កិច្ចប្រជុំត្រីមាសគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើខេត្តកំពង់ធំ
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រីមាសគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើខេត្តកំពង់ធំ
គម្រោង “ និរន្តភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ “ អនុវត្តដោយ RECOFTC និងការគាំទ្រពីអង្គការ AFD និង FAO បានសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំត្រីមាសគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ព្រមទាំងមានការចូលរួមពីបណ្តាញសហគមន៍ព្រៃឈើ មន្រ្តីរដ្ឋបាលព្រៃឈើ អជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួនបីដូចខាងក្រោម៖
- ពិនិត្យលើរបាយការណ៍ពីបណ្តាញសហគមន៍ព្រៃឈើ និងពិភាក្សារកដោះស្រាយចំពោះបញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ
- ចែករំលែកបទពិសោធន៍ការអនុវត្តល្អរបស់សហគមន៍ព្រៃឈើ
- ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើ
គណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ស.ស.រ ។