ចំណេះដឹងនិងបណ្តាញគឺជាគន្លឹះក្នុងការការពារ សហគមន៍ព្រៃឈើនៅកម្ពុជា

23 August 2022
RECOFTC
Stories of Change
ការគំរាមកំហែងដល់សហគមន៍ព្រៃឈើក្នុងខេត្តកំពង់ធំបានបង្ហាញពីសារៈសំខាន់នៃការចងក្រង
ឯកសារអំពីសិទ្ធិ ចំណេះដឹង និងបណ្តាញ។

នៅពេលដែលឈ្មួញក្នុងស្រុកម្នាក់ព្យាយាមទន្ទ្រានយកដីព្រៃសហគមន៍អូរផ្លូវលោក ក្នុងខេត្តកំពង់ធំ កាលពីខែមករា ឆ្នាំ២០២១ សហគ​មន៍មូលដ្ឋានបានប្រញាប់ប្រញាល់ ក្នុងការការពារដីព្រៃសហគមន៍។
ពួកគេ​មាន​ទំនុក​ចិត្ត​ជឿជាក់ថា 
ពួកគេ​ម្នាក់ៗសុទ្ធតែ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​លើ​សហគមន៍ព្រៃឈើ។

រដ្ឋាភិបាលកម្ពុជាទទួលស្គាល់សិទ្ធិរបស់សហគមន៍មូលដ្ឋានក្នុងការប្រើប្រាស់ និងអាស្រ័យផលពី
សហគមន៍ព្រៃឈើ ប្រសិនបើគេចុះបញ្ជីព្រៃសហគមន៍ស្របច្បាប់ និងអនុវត្តតាមផែនការគ្រប់គ្រងដែលត្រូវបានអនុម័ត។ ​សមាជិក​សហគមន៍​អូរ​ផ្លូវលោក មាន​សិទ្ធិ​ស្របច្បាប់​លើ​ព្រៃសហគមន៍ទំហំ​៥២៨ ​ហិកតា​ក្នុង​ឃុំ​នី​ពេជ្រ ខណៈពេលដែល​ឈ្មួញ​ក្នុងស្រុក​គ្មានសិទ្ធិ​ទេ​ ប៉ុន្តែ​កម្មករ​របស់​គេបាន​ជីក​ប្រឡាយ​រួច​ហើយ ​នៅ​ជុំវិញ​ដី​ព្រៃ​សហគមន៍​ចំនួន៧២ ហិកតា។

ផែនទីប្រទេសកម្ពុជា

តើមានសហគមន៍ព្រៃឈើចំនួនប៉ុន្មាន?

នៅក្នុងខេត្តកំពង់ធំមានសហគមន៍ព្រៃឈើចំនួន ៨៣ សហគមន៍ ដែលមានផ្ទៃដីចំនួន ៧ ម៉ឺនហិកតាប៉ុន្តែសហគមន៍ព្រៃឈើចំនួន១៤ ពុំទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសារតែបញ្ហាជាមួយនឹងការបោះបង្គោលព្រំដីសហគមន៍ ខណៈដែល ២៧ សហគមន៍ត្រូវការជំនួយគាំទ្របច្ចេកទេសដើម្បីអភិវឌ្ឍផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។

លោក ខៀវ ខូយ ដែលជាប្រធានសហគមន៍ព្រៃឈើមួយរូបទៀតនៅក្បែរនោះ និងជាបណ្តាញ
សហគមន៍ព្រៃឈើរបស់ឃុំបានមានប្រសាសន៍ថា “យើងបានប្រាប់គាត់ឱ្យបញ្ឈប់នូវអ្វីដែលគាត់កំពុង
ធ្វើគឺថាវាខុសច្បាប់ ហើយគាត់គ្មានសិទ្ធិកាប់ព្រៃឈើរបស់យើងទេ”។ “គាត់​ខឹង​ខ្លាំង​ណាស់ ហើយ​គំរាម​ចាប់​យើង​ទាំង​អស់​គ្នា។ គាត់​និយាយ​ថា គាត់​ជា​ម្ចាស់​ដី ប៉ុន្តែ​មិន​មានឯកសារ​ដើម្បី​បញ្ជាក់​​ទេ»។

