RECOFTC កម្ពុជា
រឿង

បណ្តាញស្ត្រីកម្ពុជាកែប្រែការរស់នៅស្របពេលជាមួយគ្នានឹងមានការជំរុញសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ

31 March 2023
RECOFTC
Stories of Change
បណ្តាញស្ត្រីនៅក្នុងវិស័យព្រៃឈើបានជំរុញស្ត្រីឱ្យកាន់តួនាទីជាអ្នកដឹកនាំបន្ថែមទៀតនៅក្នុងវិស័យសាធារណៈ។
ពួកគេបានផ្តល់ឱ្យស្ត្រីនូវវិធីសាស្រ្ត និងមូលដ្ឋានគ្រឹះដែលចាំបាច់ដើម្បីឈានទៅកាន់តួនាទីក្នុងការការពារ និងគ្រប់គ្រង
សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ។

ឈៀន សាវី និយាយ​ថា​គាត់ធ្លាប់​ធ្វើតាមផ្នត់គំនិតដែលបានកំណត់ថាស្រ្តីខ្មែរគួរតែធ្វើអ្វី៖
ក្នុងនាមជា
ម្តាយដែលមានកូនបីនាក់នៅក្នុង​ភូមិ​ភ្នំ ​ជើង លៀង ក្នុងខេត្តកំពង់ឆ្នាំង នាង​ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​និយាយ​អំពី​បញ្ហា​ដែលសំខាន់​ចំពោះ​គាត់ដូច្នេះ​ហើយ​ក៏មិនចង់ចូលរូម​ពី​ព្រឹត្តិការណ៍សាធារណៈ។

គាត់ខ្លាចអ្វីដែលជាការលើកឡើងរបស់គាត់ "មិនត្រឹមត្រូវ" ហើយថាមនុស្សនឹងមើលស្រាលការលើកឡើងទាំងអស់នោះរបស់គាត់។

ឥឡូវនេះគាត់គឺជាមេភូមិដែលមានចំណង់ចំណូលចិត្តក្នុងការនិយាយជាសាធារណៈ។

សាវី គឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីខ្មែរមួយក្រុម ដែលជីវិតរបស់គាត់បន្ទាប់បានផ្លាស់ប្រែបន្ទាប់ពីបានចូលរួមជាមួយបណ្តាញស្ត្រីដែលសម្របសម្រួលដោយ អង្គការរីខូហ្វ (RECOFTC ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិតាមសហគមន៍៖ដែលបណ្តាញមួយផ្តោតលើសហគមន៍ព្រៃឈើនិងមួយទៀតផ្តោតលើសហគមន៍តំបន់ការពារធម្មជាតិ។ បណ្តាញទាំងពីរបានពង្រឹងចំណេះដឹង និងជំនាញរបស់សមាជិក បង្កើនទំនុកចិត្តរបស់ពួកគេនិងពង្រឹងតួនាទីរបស់ពួកគេនៅក្នុងសហគមន៍។

សាវី លើកឡើងសង្ខេបថា “ការចូលរួមនៅក្នុងបណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិបានផ្តល់
ឱកាសឱ្យខ្ញុំមើលឃើញអ្វីដែលលើសពីសហគមន៍របស់ខ្ញុំ”
“ខ្ញុំបានធ្វើដំណើរជាច្រើនទៅខេត្តផ្សេងៗ ខ្ញុំបានទៅប្រជុំជាមួយក្រសួងបរិស្ថានដើម្បីចែករំលែកបទពិសោធន៍ និងតម្រូវការរបស់សហគមន៍ខ្ញុំ»

សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ គឺជាយន្តការពីរដែលប្រតិភូកម្មនៃរដ្ឋាភិបាលប្រទេសកម្ពុជាទទួលខុសត្រូវក្នុងការគ្រប់គ្រងព្រៃឈើ និងធនធានដល់សហគមន៍មូលដ្ឋាន។  ទោះបីជាយន្តការទាំងនេះផ្តល់សិទ្ធិអំណាចដល់សហគមន៍ទូទាំងប្រទេសក៏ដោយ ក៏ស្ត្រីពុំសូវទទួលបានឱកាស ហើយមានតំណាងតិចតួចនៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត។

គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ

វិធីសាស្រ្តពីរដែលពង្រឹងសិទ្ធិអំណាចសហគមន៍

យន្តការសហគមន៍ព្រៃឈើរបស់កម្ពុជាធ្វើយ៉ាងណា ឱ្យសហគមន៍អាចគ្រប់គ្រងតំបន់ដែលបានកំណត់ថាជាព្រៃផលិតកម្ម។ តំបន់ទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍អាចប្រើប្រាស់ និងលក់អនុផលព្រៃឈើពីព្រៃសហគមន៍របស់ពួកគេ។ពួកគេក៏អាចលក់ឈើពីដើមឈើដែលពួកគេបានដាំនៅក្នុងព្រៃសហគមន៍នេះផងដែរ។

លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វកម្ពុជា មានប្រសាសន៍ថា “នោះហើយជាមូលហេតុសំខាន់ក្នុងការបង្កើតឱ្យមានបណ្តាញជាពិសេសសម្រាប់ស្ត្រី ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងព្រៃផ្តល់ផល និងតំបន់ការពារដោយការកសាងជំនាញ និងទំនាក់ទំនងជាមួយស្ត្រីដទៃទៀត” ។

លោកស្រី កល្យាណ ពន្យល់ថា “បណ្តាញស្រ្តីនីមួយៗ គឺជាវេទិកា កន្លែង និងជាប្រព័ន្ធគាំទ្រ ដែលស្ត្រីអាចរៀន ចែករំលែកនិងបង្កើតទំនាក់ទំនងរបស់ពួកគេជាមួយគ្នា”។ "ស្ត្រីត្រូវការការគាំទ្របន្ថែមទៀត។ បណ្តាញទាំងនេះផ្តល់បរិយាកាសសុវត្ថិភាពសម្រាប់ពួកគេក្នុងការនិយាយ និងបន្លឺសម្លេងនូវក្តីកង្វល់របស់ពួកគេ”។

 

ការភ្ជាប់ស្រ្តីជាមួយគ្នា

កាលពីខែកញ្ញា ឆ្នាំ២០១៩ RECOFTC បានសហការជាមួយក្រុមការងារយេនឌ័ររបស់ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដើម្បីបង្កើតបណ្តាញសម្រាប់ស្ត្រីដែលជាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ។ បណ្តាញនេះបច្ចុប្បន្នមានសមាជិកចំនួន៣០ នាក់មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន២០ ក្នុងខេត្តចំនួន១៥ ។

“បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពរបស់ស្រ្តី
ទាក់ទងនឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ សមភាពយេនឌ័រ ភាពជាអ្នកដឹកនាំជំនាញទន់និងក្នុងការផ្តល់បរិយាកាសអំណោយផលសម្រាប់ស្រ្តីបង្ហាញ និងចែករំលែកការអនុវត្តរបស់ពួកគាត់”ការយល់ឃើញរបស់លោកស្រី លី សុភ័ណ្ឌ។លោកស្រី គឺជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្នុងក្រសួងបរិស្ថាន និងជាអ្នកដឹកនាំយេនឌ័រម្នាក់នៅក្នុងគម្រោងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ
( WAVES )របស់អង្គការរីខូហ្វ។ 

លោកស្រីមានប្រសាសន៍ថា“សិទ្ធិស្ត្រីគឺជាសិទ្ធិមនុស្ស ហើយសំឡេងរបស់ស្ត្រីត្រូវតែត្រូវបានស្តាប់ឮនិងផ្តល់សារៈសំខាន់ស្មើៗគ្នាដូចជាបុរសដែរ”លោកស្រីបន្ថែមថា បណ្តាញស្ត្រីកំពុងផ្តល់សិទ្ធិអំណាចដល់សមាជិកឱ្យចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍន៍សហគមន៍និងការគ្រប់គ្រងសហគមន៍តំបន់ការពារ
ធម្មជាតិសហគមន៍របស់ពួកគាត់រួមទាំងនៅក្នុងតួនាទីជាអ្នកដឹកនាំ។

