ឯកសារអំពីសិទ្ធិ ចំណេះដឹង និងបណ្តាញ។
នៅពេលដែលឈ្មួញក្នុងស្រុកម្នាក់ព្យាយាមទន្ទ្រានយកដីព្រៃសហគមន៍អូរផ្លូវលោក ក្នុងខេត្តកំពង់ធំ កាលពីខែមករា ឆ្នាំ២០២១ សហគមន៍មូលដ្ឋានបានប្រញាប់ប្រញាល់ ក្នុងការការពារដីព្រៃសហគមន៍។
ពួកគេមានទំនុកចិត្តជឿជាក់ថា ពួកគេម្នាក់ៗសុទ្ធតែមានសិទ្ធិប្រើប្រាស់ដីលើសហគមន៍ព្រៃឈើ។
រដ្ឋាភិបាលកម្ពុជាទទួលស្គាល់សិទ្ធិរបស់សហគមន៍មូលដ្ឋានក្នុងការប្រើប្រាស់ និងអាស្រ័យផលពី
សហគមន៍ព្រៃឈើ ប្រសិនបើគេចុះបញ្ជីព្រៃសហគមន៍ស្របច្បាប់ និងអនុវត្តតាមផែនការគ្រប់គ្រងដែលត្រូវបានអនុម័ត។ សមាជិកសហគមន៍អូរផ្លូវលោក មានសិទ្ធិស្របច្បាប់លើព្រៃសហគមន៍ទំហំ៥២៨ ហិកតាក្នុងឃុំនីពេជ្រ ខណៈពេលដែលឈ្មួញក្នុងស្រុកគ្មានសិទ្ធិទេ ប៉ុន្តែកម្មកររបស់គេបានជីកប្រឡាយរួចហើយ នៅជុំវិញដីព្រៃសហគមន៍ចំនួន៧២ ហិកតា។
លោក ខៀវ ខូយ ដែលជាប្រធានសហគមន៍ព្រៃឈើមួយរូបទៀតនៅក្បែរនោះ និងជាបណ្តាញ
សហគមន៍ព្រៃឈើរបស់ឃុំបានមានប្រសាសន៍ថា “យើងបានប្រាប់គាត់ឱ្យបញ្ឈប់នូវអ្វីដែលគាត់កំពុង
ធ្វើគឺថាវាខុសច្បាប់ ហើយគាត់គ្មានសិទ្ធិកាប់ព្រៃឈើរបស់យើងទេ”។ “គាត់ខឹងខ្លាំងណាស់ ហើយគំរាមចាប់យើងទាំងអស់គ្នា។ គាត់និយាយថា គាត់ជាម្ចាស់ដី ប៉ុន្តែមិនមានឯកសារដើម្បីបញ្ជាក់ទេ»។
ការប្រឈមមុខដាក់គ្នាបានបញ្ចប់បន្ទាប់ពីរយៈពេលបួនថ្ងៃដែលឈ្មួញក្នុងតំបន់បានចាកចេញ ប៉ុន្តែផលវិបាករបស់វានៅតែបន្ត។ អ្វីដែលបានកើតឡើងបន្ទាប់បានបញ្ជាក់ថា សហគមន៍ព្រៃឈើអាចផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងការការពារព្រៃឈើ និងការចិញ្ចឹមជីវិតរបស់ពួកគេ។
ប៉ុន្តែវាក៏បានបង្ហាញផងដែរថាសិទ្ធិតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ សហគមន៍ក៏ត្រូវយល់ដឹងពីរបៀបអនុវត្តសិទ្ធិទាំងនោះផងដែរ។ ពួកគេត្រូវការឯកសារផ្លូវច្បាប់ និងការគាំទ្រពីបណ្តាញកាន់តែទូលំទូលាយ។ បើគ្មានអ្វីទាំងអស់នោះទេ ខូយ និងបុរសម្នាក់នៅក្នុងស្រុកឈ្មោះ រួន រ៉ន ដែលការពារព្រៃឈើសហគមន៍អូរផ្លូវលោក អាចនឹងត្រូវជាប់ពន្ធនាគារជាច្រើនខែ។
ការពារព្រៃឈើ
សហគមន៍មូលដ្ឋានដូចជា លោក ខូយ និង រ៉ុន បានប្រើប្រាស់ព្រៃឈើក្នុងស្រុកជាប្រភពអាហារ ថ្នាំពេទ្យ និងសម្ភារៈជាច្រើនជំនាន់មកហើយ។ ប៉ុន្តែព្រៃឈើក្នុងខេត្តកំពង់ធំបាននិងកំពុង រេចរិលយ៉ាងឆាប់រហ័ស។ ចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ ខេត្តនេះបានបាត់បង់គម្របព្រៃឈើចំនួន ៣៣០,០០០ ហិកតា យោងតាមទិន្នន័យរបស់ Global Forest Watch ជាងពាក់កណ្តាលនៃគម្របព្រៃនេះគឺជាព្រៃធម្មជាតិ។
ដូចនៅតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជាដែរ ការរីករាលដាលយ៉ាងឆាប់រហ័សនៃសម្បទានដីសេដ្ឋកិច្ច ក៏ដូចជាការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដី គឺជាប្រភពនៃការបាត់បង់ព្រៃសហគមន៍ ខណៈដែលការគំរាមកំហែងនៅតែបន្តកើតមាន សហគមន៍ព្រៃឈើផ្តល់ជាក្តីសង្ឃឹម។
ចាប់តាំងពីឆ្នាំ២០១៤ មក អង្គការរីខូហ្វបាននឹងកំពុងគាំទ្រសហគមន៍ រួមមានសហគមន៍របស់ ខូយ និង រ៉ុន តាមរយៈគម្រោង ភាពជាដៃគូលើវិស័យព្រៃឈើនិងជលផល អង្គការរីខូហ្វជួយពួកគេឱ្យចុះបញ្ជីសហគមន៍ព្រៃឈើរបស់ពួកគេស្របច្បាប់ និងបង្កើតព្រមទាំងអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើរបស់ពួកគេ។
អង្គការរីខូហ្វ គាំទ្របណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តកំពង់ធំ និងខេត្តផ្សេងទៀត ដោយផ្តល់ការ
បណ្តុះបណ្តាល សម្របសម្រួលកិច្ចប្រជុំបណ្តាញ និងធ្វើយ៉ាងណាឱ្យតំណាងបណ្តាញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត។ កិច្ចប្រជុំទាំងនេះអនុញ្ញាតឱ្យថ្នាក់ដឹកនាំសហគមន៍ព្រៃឈើបានចូលរួមកិច្ចប្រជុំជាមួយអភិបាលខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត។ សហគមន៍របស់ ខូយនិងរ៉ុន យល់ឃើញថា ទំនាក់ទំនងបែបនេះពិតជាមានសារៈសំខាន់។
ចំណាត់ការតុលាការ
នៅក្នុងខែមីនា ឆ្នាំ២០២១ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការប្រឈមមុខគ្នាដំបូង ឈ្មួញក្នុងតំបន់បានចោទប្រកាន់អ្នកភូមិចំនួន១២ នាក់ រួមទាំងខូយ និង រ៉ុន ពីបទប្រើប្រាស់អំពើហិង្សា។ ពួកគេទាំងអស់បានបដិសេធការចោទប្រកាន់នេះ។ ក្នុងរយៈពេល បីខែបន្ទាប់ តុលាការក្រុងកំពង់ធំបានកោះហៅសមាជិកសហគមន៍រាប់សិបនាក់មកសាកសួរ។
“ពេលខ្លះអ្នកកាប់ឈើខុសច្បាប់មានទំនាក់ទំនងជាមួយគណៈកម្មការគ្រប់គ្រងព្រៃឈើសហគមន៍ ដែលអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពខុសច្បាប់ ប៉ុន្តែពេលខ្លះអ្នកកាប់ឈើទាំងនេះមានលុយ និងខ្សែរយៈដើម្បីធ្វើការចោទប្រកាន់"។ -លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។
នៅពេលដែល ខូយ និង រ៉ុន ចូលបំភ្លឺតាមការសាកសួរនៅតុលាការនៅថ្ងៃទី៩ ខែមិថុនា ពួកគេទាំងពីរត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ នេះមានន័យថា ពួកគេ ក៏ដូចប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៦,០០០ នាក់ដែរ អាចជាប់នៅក្នុងពន្ធនាគារ ល្គឹកណាករណីរបស់ពួកគេបានឈានដល់ប្រព័ន្ធតុលាការ។