Khiev Khoy and other community members exercise their rights by conducting patrols to protect the land they manage.
លោក ខៀវ ខូយ និងសមាជិកសហគមន៍ផ្សេងទៀតអនុវត្តសិទ្ធិរបស់ពួកគេដោយដឹកនាំការល្បាតដើម្បីការពារដីដែលខ្លួនគ្រប់គ្រង។

ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​បញ្ចប់​បន្ទាប់​ពី​រយៈពេលបួន​ថ្ងៃ​ដែល​ឈ្មួញ​ក្នុង​តំបន់​បាន​ចាកចេញ ប៉ុន្តែ​ផលវិបាក​របស់​វា​នៅ​តែ​បន្ត។ អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​បាន​បញ្ជាក់​ថា សហគមន៍​ព្រៃឈើ​អាច​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​ព្រៃឈើ និង​ការ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ។

ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​សិទ្ធិ​តែ​មួយ​មុខ​មិន​ទាន់គ្រប់គ្រាន់​ទេ។ សហគមន៍ក៏ត្រូវយល់ដឹងពីរបៀបអនុវត្តសិទ្ធិទាំងនោះផងដែរ។ ពួកគេត្រូវការឯកសារផ្លូវច្បាប់ និងការគាំទ្រពីបណ្តាញកាន់តែទូលំទូលាយ។ បើគ្មានអ្វីទាំងអស់នោះទេ ខូយ និងបុរសម្នាក់នៅក្នុងស្រុកឈ្មោះ រួន រ៉ន ដែលការពារព្រៃឈើសហគមន៍អូរផ្លូវលោក អាចនឹងត្រូវជាប់ពន្ធនាគារជាច្រើនខែ។

ការពារព្រៃឈើ

សហគមន៍មូលដ្ឋានដូចជា លោក​ ខូយ និង រ៉ុន បានប្រើប្រាស់ព្រៃឈើក្នុងស្រុកជាប្រភពអាហារ ថ្នាំពេទ្យ និងសម្ភារៈជាច្រើនជំនាន់មកហើយ។ ប៉ុន្តែ​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ធំ​បាន​និង​កំពុង ​រេចរិល​យ៉ាង​ឆាប់​រហ័ស។ ចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ ខេត្តនេះបានបាត់បង់គម្របព្រៃឈើចំនួន ៣៣០,០០០ ហិកតា យោងតាមទិន្នន័យរបស់ Global Forest Watch ជាងពាក់កណ្តាលនៃគម្របព្រៃនេះគឺជាព្រៃធម្មជាតិ។
 
ដូចនៅតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជាដែរ ការរីករាលដាលយ៉ាងឆាប់រហ័សនៃសម្បទានដីសេដ្ឋកិច្ច ក៏ដូចជាការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដី គឺជាប្រភពនៃការបាត់បង់ព្រៃសហគមន៍ ខណៈដែលការគំរាមកំហែងនៅតែបន្តកើតមាន សហគមន៍ព្រៃឈើផ្តល់ជាក្តីសង្ឃឹម។

ចាប់តាំងពីឆ្នាំ២០១៤  មក អង្គការរីខូហ្វបាននឹងកំពុងគាំទ្រសហគមន៍ រួមមានសហគមន៍របស់ ខូយ និង រ៉ុន តាមរយៈគម្រោង ភាពជាដៃគូលើវិស័យព្រៃឈើនិងជលផល អង្គការរីខូហ្វជួយពួកគេឱ្យចុះបញ្ជីសហគមន៍ព្រៃឈើរបស់ពួកគេស្របច្បាប់ និងបង្កើតព្រមទាំងអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើរបស់ពួកគេ។
 

