RECOFTC កម្ពុជា
រឿង

ប្រភព​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​ក្នុង​សហគមន៍​ព្រៃឈើ​គីរី​សីលា​កែវ

21 March 2016
ឆេង ចាន់នី
Notes from the Field
គណៈកម្មាការសហគមន៍ព្រៃឈើគិរីសីលាកែវ

សហគមន៍ព្រៃឈើគីរីសីលាកែវស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ព្រៃចំនួន ៣៣៦​ហិកតា​ ដែលជាទីពំនាក់របស់ប្រជាជានចំនួន​ ៤១៦គ្រួសារ។  ព្រៃឈើជាប្រភពអាហារ​​ច្រើន​ប្រភេទ​​​​សម្រាប់គ្រួសារភាគច្រើនក្នុងសហគមន៍ និងជាប្រភពចំណូលបន្ថែម​សម្រាប់​គ្រួសារ​មួយ​ចំនួនផងដែរបន្ថែមពីលើការធ្វើស្រែចម្ការ។
អនុផលព្រៃឈើ​​ ដែលរួមមាន​​ទាំងប្រភេទស្លឹកបន្លែព្រៃច្រើនប្រភេទ ផ្សិត ផ្លែឈើព្រៃ និងរុក្ខជាតិស្មៅ ជាច្រើនប្រភេទទៀតតត្រូវបានគេសង្កេតឃើញមានការកើនឡើងចាប់តាំងពីព្រៃឈើបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់សហគមន៍មូលដ្ឋានរួចមក។ ក្នុងចំណោមបន្លែព្រៃទាំងអស់ ស្លឹកព្រិច គឺជាស្លឹកបន្លែព្រៃមួយ​ប្រភេទ​ដែលដើរ​តួយ៉ាងសំខាន់​ជាអាហារ​បន្ថែម និងប្រភពចំណូលមួយសម្រាប់ប្រជាជន។

