លទ្ធផលនៃកិច្ចប្រជុំបណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ
រីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីគម្រោង SMCF-ICFMP តាមរយៈអង្គការForumSyd បានគាំទ្រថវិកាដល់បណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ ដើម្បីរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក្រោមការចូលរួមបើកពីលោកប្រធានមន្ទីរកសិកម្ម និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។
ក្នុងនោះបណ្តាញសហគមន៍រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សាគ្នាដើម្បីចែករំលែកពីបញ្ហា និងឳកាសដែលសហគមន៍ព្រៃឈើបានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ដោះស្រាយបញ្ហាដែលកើតឡើងប្រសិនបើអាចដោះស្រាយបាន និងធ្វើរបាយការណ៍ដាក់ជូនទៅគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តពីបញ្ហាដែលបណ្តាញមិនអាចដោះស្រាយបាន។ ក្នុងកិច្ចប្រជុំលើកនេះ ក្រោយពីតំណាងបណ្តាញនីមួយៗឡើងបង្ហាញពីសកម្មភាព និងបញ្ហាដែលបានជួបប្រទះក្នុងត្រីមាសកន្លងមកនេះ បន្ទាប់មកអ្នកតំណាងមកពីសហគមន៍អូរច្រាំងស បានបន្តបង្ហាញពីបញ្ហាដែលសហគមន៍ពួកគាត់បានជួប្រទះ។
លោក ឃន ឃួត បានបង្ហាញថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ គណៈកម្មាការសហគមន៍អូរច្រាំងស បាននាំគ្នាចំនួន៤នាក់ ចុះល្បាតព្រៃសហគមន៍ ហើយបានប្រទះឃើញការកាប់រានដីក្នុងព្រៃសហគមន៍ ដូចនេះពួកគាត់ក៏ប្រមូលភស្តុតាងដែលមាន នៅទីតាំងកាប់រានមានដូចជា កង់ត្រាក់ទ័រ អង្ករ ទឹកសុទ្ធ ប្រេងម៉ាស៊ូត និងតង់កៅស៊ូ យកបញ្ជូនទៅប៉ូលីស និងអជ្ញាធរឃុំ និងស្រុក។ ប៉ុន្តែនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ តុលាការសាលាដំបូងខេត្តកំពង់ធំ បានកោះហៅលោក ឃន ឃួត ទៅបំភ្លឺលើករណីនេះ ក្រោយបានចូលបំភ្លឺ តុលាការបានសាកសួរ នឹងតម្រូវឲ្យគណៈកម្មាការទាំង៤នាក់ សងជម្ញឺចិត្តចំនួន១០០០ដុល្លាអាមេរិក ក្នុងម្នាក់ ដូចនេះទើបពួកគាត់សុំឲ្យមានការជួយអន្តរាគមន៍លើបញ្ហានេះពីបណ្តាញសហគមន៍។
ជាលទ្ធផល ប្រធានបណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ លោកស្រី កែវ វណ្ណា បានសម្រេចដាក់បញ្ចូលរឿងនេះទៅកិច្ចប្រជុំគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ តុលា ឆ្នាំ២០១៧ នឹងបានរៀបចំលិខិតមួយទៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីសុំការជួយអន្តរាគមន៍លើរឿងនេះផងដែរ។