ជម្លោះដីធ្លីបានកើតឡើងនៅក្នុងព្រៃសហគមន៍អូរផ្លូវលោក ក្នុងខេត្តកំពង់ធំ នៅពេលដែលឈ្មួញក្នុងស្រុកម្នាក់បានជីកប្រឡាយដោយខុសច្បាប់
ជម្លោះដីធ្លីបានកើតឡើងនៅក្នុងព្រៃសហគមន៍អូរផ្លូវលោក ក្នុងខេត្តកំពង់ធំ នៅពេលដែលឈ្មួញក្នុងស្រុកម្នាក់បានជីកប្រឡាយដោយខុសច្បាប់

អង្គការរីខូហ្វ គាំទ្របណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តកំពង់ធំ និងខេត្តផ្សេងទៀត ដោយផ្តល់ការ
បណ្តុះបណ្តាល សម្របសម្រួលកិច្ចប្រជុំបណ្តាញ និងធ្វើយ៉ាងណាឱ្យតំណាងបណ្តាញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត។ កិច្ចប្រជុំ​ទាំងនេះ​អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​សហគមន៍​ព្រៃឈើ​បានចូលរួមកិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។ សហគមន៍របស់ ខូយ​និងរ៉ុន យល់ឃើញថា ទំនាក់ទំនងបែបនេះពិតជាមានសារៈសំខាន់។

ចំណាត់ការតុលាការ

នៅក្នុងខែមីនា ឆ្នាំ២០២១ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការប្រឈមមុខគ្នាដំបូង ឈ្មួញក្នុងតំបន់បានចោទប្រកាន់អ្នកភូមិចំនួន១២ នាក់ រួមទាំងខូយ និង រ៉ុន ពីបទប្រើប្រាស់អំពើហិង្សា។ ពួកគេ​ទាំង​អស់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ក្នុងរយៈពេល បីខែបន្ទាប់ តុលាការក្រុងកំពង់ធំបានកោះហៅសមាជិកសហគមន៍រាប់សិបនាក់មកសាកសួរ។

 ពេលខ្លះអ្នកកាប់ឈើខុសច្បាប់មានទំនាក់ទំនងជាមួយគណៈកម្មការគ្រប់គ្រងព្រៃឈើសហគមន៍ ដែលអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពខុសច្បាប់​ ប៉ុន្តែពេលខ្លះអ្នកកាប់ឈើទាំងនេះមានលុយ និងខ្សែរយៈដើម្បីធ្វើការចោទប្រកាន់"។ -លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ។ 

 

នៅពេលដែល ខូយ និង រ៉ុន ចូលបំភ្លឺតាមការសាកសួរនៅតុលាការនៅថ្ងៃទី៩ ខែមិថុនា ពួកគេទាំងពីរត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ នេះ​មាន​ន័យ​ថា ពួក​គេ ក៏ដូច​​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៦,០០០ នាក់​ដែរ អាចជាប់​នៅ​ក្នុង​ពន្ធនាគារ​ ល្គឹកណា​ករណី​របស់​ពួកគេ​បាន​ឈាន​ដល់​ប្រព័ន្ធ​តុលាការ។

ដោយ​គ្មាន​ទំនាក់ទំនងជាមួយអ្នកខាងក្រៅ ខូយមានការ​ភ័យ​ខ្លាច។ “ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំត្រូវជាប់ពន្ធនាគារ ហើយអ្នកដែលបានទន្ទ្រានយកដីរបស់យើងដោយខុសច្បាប់បែរជាមិនមានទោសទៅវិញ។ ខ្ញុំចង់ដឹងថាតើពេលណាទើបគេដោះលែងខ្ញុំចេញពីពន្ធនាគារ ខ្ញុំ​បារម្ភភ័យខ្លាចចំពោះ​គ្រួសារ​ខ្ញុំ»។

Khiev Khoy, sits on the stairs of his home after being released from jail on 18 June 2022.
លោក ខៀវ ខូយ អង្គុយ​លើ​ជណ្តើរ​ផ្ទះ​របស់​លោក បន្ទាប់​ពី​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ ២០២២។