Women discussing during the workshop
ស៊ូ សុន្ទរី បង្ហាញពីជំហានក្នុងការបង្កើត និងនិយ័តកម្មសហគមន៍តំបន់ការពារធម្មជាតិនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ក្នុងប្រទេសកម្ពុជា។

បណ្តាញស្ត្រីទីពីរសម្រាប់ស្ត្រីចូលរួមក្នុងសហគមន៍ព្រៃឈើត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់អង្គការរីខូហ្វតាមរយៈគម្រោង ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅប្រទេសកម្ពុជាកម្ពុជានិងសហការជាមួយក្រុមការងារយេនឌ័ររបស់រដ្ឋបាលព្រៃឈើ។ បណ្តាញនេះបានរួមគ្នាជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២២ ឥឡូវនេះបណ្តាញមានសមាជិកចំនួន៣៣​ នាក់មកពីសហគមន៍ព្រៃឈើចំនួន៣០ក្នុងខេត្តចំនួនប្រាំបួន។

ដោយមានការគាំទ្រជាបន្តបន្ទាប់ពីកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើនិងជលផលនៅប្រទេសកម្ពុជាដំណាក់កាលទី៣ និងការចូលរួមពីបណ្តាក្រសួងនៃរដ្ឋាភិបាលក្នុងប្រទេស បណ្តាញនីមួយៗជួបប្រជុំគ្នាពី២ទៅ៤ដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាជិក។ ពួកគេយល់ស្របលើជំហានសម្រាប់ការពង្រឹងការអនុវត្ត និងចំណុចខ្លាំងរបស់ក្រុមពួកគេ។ ពួកគេអាចចុះទស្សនកិច្ចសិក្សាទៅកាន់សហគមន៍របស់សមាជិកបណ្តាញលើការគ្រប់គ្រងសហគមន៍ព្រៃឈើ ឬសហគមន៍តំបន់ការពារធម្មជាតិរបស់សមាជិកដើម្បីសិក្សាពីវិធីសាស្រ្តគ្រប់គ្រងសហគមន៍។ ទន្ទឹមនឹងកិច្ចប្រជុំ សមាជិកក៏បានប្រើប្រាស់កម្មវិធីផ្ញើសារ ដើម្បីផ្តល់និងទទួលព័ត៌មានថ្មីៗអំពីសកម្មភាពរបស់ពួកគេ។

ការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់ស្រ្តី

រីខូហ្វផ្តល់ការបណ្តុះបណ្តាលដល់បណ្តាញស្ត្រីទាំងពីរ។ ប្រធានបទរួមមាន ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងព្រៃឈើ ការគ្រប់គ្រងព្រៃឈើ របៀបរៀបចំនិយ័តកម្មសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ របៀបប្រើប្រាស់បច្ចេកវិទ្យា និងរបៀបកត់ត្រា និងរាយការណ៍បទល្មើសព្រៃឈើ។

អុន ចាន់ស្រីល័ក្ខ មន្ត្រីទំនាក់ទំនងរបស់អង្គការរីខូហ្វកម្ពុជាលើកឡើងថា"ការបណ្តុះបណ្តាលរបស់យើងបានអភិវឌ្ឍន៍សមត្ថភាពលើ ការសម្រប
សម្រួលការទំនាក់ទំនង ការដោះស្រាយជម្លោះ និងជំនាញភាពជាអ្នកដឹកនាំរបស់សមាជិកនៃបណ្តាញស្ត្រីទាំងពីរ "។ “យើងក៏ផ្តោតទៅលើ
ការ
ពង្រឹងបន្ថែមលើរបៀបសរសេររបាយការណ៍និងកំណត់ហេតុ។សរុបមកវគ្គបណ្តុះបណ្តាលទាំងនេះពង្រឹងសហគមន៍មូលដ្ឋានដែល
ទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ”។

