ទស្សនកិច្ចសិក្សារបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ
គម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គ ផ្តោតលើការកសាងសមត្ថភាពសម្រាប់បន្សាំផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអនុគម្រោង ផ្ទៃរងទឹកភ្លៀងអូរប៉រ បានរៀបចំទស្សនកិច្ចសិក្សាមួយដែលមានអ្នកចូលរួមចំនួន៣១នាក់ ស្រ្តី៤នាក់ (គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន១៥នាក់ ក្រុមជំនួញឬស្សីសហគមន៍ចំនួន៦នាក់ មេភូមិក្រុមប្រឹក្សាឃុំ និងមន្រ្តីសាលាស្រុកកែវសីមាចំនួន ៥នាក់ មន្ត្រីមន្ទីរបរិស្ថានចំនួន ៣នាក់ និងមន្ត្រីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានចំនួន ២នាក់)ទៅខេត្តកំពង់ធំ និងព្រះវិហារ ដើម្បីរៀនសូត្រពីបទពិសោធន៍នៃការរៀបចំឥណទានសហគមន៍ព្រៃឈើ ការគ្រប់គ្រងសហគមន៍ទេសចរ ធម្មជាតិ និងការបែងចែកតំបន់គ្រប់គ្រងក្នុងដែនជំរកសត្វព្រៃគូលេនព្រហ្មទេព។
ក្នុងរយះពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៩ អ្នកចូលរួមនឹងទទួលបាន ១) បទពិសោធន៍នៃការប្រើប្រាស់ឥណទានសហគមន៍ព្រៃឈើផ្សាភ្ជាប់ទៅនឹងការគ្រប់គ្រង សហគមន៍ព្រៃឈើ ព្រៃក្បាលបី ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ២) បទពិសោធន៍ក្នុងការគ្រប់គ្រងសហគមន៍ទេសចរណ៍ធម្មជាតិ របស់សហគមន៍តំបន់ ការពារធម្មជាតិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៣) បទពិសោធន៍នៃការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពខេត្តព្រះវិហារ ៤) យុទ្ធសាស្រ្តនៃការគ្រប់គ្រងព្រៃសហគមន៍ដោយនិរន្តរភាពរបស់សហគមន៍តំបន់ការពារធម្មជាតិ សំបូរ ឃុំត្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ ។
អ្នកចូលរួមទទួលបានបទពិសោធន៍ជាច្រើន ដើម្បីប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍តំបន់ការពារ។ សម្រាប់ក្រុមជំនួញឬស្សី បានសិក្សាពីដំណើរការនៃការគ្រប់គ្រងទេសចរណ៍ធម្មជាតិ ដែលពួកគាត់អាចប្រើប្រាស់បានក្នុងការងារគ្រប់គ្រងក្រុមជំនួញរបស់ពួកគាត់ដែលកំពុងដំណើរការ ក្រោមការសម្របសម្រួលរបស់អង្គការRECOFTC, WCS និង CRDT។