ការឆ្លើយតបរហ័យ

នៅពេលដែល ខូយ និង រ៉ុន ជាប់ពន្ធនាគារ សមាជិកសហគមន៍ផ្សេងទៀតបានជូនជាដំណឹង ជម្រាបព័ត៌មានទៅក្រុមប្រឹក្សាឃុំ រដ្ឋបាលព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឈើខេត្ត។ តំណាង​បណ្តាញ​សហគមន៍​ព្រៃឈើ​ថ្នាក់ជាតិ​ប្រចាំ​ខេត្តកំពង់ធំ គឺ​លោកស្រី កែវ វណ្ណា ដែលជា​ប្រធាន​សហគមន៍
​ព្រៃឈើភ្នំ​ស្រួច​ផងដែរ
ដោយ​បាន​ចូល​រួម​ជាមួយ​សហគមន៍​ព្រៃឈើ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ អ្នកស្រី​ដឹង​ច្បាស់ថា​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ការពារ​សិទ្ធិ​សហគមន៍។ ហើយអរគុណចំពោះទំនាក់ទំនងដ៏មានប្រសិទ្ធភាពដែលអ្នកស្រីបានបង្កើតនៅគ្រប់លំដាប់ថ្នាក់ភ្នាក់ងាររដ្ឋាភិបាល អ្នកស្រីដឹងថាត្រូវទាក់ទងទៅអ្នកណា។

វណ្ណា បានសរសេរលិខិតទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសមាជិករដ្ឋសភា និងតំណាងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
ប្រការនេះបានញ៉ាំងឱ្យមានការចាប់អារម្មណ៍ពីតំណាងរាស្រ្ត និងមន្ត្រីក្រសួងកសិកម្ម ដែលបានចុះទៅខេត្តកំពង់ធំ ដើម្បីសាកសួរជុំវិញករណីនេះ។

តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេ វណ្ណា មន្ត្រីថ្នាក់ជាតិ និងមូលដ្ឋានពាក់ព័ន្ធ និងសមាជិក
សហគមន៍ព្រៃឈើបានស្វះស្វែងរកការដោះលែង ខូយ និង រ៉ុន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានភាពមិនច្បាស់លាស់រយៈពេលប្រាំបួនថ្ងៃ។

Roun Ron was released from jail thanks to the support of the  community forestry  network.
រួន រ៉ុន ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដោយសារ​ការ​គាំទ្រ​ពី​បណ្តាញ​សហគមន៍​ព្រៃឈើ។


ចំណេះដឹង និងការយល់ដឹង

ករណីនេះបានលើកឡើងពីសារៈសំខាន់នៃចំណេះដឹង និងបណ្តាញ។ ប៉ុន្តែវាក៏បានបង្ហាញពីតម្រូវការសម្រាប់ការយល់ដឹងកាន់តែច្រើនក្នុងចំណោមឈ្មួញ និងតុលាការអំពីច្បាប់ដែលគាំទ្រជ្រោមជ្រែងសិទ្ធិរបស់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេ។

លោក ឈឿង ណេប ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ នី ពេជ្រ មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ធ្វើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​ទៀត​នៅ​ក្រៅ​ពីសហគមន៍​ដែល​គ្រប់​គ្រង​ព្រៃ​ឈើ។ “មានការខ្វះខាតការយល់ដឹងអំពីទស្សនទាននៃព្រៃឈើសហគមន៍នៅទូទាំងខេត្ត។

លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានប្រសាសន៍ថា
សហគមន៍ក៏ត្រូវធ្វើបច្ចុប្បន្នភាពផងដែរ។

លោក​ថ្លែង​ថា​៖ «​គណៈកម្មការ​គ្រប់​គ្រង​ព្រៃ​សហគមន៍​មានការប្រែប្រួល​តាម​ពេលវេលា។ “វាតែងតែមានតម្រូវការក្នុងការបណ្តុះបណ្តាលមនុស្សថ្មី និងធ្វើបច្ចុប្បន្នភាពលើបទប្បញ្ញត្តិថ្មីដែលមានស្រាប់។ ដូច្នេះ​ការ​គាំទ្រ​ត្រូវ​តែ​មាន​ជា​ប្រចាំ»។