រីខូហ្វជ្រើសរើស "សមាជិកឆ្នើម"ពីបណ្តាញនីមួយៗ តំណាងឱ្យសមាជិក និងលើកកម្ពស់ការគាំទ្រដោយការរំលេចបង្ហាញសកម្មភាពរបស់ពួកគេដល់សាធារណៈជននិងរដ្ឋាភិបាល។ អ្នកតំណាងបណ្តាញមួយចំនួនបានចូលរួមកិច្ចប្រជុំជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បី
ពិភាក្សាបង្ហាញពីតម្រូវការនិងអាទិភាពនៃសហគមន៍របស់ពួកគេ។

អ្នកស្រី ភោគ ហុង ដែលជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល ក្នុងខេត្តព្រះវិហារមានប្រសាសន៍ថា
“បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិ បានផ្តល់ឱកាសឱ្យខ្ញុំបង្ហាញពីការយល់ឃើញរបស់
ខ្ញុំផ្ទាល់ដោយគ្មានការវិនិច្ឆ័យនិងអាចឱ្យខ្ញុំ
ចូលរួមក្នុងកិច្ចប្រជុំនៅថ្នាក់ក្រសួង កិច្ចប្រជុំរៀបចំផែនការ និងវេទិកានានា” ។

លទ្ធផលជះឥទ្ធិពលទៅដល់សមាជិកនិងសហគមន៍របស់ពួកគេ

លោកស្រី វង្ស សុបញ្ញា អគ្គនាយករងនៃរដ្ឋបាលព្រៃឈើនិងជាប្រធានក្រុមការងារយេនឌ័រ ដែលជាអ្នកដឹកនាំយេនឌ័រម្នាក់ទៀតនៅក្នុងកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ (WAVES) របស់អង្គការរីខូហ្វ (RECOFTC) មានប្រសាសន៍ថា “វាមានសារៈសំខាន់ណាស់ដែលមានបណ្តាញជាពិសេសសម្រាប់ស្ត្រី ព្រោះវាផ្តល់បរិយាកាសអំណោយផលសម្រាប់ពួកគេរៀនពីគ្នាទៅវិញទៅមកតាម
រយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេនៅក្នុងកិច្ចប្រជុំ។ “ពួកគាត់ចែករំលែកគ្នាបណ្តើរ រៀនសូត្រពីគ្នាបណ្តើរ។

Training
តំណាងស្ត្រីចំនួនប្រាំនាក់នៃសហគមន៍ព្រៃឈើរបស់ពួកគេចែករំលែកបទពិសោធន៍ និងការឆ្លុះបញ្ចាំងរបស់ពួកគេនៅក្នុងកិច្ចប្រជុំបណ្តាញស្ត្រីព្រៃឈើសហគមន៍នៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២២ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈការលើកឡើងអំពីមតិរបស់ពួកគេនៅក្នុងកិច្ចប្រជុំ ស្ត្រីបានយកឈ្នះលើភាពអៀនខ្មាសរបស់ពួកគេ​។ ដោយមានការកើនឡើងនូវទំនុកចិត្ត ពួកគេបានក្លាយជាជនគំរូរម្នាក់ សម្រាប់ស្ត្រី និងក្មេងស្រីដទៃទៀតនៅក្នុងសហគមន៍របស់ពួកគេ។  

កែ វណ្ណៃ គណៈកម្មការសហគមន៍​ព្រៃ​ឈើ​ត្រពាំង​ព្រៃ ខេត្ត​កំពង់ធំ មានប្រសាសន៍ថា “បណ្តាញស្ត្រីសហគមន៍ព្រៃឈើបានផ្លាស់ប្តូរខ្ញុំ ពីមនុស្សដែលមិនហ៊ានក្នុងការនិយាយរហូតដល់ក្លាយជាមនុស្សម្នាក់ដែលនិយាយតំណាងអ្នកដទៃ វាបានផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំមើលឃើញពីសារៈសំខាន់របស់ស្ត្រីនៅក្នុងសហគមន៍ព្រៃឈើ”។

ស្ត្រីម្នាក់ទៀតដែលការរស់នៅរបស់គាត់បានផ្លាស់ប្តូរគឺ លោកស្រី ស៊ូ សុន្ទរី សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពូជ្រៃ ក្នុងខេត្តមណ្ឌលគិរី ។ពីមុនគាត់គិតថា សហគមន៍តំបន់ការពារ
ធ​ម្មជាតិមិនបានផ្តល់ផលប្រយោជន៍អ្វីជូនគាត់ទេ ប៉ុន្តែមិត្តម្នាក់បានលើកទឹកចិត្តគាត់ឱ្យចូលរួម។

នាង​និយាយ​ថា​៖ «​ការ​ចូលរួម​ក្នុង​បណ្តាញ​ស្ត្រី​បាន​ផ្តល់​ចំណេះដឹង និង​ឱកាស​សម្រាប់​ខ្ញុំ​ដើម្បី​ស្គាល់និង​
ទំនាក់ទំនង​ជាមួយ​អង្គការ​ផ្សេង​ទៀត និង​អាជ្ញាធរ​មូលដ្ឋាន​»​។
“វាបានបង្កើនសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំមានមោទនភាព​ចំពោះ​ខ្លួន​ឯង​ណាស់»។

គាត់លើកឡើង​ថា​៖«​ការ​ក្លាយ​ជា​សមាជិក​បណ្តាញ​នេះ ​បានផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ក្នុង​ការ​ប្រើទេពកោសល្យ
​របស់​ខ្ញុំនិង​បង្ហាញ​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​
ដោយ​ភាព​ជឿជាក់​»​។
អ្នកដឹកនាំក្នុងភូមិបានឃើញសក្តានុពលរបស់គាត់ ហើយបានលើកទឹកចិត្តគាត់ឱ្យឈរឈ្មោះឱ្យគេ
បោះឆ្នោតដើម្បីជ្រើសរើសជាក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយគាត់ត្រូវបានទទួលជោគជ័យ។  

នៅពេលដែលសមាជិកបណ្តាញបង្កើននូវចំណេះដឹង និងជំនាញ ពួកគេក៏មានឥទ្ធិពលលើសមាជិកគ្រួសារ និងសហគមន៍ទាំងមូលរបស់ពួកគេដោយវិជ្ជមាន ជួយកែអភិវឌ្ឍន៍សហគមន៍របស់ពួកគេនិងការពារព្រៃឈើក្នុងតំបន់ការពារក្នុងរយៈពេលវែង។

លោកស្រី ប៊ូ ខាំតង សមាជិកគណៈកម្មការសហគមន៍​ព្រៃឈើ ​ជាំពេជ្រ ​ខេត្ត​ស្ទឹងត្រែង ហើយក៏ជាសមាជិកក្រុមប្រឹក្សាស្រុកផងដែរ បានលើកឡើង​ថា ​«​ស្ត្រី​ផ្សេង​ទៀត​ក្នុង​សហគមន៍​ក៏​មាន​ឱកាស​រៀន
​ពីបណ្តាញ​ដែរ“នៅពេលណាដែលខ្ញុំត្រឡប់មកពីប្រជុំជាមួយបណ្តាញ ខ្ញុំចែករំលែកចំណេះដឹង
ព័ត៌មាន និងរូបថតជាមួយពួកគេ”។

Bou Khamtong presented the role and women engagement in their Community Forestry
ប៊ូ ខាំតុង ពន្យល់ពីការចូលរួមរបស់ស្ត្រីនៅក្នុងសហគមន៍ព្រៃឈើរបស់ពួកគេ

តាមរយៈការពង្រឹងសិទ្ធិអំណាចដល់សមាជិក បណ្តាញលើកទឹកចិត្តស្ត្រីដទៃទៀតឱ្យចូលរួមក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ហើយបន្ទាប់មកឱ្យចូលរួមក្នុងបណ្តាញនេះ។ដំណើរការនេះរួមចំណែកដល់ការសម្រេចសមភាពយេនឌ័រដែលជាគោលដៅរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។