ដោយគ្មានទំនាក់ទំនងជាមួយអ្នកខាងក្រៅ ខូយមានការភ័យខ្លាច។ “ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំត្រូវជាប់ពន្ធនាគារ ហើយអ្នកដែលបានទន្ទ្រានយកដីរបស់យើងដោយខុសច្បាប់បែរជាមិនមានទោសទៅវិញ។ ខ្ញុំចង់ដឹងថាតើពេលណាទើបគេដោះលែងខ្ញុំចេញពីពន្ធនាគារ ខ្ញុំបារម្ភភ័យខ្លាចចំពោះគ្រួសារខ្ញុំ»។
ការឆ្លើយតបរហ័យ
នៅពេលដែល ខូយ និង រ៉ុន ជាប់ពន្ធនាគារ សមាជិកសហគមន៍ផ្សេងទៀតបានជូនជាដំណឹង ជម្រាបព័ត៌មានទៅក្រុមប្រឹក្សាឃុំ រដ្ឋបាលព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឈើខេត្ត។ តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ជាតិប្រចាំខេត្តកំពង់ធំ គឺលោកស្រី កែវ វណ្ណា ដែលជាប្រធានសហគមន៍
ព្រៃឈើភ្នំស្រួចផងដែរ ដោយបានចូលរួមជាមួយសហគមន៍ព្រៃឈើអស់រយៈពេលជាង ២០ឆ្នាំមកហើយ អ្នកស្រីដឹងច្បាស់ថាត្រូវធ្វើអ្វីដើម្បីការពារសិទ្ធិសហគមន៍។ ហើយអរគុណចំពោះទំនាក់ទំនងដ៏មានប្រសិទ្ធភាពដែលអ្នកស្រីបានបង្កើតនៅគ្រប់លំដាប់ថ្នាក់ភ្នាក់ងាររដ្ឋាភិបាល អ្នកស្រីដឹងថាត្រូវទាក់ទងទៅអ្នកណា។
វណ្ណា បានសរសេរលិខិតទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសមាជិករដ្ឋសភា និងតំណាងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ប្រការនេះបានញ៉ាំងឱ្យមានការចាប់អារម្មណ៍ពីតំណាងរាស្រ្ត និងមន្ត្រីក្រសួងកសិកម្ម ដែលបានចុះទៅខេត្តកំពង់ធំ ដើម្បីសាកសួរជុំវិញករណីនេះ។
តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេ វណ្ណា មន្ត្រីថ្នាក់ជាតិ និងមូលដ្ឋានពាក់ព័ន្ធ និងសមាជិក
សហគមន៍ព្រៃឈើបានស្វះស្វែងរកការដោះលែង ខូយ និង រ៉ុន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានភាពមិនច្បាស់លាស់រយៈពេលប្រាំបួនថ្ងៃ។
ចំណេះដឹង និងការយល់ដឹង
ករណីនេះបានលើកឡើងពីសារៈសំខាន់នៃចំណេះដឹង និងបណ្តាញ។ ប៉ុន្តែវាក៏បានបង្ហាញពីតម្រូវការសម្រាប់ការយល់ដឹងកាន់តែច្រើនក្នុងចំណោមឈ្មួញ និងតុលាការអំពីច្បាប់ដែលគាំទ្រជ្រោមជ្រែងសិទ្ធិរបស់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេ។
លោក ឈឿង ណេប ប្រធានក្រុមប្រឹក្សាឃុំ នី ពេជ្រ មានប្រសាសន៍ថា “យើងត្រូវធ្វើការលើកកម្ពស់ការយល់ដឹងបន្ថែមទៀតនៅក្រៅពីសហគមន៍ដែលគ្រប់គ្រងព្រៃឈើ។ “មានការខ្វះខាតការយល់ដឹងអំពីទស្សនទាននៃព្រៃឈើសហគមន៍នៅទូទាំងខេត្ត។
លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍ថា
សហគមន៍ក៏ត្រូវធ្វើបច្ចុប្បន្នភាពផងដែរ។
