង តាមរយៈ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនានា រួមមានអាជីវកម្មរ៉ែ កសិពាណិជ្ជកម្ម និងទំនប់វារីអគ្គិសនីជាដើម។ល។ ភាពសមស្របនៃគោលនយោបាយ/ច្បាប់ និងការសម្រេចចិត្តប្រកបដោយការយកចិត្តទុកដាក់លើនិរន្តរភាព របស់ទន្លេ គឺជាការចាំបាច់បំផុតដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ធនធានរួម-ដំណោះស្រាយរួម (SRJS) គឺជាកម្មវិធី មានគោលបំណងដើម្បីគៀងគររាល់អ្នកពាក់ព័ន្ធ ផ្សេងៗនៅតាមតំបន់ទន្លេមេគង្គដែលរួមមាន រាជរដ្ឋាភិបាល សហគមន៍ អជ្ញាធរ មន្ត្រីជំនាញ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរួមជជែកពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហានានា ដែលប៉ះ ពាល់ដល់និរន្តរភាពនៃការប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ។ កម្មវិធីនេះបានលើកជាទ្រឹស្តីថា ភាពមិនស៊ីគ្នានៃការអនុវត្តន៍គោលនយោបាយ បណ្តាលអោយមានការធ្លាក់ចុះនូវជីវចម្រុះ ការបន្សុំាទៅនឹង ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងបរិមាណទឹក នៅតាមតំបន់ព្រៃលិចទឹកទន្លេមេគង្គក៏ដូចជា នៅក្នុងប្រទេសទាំងមូល។
កម្មវិធីនេះ នឹងបំពេញបន្ថែមលើកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)។ ការបំពេញ បន្ថែមនេះ រំពឹងថានឹងជួយដោះស្រាយភាពមិនស៊ីគ្នានៃគោលនយោបាយ តាមរយៈវេទិកាជជែកពិភាក្សា (កម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ការពង្រឹងសមត្ថភាព និងការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ ក្នុងការបង្កើត និងការអនុវត្តន៍គោលនយោបាយ ការពង្រឹងការអនុវត្តន៍ច្បាប់ ការសិក្សារៀនសូត្រ ការចែក រំលែកនូវបទពិសោធន៍ល្អៗ គំនិតច្នៃប្រឌិតថ្មីៗ និងវេទិកាជជែកពិភាក្សានានា។ល។
នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា កម្មវិធីធនធានរួម-ដំណោះស្រាយរួមនេះ បាននឹងកំពុង អនុវត្តដោយអង្គការដៃគូចំនួន៥ រួមមាន៖ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) អង្គការមូលនិធិពិភពលោកសម្រាប់ធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) និងវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តី ពីកម្ពុជា (NGO Forum)។
កម្មវិធីនេះមានទិសដៅក្នុងការរួមចំណែកដល់ការកែសម្រួល និងជម្រុញការអនុវត្តគោលនយោបាយ ដើម្បីធានាដល់និរន្តរភាពនៃការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិនៅតាមតំបន់ព្រៃលិចទឹកទន្លេ មេគង្គ។ កម្មវិធីនេះមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០) និងអនុវត្តនៅខេត្តចំនួន៣ រួមមាន៖ រតនគិរី ក្រចេះ និងស្ទឹងត្រែង។