សម្លឹងទៅមុខ

លោក ខូយ លើកសរសើរពីការដោះលែងគាត់ពីពន្ធនាគារ ដោយសារតែសហគមន៍ព្រៃឈើមានភាពស្របច្បាប់ មានការចុះកិច្ចព្រមព្រៀងរវាងគណៈកម្មការសហគមន៍ព្រៃឈើ និងរដ្ឋបាលព្រៃឈើប៉ុន្តែគាត់លើកឡើង​ថា​ត្រូវ​តែ​ធ្វើ​បន្ថែម​ទៀតដើម្បី​ការពារ​សហគមន៍ព្រៃឈើ។

លោក​ថ្លែង​ថា​៖ «​ដើម្បី​ឲ្យ​មាន​និរន្តរភាព យើង​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ព្រៃឈើ​ទទួល​បាន​ផល​ចំណេញ»«នោះ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ថា​ព្រៃ​ត្រូវ​បាន​ការពារ»

លោក រ៉ុន ក៏​ព្រួយ​បារម្ភផងដែរ អំពី​អនាគត​ព្រៃ​សហគមន៍​អូរ​ផ្លូវលោក។

គាត់ចង់ដឹងថា "តើមានអ្វីនឹងកើតឡើងនៅទីនេះប្រសិនបើអ្នកមានអំណាចណាម្នាក់ ព្យាយាមយកព្រៃរបស់យើង?"យើងគ្រាន់តែជាអ្នកស្រុកដែលព្យាយាមការពារស្រុកកំណើតរបស់យើង។ យើង​មិន​មាន​លុយ ឬ​ខ្សែរយៈនោះទេ ប៉ុន្តែ​ប្រសិនបើ​យើង​អាច​បង្កើន​ការ​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​សហគមន៍ នោះ​យើង​នឹង​មាន​ឱកាសតទល់»

អ្នកស្រី វណ្ណា កំពុងធ្វើការលើមធ្យោបាយពង្រឹងការការពារព្រៃឈើសហគមន៍ ខេត្តកំពង់ធំ។ អ្នកស្រី​មើល​ឃើញ​ថា សហគមន៍​ព្រៃឈើ​ជា​ជោគជ័យ​មួយ​ដែល​អាច​ពង្រីក​បាននូវវិសាលភាព។

អ្នក​ស្រី​និយាយ​ថា​៖ «បើទោះជាយ៉ាងណា ​សម្រាប់​រឿង​នោះ អ្នក​ត្រូវ​ការ​មេ​ដឹក​នាំ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ អ្នកត្រូវការមនុស្សដែលមកពីសហគមន៍ ហើយចង់តបស្នង
ត្រឡប់ទៅសហគមន៍របស់ពួកគេវិញ។ នោះ​ជា​គន្លឹះ​នៃ​ការ​ជោគជ័យ»

Keo Vanna sits at her desk writing a plan for 2022 community forestry activities.
កែវ វណ្ណា អង្គុយនៅតុសរសេរផែនការសកម្មភាពសហគមន៍ព្រៃឈើឆ្នាំ២០២២។

###

គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា (PaFF) កំពុងជួយប្រជាជនកម្ពុជានៅមូលដ្ឋាន ទទួលបានពីការពង្រឹងសិទ្ធិលើព្រៃឈើ និងជលផល។ ភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ
ស៊ុយអែត ( ស៊ីដា ) កំពុងសហការផ្តល់មូលនិធិដល់ដំណាក់កាលទីបី និង
ជាដំណាក់កាលចុងក្រោយ ដែលដំណើរការពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២៣។ សម្ព័ន្ធនៃអង្គការចំនួនបួនកំពុងអនុវត្តគម្រោង PaFFអង្គការរីខូហ្វ RECOFTC, អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP), អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) និងសមាគមថែរក្សាវប្បធម៌និងបរិស្ថាន(CEPA). សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.recoftc.org/en/cambodia/projects/paff