លោកថ្លែងថា៖ «គណៈកម្មការគ្រប់គ្រងព្រៃសហគមន៍មានការប្រែប្រួលតាមពេលវេលា។ “វាតែងតែមានតម្រូវការក្នុងការបណ្តុះបណ្តាលមនុស្សថ្មី និងធ្វើបច្ចុប្បន្នភាពលើបទប្បញ្ញត្តិថ្មីដែលមានស្រាប់។ ដូច្នេះការគាំទ្រត្រូវតែមានជាប្រចាំ»។
សម្លឹងទៅមុខ
លោក ខូយ លើកសរសើរពីការដោះលែងគាត់ពីពន្ធនាគារ ដោយសារតែសហគមន៍ព្រៃឈើមានភាពស្របច្បាប់ មានការចុះកិច្ចព្រមព្រៀងរវាងគណៈកម្មការសហគមន៍ព្រៃឈើ និងរដ្ឋបាលព្រៃឈើប៉ុន្តែគាត់លើកឡើងថាត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារសហគមន៍ព្រៃឈើ។
លោកថ្លែងថា៖ «ដើម្បីឲ្យមាននិរន្តរភាព យើងត្រូវការការគាំទ្របន្ថែមទៀតដើម្បីធ្វើឲ្យសហគមន៍ព្រៃឈើទទួលបានផលចំណេញ»។ «នោះជាវិធីដ៏ល្អបំផុតដើម្បីធានាថាព្រៃត្រូវបានការពារ»។
លោក រ៉ុន ក៏ព្រួយបារម្ភផងដែរ អំពីអនាគតព្រៃសហគមន៍អូរផ្លូវលោក។
គាត់ចង់ដឹងថា "តើមានអ្វីនឹងកើតឡើងនៅទីនេះប្រសិនបើអ្នកមានអំណាចណាម្នាក់ ព្យាយាមយកព្រៃរបស់យើង?"។ “យើងគ្រាន់តែជាអ្នកស្រុកដែលព្យាយាមការពារស្រុកកំណើតរបស់យើង។ យើងមិនមានលុយ ឬខ្សែរយៈនោះទេ ប៉ុន្តែប្រសិនបើយើងអាចបង្កើនការចូលរួមក្នុងការគ្រប់គ្រងព្រៃសហគមន៍ នោះយើងនឹងមានឱកាសតទល់»។
អ្នកស្រី វណ្ណា កំពុងធ្វើការលើមធ្យោបាយពង្រឹងការការពារព្រៃឈើសហគមន៍ ខេត្តកំពង់ធំ។ អ្នកស្រីមើលឃើញថា សហគមន៍ព្រៃឈើជាជោគជ័យមួយដែលអាចពង្រីកបាននូវវិសាលភាព។
អ្នកស្រីនិយាយថា៖ «បើទោះជាយ៉ាងណា សម្រាប់រឿងនោះ អ្នកត្រូវការមេដឹកនាំដែលមានការប្តេជ្ញាចិត្ត មិនពាក់ព័ន្ធនឹងអំពើពុករលួយ។ “អ្នកត្រូវការមនុស្សដែលមកពីសហគមន៍ ហើយចង់តបស្នង
ត្រឡប់ទៅសហគមន៍របស់ពួកគេវិញ។ នោះជាគន្លឹះនៃការជោគជ័យ»។
###
គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា (PaFF) កំពុងជួយប្រជាជនកម្ពុជានៅមូលដ្ឋាន ទទួលបានពីការពង្រឹងសិទ្ធិលើព្រៃឈើ និងជលផល។ ភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ
ស៊ុយអែត ( ស៊ីដា ) កំពុងសហការផ្តល់មូលនិធិដល់ដំណាក់កាលទីបី និងជាដំណាក់កាលចុងក្រោយ ដែលដំណើរការពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣។ សម្ព័ន្ធនៃអង្គការចំនួនបួនកំពុងអនុវត្តគម្រោង PaFF៖ អង្គការរីខូហ្វ RECOFTC, អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP), អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) និងសមាគមថែរក្សាវប្បធម៌និងបរិស្ថាន(CEPA). សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.recoftc.org/en/cambodia/projects/paff