RECOFTC Cambodia
Events

កិច្ច​ប្រជុំ​លើក​ទី​៣ ប្រចាំ​ឆ្នាំ ២០១៦ របស់​គណៈកម្មការ​សម្រប​សម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ជាតិ (The 3rd NCFPCC Annual Meeting)

Jan 28
2016
-
29
Location
បាត់ដំបង
RECOFTC Events

សេចក្តីផ្តើម

ការគ្រប់គ្រងព្រៃឈើតាមបែបសហគមន៍ (សហគមន៍ព្រៃឈើ) នៅកម្ពុជា បានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូជាតិ​និងអន្តរជាតិ។ សហគមន៍ព្រៃឈើមានសត្តានុពលក្នុងការអភិរក្សព្រៃឈើ ធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់ព្រៃ និងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ីនិងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាស​ធាតុ។
 រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយនិងច្បាប់សម្រាប់គាំទ្រដល់ការគ្រប់គ្រង​ និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ក្នុងនោះរួមមាន ច្បាប់ស្តីពីព្រៃឈើត្រូវបានរដ្ឋសភាអនុម័តនិងបានប្រកាសឲ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/០៨០២​/​០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៣ ប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ បានអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីព្រៃឈើជាតិអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០ ដែលកម្មវិធីទី៤គឺជាកម្មវិធីសហគមន៍ព្រៃឈើ បានកំណត់ថាត្រូវរៀបចំកំណត់តំបន់ព្រៃសហគមន៍ឲ្យបាន​ប្រមាណ​២លាន​ហិកតាក្នុងរយៈពេល២០ឆ្នាំ(២០១០-២០២៩)។
អនុវត្តតាមគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ ព្រមទាំងមានការចូលរួមគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានសហគមន៍ព្រៃឈើសរុបចំនួន៤៩៩កន្លែង ​គ្របដណ្តប់លើផ្ទៃដីទំហំ៤១៧.៦៣៥ហិកតា​ និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន ១២០.០៨០​គ្រួសារ។ សហគមន៍ព្រៃឈើចំនួន ៤០១កន្លែង មានផ្ទៃដីទំហំ៣៣៨.៣១៦ហិកតា ទទួលបានប្រកាសពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ក្នុងនោះសហគមន៍ព្រៃឈើចំនួន៣២៨កន្លែង មានផ្ទៃដីទំហំ ២៩៦.២៤០ហិកតា បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើសាមីនិងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសហគមន៍ព្រៃឈើចំនួន៥០កន្លែង មានផ្ទៃដីទំហំ៣៣.៧២៥ហិកតា​ ទទួលបានការយល់ព្រមពីខណ្ឌរដ្ឋបាលព្រៃឈើសាមីលើផែនការគ្រប់គ្រងព្រៃសហគមន៍។
កម្មវិធីព្រៃឈើជាតិ មានកម្មវិធីចំនួន៦ ហើយកម្មវិធីសហគមន៍ព្រៃឈើគឺជាកម្មវិធីទី៤ ដែលបានកំណត់នូវសកម្មភាព​ចំបងចំនួន៣គឺ ការបង្កើតសហគមន៍ព្រៃឈើ ការពង្រឹងស្ថាប័ន និងការផ្តល់សេវាកម្ម ក្នុងនោះការពង្រឹងគណៈកម្មការ​សម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើ គឺជាផែ្នកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ​ ជាពិសេសសម្រួលដល់ការដោះស្រាយបញ្ហាដែលកើតមានក្នុងការងារសហគមន៍ព្រៃឈើ។ គណៈកម្មការ​សម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (គសកស.ជ) បានបង្កើតឡើងតាំងពី​ឆ្នាំ​២០០៧ ដែល​​ជាយន្តការ​មួយ​ជួយចែករំលែកនូវព័ត៌មាន សម្របសម្រួលនិងគាំទ្រការងារ ដល់អង្គការដៃគូ​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន​ និងអ្នកពាក់ព័ន្ធ ព្រមទាំងស្វែងរកយន្តការដោះស្រាយបញ្ហា និងតាមដានវាយតម្លៃលើ​ការអភិវឌ្ឍសហគមន៍​ព្រៃ​ឈើ​​នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។
ដើម្បីពង្រឹងការសម្របសម្រួលការងារជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិឡើយ យើងបានបង្កើតនូវគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត(គសកស.ខ) ដើម្បីបង្កើន​កិច្ចសហការជាមួយអង្គការជាដៃគូនៅថ្នាក់ក្រោមជាតិ ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ច កំណត់យុទ្ធសាស្រ្ត និងផ្តល់អនុសាសន៍​ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ការងារសហគមន៍ព្រៃឈើនៅមូលដ្ឋាន។

គោលបំណង

កិច្ចប្រជុំលើកទី៣ របស់ គសកស.ជ មានគោលបំណងដើម្បី ៖

  • បង្ហាញពីភាពរីកចម្រើនរបស់គម្រោងពាក់ព័ន្ធ ​និងចែករំលែកនូវព័ត៌មាន បទពិសោធន៍
  • ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ
  • ជ្រើសរើសសហគមន៍ព្រៃឈើឆ្នើមប្រចាំឆ្នាំ២០១៥
  • កំណត់ទិសដៅ និងយុទ្ធសាស្រ្តបន្ត។

វិធីសាស្រ្ត

ប្រមូលរបាយការណ៍ និងព័ត៌មានពីបណ្តាខណ្ឌរដ្ឋបាលព្រៃឈើ និងអង្គការដៃគូ

  • បទបង្ហាញភាពរីកចម្រើន
  • ចែករំលែកបទពិសោធន៍
  • ការពិភាក្សាជាក្រុម និង
  • ការពិភាក្សារួម។

ពេលវេលា និងទីកន្លែង

ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារខេមរា/ស្ទឹងសង្កែ ខេត្តបាត់ដំបង។

អ្នកចូលរួម

កិច្ចប្រជុំ នឹងមានអ្នកចូលរួមមកពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ខណ្ឌរដ្ឋបាលព្រៃឈើ គម្រោងពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើ សរុបប្រមាណ ១២០នាក់ រួមមាន ៖

  • ក្រសួងពាក់ព័ន្ធ                       ០៥ នាក់
  • រដ្ឋបាលព្រៃឈើកណ្តាល        ១០ នាក់
  • រដ្ឋបាលព្រៃឈើមូលដ្ឋាន         ២០ នាក់
  • អាជ្ញាធរស្រុក និងឃុំ               ៣០ នាក់
  • អង្គការដៃគូ/គម្រោង               ២៥ នាក់
  • សហគមន៍ព្រៃឈើ                 ៣០ នាក់