មុននឹងបង្កើតសហគមន៍ព្រៃឈើ ធនធានធម្មជាតិរបស់សហគមន៍ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារសកម្មភាពមួយចំនួនដូចជា ការកាប់ឈើខុសច្បាប់ ការបំផ្លិចបំផ្លាញជំរកសត្វ និងការរុករានដីដោយអ្នកចំណូលស្រុក។ ទាំងអស់នេះហើយ បាននាំឲ្យទំហំព្រៃមានការបាត់បង់យ៉ាងលើសលប់ ហើយមានផលប៉ះពាល់អវិជ្ជមានដល់ជីវភាព​រស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើព្រៃឈើក្នុងការរស់នៅ របស់អ្នកភូមិអន្លង់ស្វាយ។ បញ្ហាទាំងនេះបានជំរុញឲ្យប្រជាជនមូលដ្ឋានក្នុងការបង្កើតសហគមន៍ព្រៃឈើគីរីសីលាកែវនេះឡើងនៅក្នុងឆ្នាំ១៩៩៩។
“ខ្ញុំសប្បាយរីករាយដែលបានឃើញព្រៃឈើបានស្តារឡើងវិញ ដូច្នេះខ្ញុំអាចរកចំណូលពីព្រៃឈើបាន” ការលើកឡើងរបស់លោកស្រ្តី ដោក សុថានី ដែលជាស្រ្តីមេម៉ាយអាយុ៥០ និងមានកូនចំនួន ៦នាក់ក្នុងបន្ទុក ហើយជាអ្នកដែលពឹងអាស្រ័យពីព្រៃឈើ។ 
លោកស្រី សុថានី បានផ្លាស់ទីលំនៅមកក្នុងភូមិអន្លង់ស្វាយកំឡុងឆ្នាំ១៩៩៥ ដោយសង្ឃឹមការការរស់នៅមានការប្រសើរឡើង។ ទោះជាយ៉ាងណា អ្វីៗមិនរលូនដូចការរំពឹងទុកឡើយ ក្រោយការលែងលះជាមួយស្វាមីរួមចមក លោកស្រីមិនមានដីស្រែ ឬក៏ការងារស្ថេរភាពជាក់លាក់នៅឡើយ។  ពីរ បីឆ្នាំក្រោយមកលោកស្រីបានបង្កើតមុខរបរតូចមួយក្នុងភូមិ ប៉ុន្តែមុខរបរនេះតែមួយមុខ មិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារនៅឡើយ។ លោកស្រី សុថានីក៌បានចូលទៅក្នុងព្រៃ និងស្វែងរអនុផល ព្រៃឈើ       ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ។
នៅក្នុងឆ្នាំ២០១២ រីខូហ្វ-មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ ក្នុងភាពជាដៃគូជាមួយអង្គការម្លប់បៃតង ក្រោមគម្រោងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដែលទទួលបានការគាំទ្រចំបង ពីប្រភពមូលនិធិបរិស្ថានពិភពលោក តាមរយៈ  កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។
សហគមន៍នេះបានចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើជាមួយរដ្ឋបាលព្រៃឈើនៅក្នុងឆ្នាំ២០១១  និងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើបានរៀបចំឡើងផងដែរក្នុងឆ្នាំ២០១២ នៅក្នុងគម្រោងដដែលនេះ។ ផែនការគ្រប់គ្រងនេះគឺជាផែនទីបង្ហាញផ្លូវក្នុងការគ្រប់គ្រងព្រៃសហគមន៍ ដែលចូលរួមដល់ការកាត់បន្ថយការបាត់បង់ព្រៃឈើតាមរយៈការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនេះផែនការនេះបានរំលេចអំពីសក្តានុពលអនុផលព្រៃឈើសម្រាប់ជំនួញនាពេលអនាគត ដែលឆ្លើយតបនឹងគោលបំណងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍។
គម្រោងបានផ្តល់នូវក្តីសង្ឃឹមយ៉ាងមុតមាំដល់សហគមន៍ និងធ្វើឲ្យសមាជិកមានសុវត្ថិភាពផ្លូវច្បាប់ជាងមុនបន្ទាប់ពីផែនការគ្រប់គ្រងសហគមន៍ព្រៃឈើត្រូវបានរៀបចំឡើង។ បន្ថែមពីលើនេះ គម្រោងបានបញ្ចូលនូវផែនការ   អភិឌ្ឍន៍ជំនួញខ្នាតតូច   ដែលជាប្រយោជន៍ដល់សហគមន៍សម្រាប់សកម្មភាពបង្កើតចំណូលប្រកបដោយនិរន្តរភាព។ នៅក្នុងផែនការអភិវឌ្ឍន៍ជំនួញខ្នាតតូចនេះផងដែរបានជួយរៀបចំសហគមន៍មូលដ្ឋានឲ្យក្លាយជាសហគ្រិនសម្រាប់ជំនួញផលអនុផលព្រៃឈើនៅក្នុងសហគមន៍ពួកគេ។

សមាជិកសហគមន៍ប្រមូលស្លឹកព្រិច(អនុផលព្រៃឈើ)ពីព្រៃសហគមន៍
លោកស្រី អ៊ុំ វ៉ារី, សមាជិកសហគមន៍កំពុងបេះស្លឹកព្រិចក្នុងព្រៃសហគមន៍

លោកស្រី អ៊ុំ វ៉ារី អាយុ ៤៥ឆ្នាំ បានទទួលផលប្រយោជន៍ដោយផ្ទាល់ពីគម្រោង និងការអភិវឌ្ឍន៍ផែនការគ្រប់គ្រងព្រៃឈើនេះ។ ចំណូលមួយផ្នែករបស់ក្រុមគ្រួសាររបស់គាត់ គឺពឹងផ្អែកលើធនធានព្រៃឈើ តាមរយៈការប្រមូលស្លឹកព្រិចតាមរដូវ គឺចាប់តាំងពីខែកុម្ភៈ ដល់ខែឧសភា រាល់ឆ្នាំ។ ស្លឹកព្រិចសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម ហើយត្រូវបានចាត់ទុកជាផ្នែកម្ហូបអាហារមួយសម្រាប់ប្រជាជនមូលដ្ឋាន។ នៅដើមរដូវ ស្លឹកព្រិចអាចលក់បានក្នុងតម្លៃ ១៣០០០ រៀលក្នុងមួយគីឡូក្រាម។ ជារៀងរាល់ឆ្នាំ ស្លឹកព្រិចអាចប្រមូលផលបានចាប់ពី២០០០ គីឡូក្រាមឡើងទៅ ក្នុងសហគមន៍ព្រៃឈើ។ ចំនួនប្រហែលពាក់កណ្តាលនៃចំនួនសរុបរបស់ស្លឹកព្រិចត្រូវបានប្រើប្រាស់តាមគ្រួសារ និងពាក់កណ្តាលផ្សេងទៀតត្រូវបានលក់ទៅឲ្យឈ្មួញកណ្តាល។

លោក សឿង ដុស ប្រធានសហគមន៍ព្រៃឈើគីរីសីលាកែវ បានមានប្រសាសន៍ថា៖ “ប្រជាជនក្នុងសហគមន៍គឺពឹងផ្អែកចំបងលើការដាំដំណាំកសិកម្ម សម្រាប់ចំណូលរបស់ពួកគេ ហើយប្រមាណ ៥០ភាគរយ នៃគ្រួសារទាំងនេះបានចូលទៅក្នុងព្រៃជារៀងរាល់ថ្ងៃដើម្បីប្រមូលអនុផលព្រៃឈើ ដូចជា ស្លឹកព្រិចជាដើម​សម្រាប់ប្រាក់ចំណូលបន្ថែម” ។

ការចូលព្រៃប្រមូលផល អនុវផលព្រៃឈើបានអនុវត្តតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់តាំងពីដូនតាមកម្ល៉េះ ហើយអ្នកដែលទទួលផលជាងគេគឺគ្រួសារដែលមានស្រ្តី និងកុមារ ពីព្រោះពួកគេពឹងអាស្រ័យ ក្នុងការបេះស្លឹកព្រិចក្នុងសហគមន៍ព្រៃឈើ។
“ស្ថេរភាពរបស់ធនធានព្រៃឈើគឺពឹងផ្អែកលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពទាំងស្រុង ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ជំនួញសហគមន៍ខ្នាតតូចនាពេលអនាគត និងចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រក្នុង   សហគមន៍” លោក សឿង ដុស បានលើកឡើង។ សមាជិកសហគមន៍ តែងតែមានសកម្មភាពល្បាតព្រៃជាទៀងទាត់ជាមួយក្តីសង្ឃឹមដើម្បីបង្កើនគុណភាពព្រៃឈើដែលសំខាន់ចូលរួមចំណែកដល់ផលិតភាពរបស់អនុផលព្រៃឈើ។

ព័ត៌មានបន្ថែមពីគម្រោង

ក្រុមគ្រួសារជនបទជាងពាក់កណ្តាលនៃប្រទេសកម្ពុជា ច្រើនជាង ៥លាននាក់ កំពុងពឹងផ្អែកលើព្រៃឈើពី២០ ទៅ៥០ភាគរយសម្រាប់ជីវភាពរស់នៅ។ ព្រៃឈើក៏ជួយដល់ជីវភាពរស់នៅច្រើនជាងពាក់កណ្តាលរបស់ក្រុមគ្រួសារសជនបទ១៥ភាគរយផ្សេងទៀតឬក៏ច្រើនជាង១លាននាក់។
គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ក្រោមជំនួយពីUNDP-GEF ចាប់ផ្តើមក្នុងឆ្នាំ២០១២ ក្នុងការគាំទ្រសហគមន៍ព្រៃឈើចំនួន៣០ ស្មើនឹងផ្ទៃដីព្រៃចំនួន ១០៨៧៩ ហិកតា និង​៦៥ភូមិ ហើយនិង សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ គ្របដណ្តប់លើផ្ទៃដីចំនួន ៧៩៥១​ហិកតា និង២១ ភូមិ ក្នុងខេត្តគោលដៅចំនួន៤ក្នុងប្រទេសកម្ពុជា៖ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ។
គម្រោងជួយសហគមន៍ក្នុងការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការអភិវឌ្ឍន៍ជំនួញសហគមន៍ខ្នាតតូចជាមួយនឹងគោលបំណងលុបបំបាត់ភាពក្រីក្រតាមរយៈការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព