RECOFTC Cambodia
Events

សិក្ខាសាលា​ស្តីពី តួនាទី​របស់​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម​ផលិតផល​សហគមន៍

Apr 28
2016
Location
ក្រុងភ្នំពេញ
RECOFTC Events

១- សារបាន

កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ត រយៈ ពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធី​ព្រៃឈើជាតិ​មាន​កម្មវិធី​អាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលមានការពាក់ព័ន្ធ  និងផ្តល់ផលប្រយោជន៍ច្រើន​ដល់ប្រជា​សហគមន៍ គឺកម្មវិធីទី៣ (ពង្រឹង​ការ​អនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការ​អនុវត្ត​ច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹង​ចូលរួម​ចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍​ព្រៃឈើ​ប្រកប​ដោយ​តម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ សហគមន៍​ព្រៃឈើ នៃកម្មវិធីព្រៃឈើជាតិ បានដាក់​​ចេញ​នូវ​គោលដៅនៃការបង្កើតសហគមន៍ព្រៃឈើលើ ផ្ទៃដីប្រមាណ ២ លានហិកតា (ប្រហែល ១ ០០០ សហគមន៍ នៅឆ្នាំ ២០២៩) ។ យោងតាមឯកសារស្តិតិសហគមន៍ព្រៃឈើកម្ពុជា ឆ្នាំ ២០១៥ ដែលបោះពុម្ពដោយរដ្ឋបាលព្រៃឈើ ខែកញ្ញា ឆ្នាំ ២០១៥ បានបង្ហាញថា បច្ចុប្បន្ននេះមានសហគមន៍ព្រៃឈើចំនួន ៤៩៩ សហគមន៍ ​គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៧.៦៣៥ហិកតា​ និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន១២០.០៨០​គ្រួសារ។ ដោយមាន​ការកើនឡើង​នូវចំនួន​សហគមន៍​ព្រៃឈើ បណ្តាញ​សហគមន៍ព្រៃឈើក្នុងខេត្តចំនួន ៩ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​សម្រប​សម្រួលការអនុវត្តសកម្ម​ភាព​សហគមន៍​ព្រៃឈើ និង​ពង្រឹងតួនាទីសហគមន៍ព្រៃឈើ​ក្នុងការចូលរួម​សម្រេច​ចិត្ត​ផ្តល់ជាយោបល់ក្នុងការរៀបចំគោលនយោបាយ ក្នុង​ការ​ការពារ​​​​ផលប្រយោជន៍សមាជិកសហគមន៍ព្រៃឈើទាំងអស់ ដើម្បី​សម្រេចបានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។


ការចូលរួម​ចំណែក​របស់សហគមន៍មូលដ្ឋានតាមរយៈ ការចូលរួមគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់​ស្តីពី​ព្រៃឈើអភិបាលកិច្ច និង​ពាណិជ្ជកម្មផលិតផលសហគមន៍ជាផ្នែកមួយដែល មានសារៈសំខាន់​ព្រោះអាច​ជួយ​ឲ្យ​មាន​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ព្រៃឈើ​ប្រកប​ដោយនិរន្តរភាព មាន​តម្លាភាព បង្កើនបាន​នូវ​ភាពជាម្ចាស់​របស់​សមាជិក​សហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងតំបន់ព្រៃរបស់ពួកគេ និងអាច​រួមចំណែកដល់ការគ្រប់គ្រងព្ឬៃឈើជារួម ។ ជាពិសេស​ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍​សហគមន៍ព្រៃឈើនេះ​អាច​ជួយបង្កើន​​​នូវកំរិត​ជីវភាពរស់​នៅ​របស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការដកហូតផល អនុផល​ព្រៃឈើ​ជា​លក្ខណៈ​ពាណិជ្ជកម្ម ដែល​ប្រការ​នេះទាមទារឲ្យមានការគាំទ្រលើនិតិវិធីសុំការអនុញ្ញាត្តិធ្វើអាជីវកម្ម ឬដឹកជញ្ជូនផលិតផលពួកគេទៅកាន់ទីផ្សារ។ ឆ្លើយតប​ទៅនឹងតម្រូវការនេះ  គម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិផលសហគមន៍ (FLEGT)​​​» តាមរយៈការគាំទ្​រហិរញ្ញវត្ថុ​ពី​កម្មវិធី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍​អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (EU FAO FLEGT) ដែល​អនុវត្ត​មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើ បាននិងកំពុងអនុវត្តសាកល្បង​គម្រោង ពង្រឹង​តួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម​ផលិតផល​សហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ ។


បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍​ព្រៃឈើចំនួន ២៥ សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជា ១៣ ៧៧៩ ហិកតា។ ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ១១ សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈ​ការគាំទ្រពី​គម្រោង​គ្រប់គ្រងព្រៃឈើប្រកប​ដោយ​​និរន្តរភាព​ (SFM) ដែលផ្តល់មូល​និធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះ​នឹង​អនុវត្ត​នៅសហគមន៍ព្រៃឈើចំនួន ៤ ដែល​បច្ចុប្បន្ន​នេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សី អនុ​លោម​តាមការ​ផែនការ​គ្រប់គ្រងព្រៃសហគមន៍ ។ សមាជិក​សហគមន៍​ព្រៃឈើ​បាន​ចងក្រង​ក្រុមសហគ្រាសដើម្បីដំណើរ​ការអាជីវកម្ម​ឬស្សី​ដែលភា្ជប់ជា​មួយ​​ផែនការគ្រប់គ្រងព្រៃសហគមន៍ ។ ក្រុមសហគ្រាស និងផែនការ​អាជីវកម្ម មិនទាន់មានភាព​ច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើត​បានជាគំរូ​ដ៏ល្អមួយ​ជា​ឧទាហរណ៍​នៃការធ្វើ​ពាណិជ្ជកម្ម​ខ្នាតតូច លើ​ធនធាន​សហគមន៍ព្រៃឈើនាពេលអនាគត ។


សកម្មភាព​សាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម​ផលិតផលសហគមន៍ (FLEGT)» នឹងផ្តល់ជា​​ពត៌មាន និង​អនុសាសន៍​ដើម្បីរួមចំណែក​ក្នុងការកែលំអរ​គោលការណ៍​ណែនាំ​អំពី​សហគមន៍​ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់​ការ​បង្កើត​សហគមន៍​ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ  «បង្កើន​​​​​សមត្ថភាព​ដល់​សមាជិកសហគមន៍​ព្រៃឈើក្នុង​ការចូល​រួម​ពង្រឹង​តួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុ​​វត្ត​ច្បាប់​ស្តីពី​ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាម​កម្មវិធីអាទិភាពទី ៣ និងទី ៤ នៃ​កម្មវិធី​ព្រៃឈើជាតិ» ។


ចាប់​ពីថ្ងៃទី០២ ដល់ ថ្ងៃទី ៣០ ខែ វិច្ឆិកា ២០១៥ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើការប៉ាន់ប្រមាណ តួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្មផលិតផលសហគមន៍ នៅ​ក្នុងខេត្តចំនួន៣គឺៈ ខេត្តកំពង់ស្ពឺ កំពង់ធំ ​និងក្រចេះ។ ការប៉ាន់ប្រមាណនេះ មានបំណង​សំខាន់គឺសិក្សាលើការប្រតិបត្តិល្អ និង​ឧបសគ្គទាក់ទងជាមួយតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការ​ចូល​រួម​អនុវត្តច្បាប់ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងក្រចេះ។ ការ​ប៉ាន់​ប្រមាណ​​នេះបានផ្តោតលើ សមាស ភាពសំខាន់ៗចំនួន ៣គឺៈ អភិបាលកិច្ចសហគមន៍ព្រៃឈើ ការអនុត្តច្បាប់ស្តីពីព្រៃឈើ និង​ពាណិជ្ជកម្ម​ផលិតផល​សហគមន៍។ តាមរយៈ​ការ​ប៉ាន់​ប្រមាណ​នេះក្រុមការងារបានរកឃើញនូវនូវចំណុចខ្លាំង ចំណុចខ្សោយ លើការងារអភិបាលកិច្ច ការ​អនុវត្តច្បាប់ និង​ពាណិកម្ម​ផលិផលសហគមន៍ ។ ដើម្បីឲ្យលទ្ធផលនេះបានផ្សព្វផ្សាយទូលំទូលាយដល់សហគមន៍ និងអ្នកពាក់​​ពន្ធ័បាន​ជ្រួតជ្រាប និងផ្តល់ការកែលំអរ ដើម្បីធានានូវ សុក្រិតភាពភាពលទ្ធផលនៃការប៉ាន់ប្រមាណ ក្រុម​ការងារ​គម្រោង​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ។

២- គោលបំណង

សិក្ខាសាលាថ្នាក់ជាតិស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និង​ពាណិជ្ជកម្ម​ផលិតផល​សហគមន៍» នេះរៀបចំឡើងក្នុង​គោលបំណងដើម្បី៖

  • បង្ហាញនូវ​លទ្ធផល​នៃការប៉ាន់ប្រមាណតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច ពាណិជ្ជកម្មផលិតផលសហគមន៍ ដល់គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និង​អ្នក​ពាក់ពន្ធ័​ទាំងអស់ ។
  • ស្វែងរកអនុសាសន៍របស់អ្នកពាក់ពន្ធ័លើលទ្ធផលនៃការប៉ាន់ប្រមាណតួនាទីសហគមន៍ព្រៃឈើ ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច ពាណិជ្ជកម្មផលិតផលសហគមន៍ ដែលបាន​រកឃើញ​ដោយ​ក្រុម​ការងារ​ប៉ាន់ប្រមាណ ។

៣- ការរំពឹងទុករបស់សិក្ខាសាលា

បន្ទាប់ពីសិក្ខាបានចូលរួមក្នុងសិក្ខាសាលានេះ សិក្ខាកាមនឹង៖

  • មាន​ការយល់ដឹងកាន់តែច្បាស់ពីទស្សទាននៃ «គម្រោងពង្រឹងតួនាទី​របស់សហគមន៍​ព្រៃឈើ​ក្នុងការចូលរួម​អនុវត្ត​ច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងការធ្វើពាណិជ្ជកម្មផលិតផលសហគមន៍»
  • ទទួលបានបទពិសោធន៍ពីដំណើការអនុវត្ត តួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
  • ទទួលបាននូវមតិយោបល់ចូលរួមរបស់សិក្ខាម លើលទ្ធផលនៃការប៉ាន់ប្រមាណតួនាទីរបស់សហគមន៍ព្រៃឈើ​ក្នុងការ​ចូលរួម​អនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងការធ្វើពាណិជ្ជកម្មផលិតផលសហគមន៍

៤- កាលបរិច្ឆេទ និង ទីកន្លែង

សិក្ខាសាលាស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និង​ពាណិជ្ជកម្ម​ផលិតផល​សហគមន៍» សម្រាប់រយៈពេលមួយព្រឹក គឺថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦​ វេលាម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលប្រជុំនៃភោជនីយដ្ឋានបាសាក់ ២ រាជធានីភ្នំពេញ ។

៥- អ្នកចូលរួម

សិក្ខាសាលាថ្នាក់ជាតិស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងពាណិជ្ជកម្ម​ផលិត​ផល​សហគមន៍» នឹងអញ្ជើញអ្នកពាក់ពន្ធ័​ចូល​រួម​សរុបចំនួន ៥០នាក់ ក្នុងនោះ​មាន៖

  • សមាគមឈើកម្ពុជាចំនួន ១ នាក់
  • សមាគមផ្តៅកម្ពុជាចំនួន ១ នាក់
  • អង្គការក្រៅរដ្ឋាភិបាលចំនួន ២ នាក់ (WWF និង WCS)​
  • រដ្ឋបាលព្រៃឈើមូលដ្ឋាន ចំនួន ៦ នាក់ (ខណ្ឌរដ្ឋបាលព្រឈើកណ្តាល, ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ, ខណ្ឌរដ្ឋបាល​ព្រៃឈើកំពង់ធំ, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងសង្កាត់រដ្ឋ​បាលព្រៃឈើគីរីវន្ត័)
  • សមាជិកក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ នាក់
  • បណ្តាញសហគមន៍ព្រៃឈើខេត្តចំនួន​​២ នាក់ (កំពង់ធំ ក្រចេះ)
  • លេខាធិការដ្ឋាន រ៉េដបូក ១ នាក់
  • គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ១ នាក់
  • គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​ចំនួន ១៦ នាក់ (មកពីសហគមន៍ព្រៃឈើចំនួន ៤)
  • មេភូមិចំនួន ៩ នាក់
  • ក្រុមប្រឹក្សាឃុំចំនួន ៣​ នាក់ (ឃុំសា្វយរំពារ, ឃុំអូរ និង ឃុំសង្កែ)
  • តំណាងអង្គការ ហ្វាវ (FAO) ចំនួន ១ នាក់
  • តំណាង សហគមន៍អឺរ៉ុបចំនួន ១ នាក់

សម្រាប់ព័ត៌មានបន្ថែមស្តីពីសិក្ខាសាលានេះសូមទំនាក់ទំនង​

លោក ទេព ថាវរិន្ទ មន្ត្រីពង្រឹងសមត្ថភាពបណ្តាញសហគមន៍ព្រៃឈើ សម្រាប់គម្រោង​ពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ នៃមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ។
ទូរសព្ទ័លេខៈ (៨៥៥) ១២ ៩៥៥ ៨៤៥ និង
សារអេឡិចត្រូនិកៈ tep.thavrin@recoftc.org