សម្លឹងមើលទៅថ្ងៃអនាគត

នាយិកាអង្គការរីខូហ្វកម្ពុជា លោកស្រី ហ៊ូ កល្យាណ បញ្ជាក់ពីបួនជំហានដើម្បីកសាងសមិទ្ធិផលរបស់
បណ្តាញ។

គាត់ចាប់ផ្តើមពី "ជំហានដំបូង យើងត្រូវផ្តោតលើការធានាថាបណ្តាញមានភាពរឹងមាំ និងឯករាជ្យ"។ "ទីពីរ យើងត្រូវតែធានាថា សមាជិកមួយចំនួនអាចតំណាងឱ្យបណ្តាញ ឬដើរតួជាជនបង្គោល សម្រាប់ការកសាងសមត្ថភាពរបស់ស្ត្រីផ្សេងទៀតនៅក្នុងបណ្តាញរបស់ពួកគេ និងសហគមន៍របស់ពួកគេ"។

លោកស្រី​បន្ត​ថា​៖ «​ទី​៣ បណ្តាញ​ត្រូវ​ការ ​ការ​គាំទ្រនានា​និងមានកិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​យេនឌ័រ​ក្នុង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ។
«​ទី​៤យើង​ត្រូវការ​ថវិកា​ដើម្បី​អនុវត្ត​សកម្មភាពលើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ព្រៃឈើ និង​បរិស្ថាន​»​។

ភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើសហគមន៍តំបន់ការពារធម្មជាតិនិងសហគមន៍ព្រៃឈើប្តេជ្ញាចិត្តចំពោះបណ្តាញ។

លោកស្រី លី សុភ័ណ្ឌ មានប្រសាសន៍ថា “ក្រសួងបរិស្ថានរក្សាការគាំទ្ររបស់ខ្លួនក្នុងការផ្តល់យោបល់
ផ្នែករដ្ឋបាល ឬផ្លូវច្បាប់ផ្សេងទៀតដើម្បី បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិ” ។ “ប្រសិនបើចាំបាច់ ការកសាងសមត្ថភាពនឹងផ្តល់ដល់បណ្តាញដោយមានកិច្ចសហការពីភាគីពាក់ព័ន្ធផងដែរ។”

លោកស្រី វង្ស សុបញ្ញា ពីខាងរដ្ឋបាលព្រៃឈើ បានបន្ថែម សំដៅលើការផ្តោតសំខាន់លើបរិយាប័ន្ន
យេនឌ័រក្នុងវិស័យព្រៃឈើសម្រាប់ឆ្នាំ២០២១-២០២៥
៖ "យើងចាំបាច់ត្រូវគាំទ្របណ្តាញស្ត្រីសហគមន៍ព្រៃឈើដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក៏ដូចជាការលើកកម្ពស់សមត្ថភាពស្ត្រី។"

កែ វណ្ណៃ មកពីសហគមន៍​​ត្រពាំង​ព្រៃ​សម្លឹង​មើល​ទៅ​មុខថា “ក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់បណ្តាញស្ត្រី
សហគមន៍ព្រៃឈើគឺគាំទ្រស្ត្រីវ័យក្មេង
បន្ថែមទៀតនៅក្នុងបណ្តាញ ពីព្រោះពួកគេគឺជាអ្នកដឹកនាំនាពេលអនាគត”។

### 

រឿងនេះ ត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ
និងជលផលនៅកម្ពុជា ( PaFF ) - ដំណាក់កាលទី 3 ។ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (
Sida )
ជាសហមូលនិធិក្នុងដំណាក់កាលទីបី និងជាដំណាក់កាល
ចុងក្រោយ ដែលដំណើរការពីខែកក្កដា
ឆ្នាំ២០២១
 ដល់ខែមិថុនា ឆ្នាំ២០២៣។ អង្គការចំនួនបួនកំពុងអនុវត្តគម្រោង PaFF រីខូហ្វ
 
RECOFTC, អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP), អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងសមាគមថែរក្សាវប្បធម៌និងបរិស្ថាន (CEPA).

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.recoftc.org/en/cambodia/projects/paff  

ការងាររបស់អង្គការរូខូហ្វ (RECOFTC) អាចអនុវត្តទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida )។