វីធីសាស្រ្តរបស់មេឃុំត្បូងក្រពើក្នុងការជួយការពារព្រៃឈើ និងបង្កើនជីវភាពរបស់សមាជិកសហគមន៍ព្រៃឈើ
នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទេសកម្ពុជា ស្ថិតក្នុងតំបន់ទេសភាពព្រៃឡង់ ដែលជាតំបន់សំបូរទៅដោយសត្វព្រៃសំខាន់ៗមួយនៃអាស៊ីអាគ្នេយ៍ លោកមេឃុំម្នាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងបង្កើនជីវភាពប្រជាជនក្នុងឃុំរបស់គាត់ តាមរយៈការបង្កើតជាក្រុមឥណទានក្នុងសហគមន៍ព្រៃឈើ។
លោក គៀង សេងគី ត្រូវបានតែងតាំងជាមេឃុំក្នុងឆ្នាំ១៩៨៨។ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់ ការបង្កើនសេដ្ឋកិច្ច និងការទន្រ្ទានធនធានមានការកើនឡើងយ៉ាងគំហ៊ុក ពិសេសធនធានព្រៃឈើ។ ក្នុងទសវត្ស១៩៧០ ប្រទេសកម្ពុជាគ្របដណ្តប់ដោយដីព្រៃចំនួន១៣.២លានហិចតា បន្ទាប់មកក្នុងឆ្នាំ១៩៩៣ គម្របព្រៃបានធ្លាក់ចុះមកត្រឹម ១០.៥លានហិចតា។
“ខ្ញុំបានឃើញព្រៃឈើជាច្រើនមានភាពរេចរឹល ដោយសារតែការកាប់ឈើអនាធិបតេយ្យ និងការកាប់រានយកដី” លោក គាងសេងគី មានប្រសាសន៍បែបនេះ “ខ្ញុំមានបំណងចង់ការពារព្រៃឈើ ប៉ុន្តែខ្ញុំក៏មិនប្រាកដថាគួរធ្វើបែបណា” ។
លោកមេឃុំ បានតស៊ូក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ និងជួយបង្កើតសហគមន៍ធនធានធម្មជាតិភូមិចុងដាក្នុងឆ្នាំ២០០១។ រយៈពេល៧ឆ្នាំក្រោយមក សហគមន៍នេះ បានធ្វើនិយ័តកម្មទៅជាសហគមន៍ព្រៃឈើ។ ប៉ុន្តែការគ្រប់គ្រងសហគមន៍នៅជួបឧបសគ្គដោយសារតែថវិការបស់សហគមន៍នៅមានកម្រិត។ ដូចនេះ លោក គៀង សេងគី បានប្រើប្រាស់នូវវិធីសាស្រ្តថ្មីក្នុងការទទួលបាននូវថវិកា និងការពារព្រៃឈើក្នុងឃុំ គឺឥណទានសហគមន៍ព្រៃឈើ។
ការផ្តួចផ្តើមនេះបង្កើតក្នុងឆ្នាំ២០១៥ នៅពេលធនាគារអភិវឌ្ឍន៍អាស៊ីក្រោមគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែម (ADB-GAFSC, the Global Agriculture & Food Security Program) បានផ្តល់នៅជី ពូជស្រូវ ពូជបន្លែ ដល់សហគមន៍ព្រៃឈើព្រៃត្បូងដំរី(ភូមិចុងដា)។ ដោយឃើញនូវឳកាសនេះ លោកមេឃុំបានពិភាក្សាជាមួយសមាជិកសហគមន៍ និងស្នើដល់គ្រួសារដែលមានលទ្ធភាពបង់ជូនសហគមន៍ចំនួន ១០,០០០ម៉ឺនរៀល (២.៥ដុល្លារអាមេរិច) សម្រាប់ជីមួយបាវ សរុបថវិកាបានចំនួន ២៣លានរៀល។ ថវិកានេះ ត្រូវបានគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្បូងដំរីតាមរយៈគម្រោងឥណទាន សម្រាប់ឲ្យសមាជិកខ្ចី ប៉ុន្តែពួកគាត់ប្រឈមនូវឧបសគ្គខ្លះៗដោយសារតែពុំមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការគ្រប់គ្រង និងលក្ខន្តិកៈសម្រាប់ក្រុមក្នុងការអនុវត្ត។
ក្នុងឆ្នាំ២០១៨ លោក គៀង សេងគី និងគណៈកម្មាការសហគមន៍ បានស្នើសុំឲ្យមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (រីខូហ្វ) ជួយពួកគេ ក្នុងការបង្កើតនូវរចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ។
ឥណទានសហគមន៍ព្រៃឈើ គឺជាវិធីសាស្រ្តមួយ ដែលបង្កើតក្នុងប្រទេសកម្ពុជា ដើម្បីជួយសហគមន៍ក្នុងការទទួលបានប្រាក់ចំណូលដោយខ្លួនឯង សម្រាប់ការគ្រប់គ្រងព្រៃសហគមន៍។ គម្រោងនេះត្រូវបានសាកល្បងដំបូងក្នុងខេត្តកំពង់ធំ ជាមួយសហគមន៍ចំនួន៥ ហើយបច្ចុប្បន្ន បានពង្រីកទៅដល់សហគមន៍ចំនួន២១ ក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា។
“យើងសង្កេតឃើញថា ឥណទានសហគមន៍ព្រៃឈើពិតជាបានជួយពួកយើងយ៉ាងច្រើន” លោកស្រី លុក ឡៃសឿន អនុប្រធានឥណទានសហគមន៍ព្រៃឈើមានប្រសាសន៍ដូចេ្នះ។ “សមាជិកអាចខ្ចីប្រាក់ពីឥណទានសហគមន៍ព្រៃឈើបានងាយស្រួលជាងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ” សមាជិកអាចខ្ចីប្រាក់បានរហូតដល់ ១លានរៀល (២៥០ដុល្លារអាមេរិច) និងបង់ត្រលប់មកវិញក្នុងរយៈពេល៦ខែ ក្នុងអត្រាការប្រាក់២%។
“ដូចជាមិនសូវមានបញ្ហាក្នុងដំណើរការឥណទានសហគមន៍ទេ ព្រោះសមាជិកមានពេលវេលាគ្រប់គ្រាន់ក្នុងការសងត្រលប់មកវិញ” នេះតាមលោកស្រី លុក ឡៃសឿនបានបញ្ជាក់។ ថវិការបស់សហគមន៍ចំនួន២៣លាន បច្ចុប្បន្នបានកើនឡើងដល់ ៣៧.៥លាន ប្រហែល ៩,៣៧៥ ដុល្លារអាមេរិច និងបានជួយដល់សមាជិកក្នុងការបង្កើនចំណូលរបស់ពួកគាត់។
សមាជិកបានខ្ចីប្រាក់ឥណទានសហគមន៍ព្រៃឈើ ដើម្បីធ្វើកសិកម្មរបស់ពួកគាត់ ក្នុងពេលជាមួយគ្នាបានជួយដល់ការគ្រប់គ្រងព្រៃឈើ។ “បច្ចុប្បន្នយើងមានថវិកាសម្រាប់ប្រើប្រាស់ក្នុងការការពារព្រៃឈើ” លោកស្រីលុក ឡៃសឿន និយាយពីថវិកាដែលទទួលបានពីឥណទានសហគមន៍ព្រៃឈើ។ អាទិភាពរបស់គណៈកម្មាការឥណទានសហគមន៍គឺការផ្តល់ថវិកាដល់ក្រុមល្បាត។
តាមរយៈនេះ សមាជិកសហគមន៍អាចធ្វើការល្បាតជាទៀងទាត់ ដើម្បីការពារព្រៃសហគមន៍ពីការកាប់ឈើខុសច្បាប់ និងការទន្ទ្រានយកដី។ “ព្រៃឈើរបស់យើងមានភាពប្រសើរឡើង” នេះជាសំដីរបស់សមាជិកសហគមន៍ក្នុងពេលពិភាក្សាក្រុម “ឥឡូវនេះមិនមានសកម្មភាពខុសច្បាប់ក្នុងព្រៃសហគមន៍ ដោយសារក្រុមល្បាតរបស់យើងរឹងមាំ” ។
លោក គៀង សេងគី យល់ច្បាស់ពីតួនាទីរបស់គាត់ក្នុងការជួយដល់សហគមន៍គ្រប់គ្រងព្រៃឈើឲ្យមាននិរន្តរភាព។ “សហគមន៍ព្រៃឈើមួយចំនួនបានរងនូវការបំផ្លាញ” លោក គៀង សេងគីមានប្រសាសន៍បែបនេះ។ “កត្តាដែលធ្វើឲ្យបាត់បង់គឺមកពីគណៈកម្មាការសហគមន៍មិនសូវរឹងមាំ និងមិនមានការគាំទ្រពីអជ្ញាធរមូលដ្ឋាន”។
ប៉ុន្តែសម្រាប់លោកមេឃុំ គៀង សេងគី ការជួយសហគមន៍បង្កើតប្រភពហិញ្ញវត្ថុ ដើម្បីការពារព្រៃសហគមន៍ និងប្រព័ន្ធអេកូស៊ីឡូស៊ី ជុំវិញនោះគឺជាជោគជ័យផ្ទាល់ខ្លួនរបស់លោកផងដែរ។
“ខ្ញុំជាអ្នកផ្តួចផ្តើមបង្កើតសហគមន៍ព្រៃឈើ” លោកបាននិយាយបែបនេះ “ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានធ្វើច្រើនឆ្នាំមកនេះជាមរតកបន្សល់ទុកក្នុងជំនាន់របស់ខ្ញុំ។ សម្រាប់ខ្ញុំ អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងភូមិគឺជាតួនាទីរបស់ក្រុមប្រឹក្សាឃុំ”។