សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង "និរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍"
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ រីខូហ្វក្រោមជំនួយឧបត្ថម្ភថវិកាពីប្រទេសស៊ុយអែត តាមរយៈអង្គការ Forum Syd បានធ្វើសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី "និរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍" ក្រោមអធិបតីភាព ឯ.ឧ ងួន សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក អាំ ប៊ុនថា នាយរងខណ្ឌកំពង់ធំ និងលោកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការីខូហ្វកម្ពុជា។
ក្នុងសិក្ខាសាលានេះផងដែរ ក៏មានការចូលរួមពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ នៃសហគមន៍គោលដៅទាំង ៩ អាជ្ញាធរមូលដ្ឋាន ឃុំ និងស្រុក តំណាងបណ្តាញសហគមន៍ព្រៃឈើ មកពីស្រុកទាំង៥ ដែលមានសហគមន៍ព្រៃឈើនៅក្នុងខេត្តកំពង់ធំ រដ្ឋបាលព្រៃឈើ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូអភិវឌ្ឍសហគមន៍ព្រៃឈើ។ ក្នុងមតិស្វាគមន៍ លោកស្រីហ៊ូ កល្យាណ បានបញ្ជាក់ថា ក្រោមកិច្ចសហការដ៏ល្អជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈ រដ្ឋបាលព្រៃឈើថ្នាក់ជាតិ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ក្រសួងបរិស្ថាន និងអង្គកាដៃគូនានា នេះគឺជាគម្រោងទី៥ ហើយដែលអង្គការរីខូហ្វបានអនុវត្តនៅខេត្តកំពង់ធំ ដោយគម្រោងទី១បានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ ហើយគម្រោងទី៤ទើបនឹងបានបញ្ចប់នាខែមិថុនា ឆ្នាំ២០១៧នេះទេ។ លោកស្រីបន្តទៀតថា សិក្ខាសាលាថ្ងៃនេះ គឺជាការផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង ដើម្បីផ្តល់លទ្ធភាពឲ្យអ្នកពាក់ព័ន្ធស្វែងយល់អំពីគម្រោង និងចូលរួមអនុវត្តសកម្មភាពដើម្បីអោយគម្រោងអាចសម្រេចបានតាមគោលដៅ និងគោលបំណងដែលបានគ្រោងទុក ។ ឯ.ឧ ងួន សុជាតិ ក៏បានសំណូមពរដល់ស្ថាប័នដែលទទួលខុសត្រូវលើការងារព្រៃឈើអោយចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើ ដោយជៀសវាងនូវការឆ្លើយដាក់គ្នា ដើម្បីរួមចំណែកក្នុងការស្តារ និងគ្រប់គ្រងធនធានព្រៃឈើ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ឯ.ឧ ក៏បានស្នើអោយអាជ្ញាធរមូលដ្ឋានធ្វើការសហការអោយបានជិតស្និទ្ធិក្នុងការអនុវត្តគម្រោងនេះអោយទទួលបានជោគជ័យ និងកោតសរសើរដល់ រដ្ឋបាលព្រៃឈើដែលបានរៀបចំពិធីដាំឈើ ដើម្បីស្តារព្រៃឈើឡើងវិញ និងបានជម្រុញដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើកន្លងមក ហើយក៏អរគុណចំពោះកិច្ចសហការដ៏ល្អរវាងរីខូហ្វ រដ្ឋបាលព្រៃឈើ និងអង្គការដៃគូនានាផងដែរ។