RECOFTC Cambodia
Stories

ប្រសិទ្ធិភាពនៃគណៈកម្មាការសម្របសម្រួល​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត

13 September 2018
ឌី វុទ្ធារ៉ា
ការដោះស្រាយជម្លោះតាម​រយៈ​វេទិការបស់​គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត
Notes from the Field
ដីកាពីតុលាកាដំបូងខេត្តកំពង់ធំ

គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត បង្កើតឡើងដើម្បីជួយគាំទ្រដល់បណ្តាញសហគមន៍ ដែលចងក្រង​ដើម្បីពង្រឹងសម្លេងពួកគាត់ពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត។ តាមរយៈការឧបត្ថម្ភរបស់គម្រោងនានា រីខូហ្វបានសម្របសម្រួលបង្កើតឲ្យមានបណ្តាញសហគមន៍នៅថ្នាក់ខេត្តនៅតាមខេត្តមួយចំនួន​។ បណ្តាញសហគមន៍ព្រៃឈើ ក្នុងរយៈពេលបីខែម្តងតែងតែរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួន ដើម្បីពិនិត្យមើលការអនុវត្តការងារ បញ្ហា ដែលជួបប្រទះ នឹងកំណត់បញ្ហាដែលនឹងត្រូវលើកយកទៅដាក់ជូនគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តជួយដោះស្រាយ។ 

នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧ បណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្នុងនោះសហគមន៍​អូរច្រាំងស ដែលស្ថិតក្នុងភូមិដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ បានជួបប្រទះនៅបទចោទប្រកាន់ពីសាលាដំបូងខេត្ត​កំពង់ធំ ដោយសារតែគណៈកម្មាការសហគមន៍នៅពេលចុះល្បាតថ្ងៃទី ១៨ សីហា ឆ្នាំ២០១៧ បានជួបបទល្មើសកាប់រានដី​ព្រៃសហគមន៍ ហើយក៏បានរឹបអូស​វត្ថុតាងប្រគល់ជូនឃុំ ប៉ុន្តែត្រូវជនល្មើសប្តឹងបកទៅតុលាការពីបទកំហែងយកមានស្ថាន​ទំងន់ទោស ដូចនេះប្រធានបណ្តាញ និងសមាជិកទាំងអស់សម្រេចដាក់ប្រធានបទនេះមកជជែកដោះស្រាយនៅ​ក្នុង​កិច្ច​ប្រជុំគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥ តុលា ឆ្នាំ២០១៧ ក្រោមជំនួយឧបត្ថម្ភពី​គម្រោង SMCF-ICFMP ដែលបានថវិកាពី ForumSyd។

តាមរយៈការបកស្រាយបង្ហាញរបស់គណៈកម្មាការសហគមន៍អូរច្រាំងស គណៈកម្មាការគណៈកម្មាការសម្របសម្រួល​សហគមន៍​ព្រៃឈើថ្នាក់ខេត្ត បានបញ្ជូនបញ្ហានេះទៅអភិបាលខេត្តកំពង់ធំ និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ យោង​តាម​ការ​លិខិតស្នើសុំអន្តរាគមន៍ពីប្រធានបណ្តាញសហគមន៍ បានធ្វើលិខិតទៅតុលាការដំបូងខេត្តកំពង់ធំឲ្យជួយពិនិត្យលើករណី​ជម្លោះនេះ។ ជាលទ្ធផល តុលាការខេត្តកំពង់ធំ បានរំសាយសំណុំរឿងនេះ។ 

ករណីនេះបង្ហាញឲ្យឃើញថា បណ្តាញសហគមន៍ព្រៃឈើ និងគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តពិត​ជា​បានដើរតួនាទីសំខាន់ក្នុងការជួយដោះស្រាយនូវបញ្ហាដែលសហគមន៍ជួបប្រទះក្នុងការអនុវត្តសកម្មភាពគ្រប់គ្រងសហគមន៍។