RECOFTC កម្ពុជា
SMCF - ICFMP

សិក្ខាសាលាចាប់​ផ្តើម​អនុវត្តគម្រោង "និរន្តរ​ភាព​នៃ​ការ​គ្រប់គ្រង​សហគមន៍​​ព្រៃឈើ​​តាមរយៈ​ការ​​អនុវត្ត​​ផែនការ​​គ្រប់គ្រង​ព្រៃ​​សហគមន៍"

គម្រោង "និរន្តរភាពនៃការគ្រប់គ្រងសហគមន៍​ព្រៃឈើ​តាមរយៈ​ការ​អនុវត្ត​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍" ឧបត្ថម្ភដោយ​ទី​ភ្នាក់ងារ​ស៊ុយអែត​សម្រាប់​ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ​
រូបថតជាក្រុមនៃសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ រីខូហ្វក្រោមជំនួយឧបត្ថម្ភថវិកាពីប្រទេសស៊ុយអែត តាមរយៈអង្គការ Forum Syd បានធ្វើសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី "និរន្តរភាពនៃការគ្រប់គ្រង​សហគមន៍​ព្រៃឈើតាមរយៈ​ការអនុវត្ត​ផែនការ​គ្រប់គ្រងព្រៃសហគមន៍" ក្រោមអធិបតីភាព ឯ.ឧ ងួន សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក អាំ ប៊ុនថា នាយរងខណ្ឌកំពង់ធំ និងលោកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការីខូហ្វកម្ពុជា។

គណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចាប់ផ្តើមអនុវត្តគម្រោង

ក្នុងសិក្ខាសាលានេះផងដែរ ក៏មានការចូលរួមពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ នៃសហគមន៍គោលដៅទាំង ៩ អាជ្ញាធរមូលដ្ឋាន ឃុំ និងស្រុក តំណាងបណ្តាញសហគមន៍ព្រៃឈើ មកពីស្រុកទាំង៥ ដែល​មានសហគមន៍ព្រៃឈើ​នៅក្នុង​ខេត្ត​កំពង់ធំ រដ្ឋបាលព្រៃឈើ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលជាដៃគូ​អភិវឌ្ឍសហគមន៍​ព្រៃឈើ។ ក្នុងមតិស្វាគមន៍ លោកស្រីហ៊ូ កល្យាណ បានបញ្ជាក់ថា ក្រោមកិច្ចសហការ​ដ៏ល្អជាមួយ​នឹងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈ រដ្ឋបាលព្រៃឈើថ្នាក់ជាតិ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ក្រសួងបរិស្ថាន និងអង្គកាដៃគូនានា នេះគឺជាគម្រោងទី៥ ហើយដែលអង្គការរីខូហ្វបានអនុវត្តនៅខេត្តកំពង់ធំ ដោយគម្រោងទី១បានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ ហើយគម្រោងទី៤ទើបនឹងបានបញ្ចប់នាខែមិថុនា ឆ្នាំ២០១៧នេះទេ។ លោកស្រីបន្តទៀតថា សិក្ខាសាលាថ្ងៃនេះ គឺជាការផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង ដើម្បីផ្តល់លទ្ធភាព​ឲ្យ​អ្នក​ពាក់ព័ន្ធស្វែងយល់អំពីគម្រោង និងចូលរួមអនុវត្តសកម្មភាពដើម្បីអោយគម្រោងអាចសម្រេចបានតាមគោលដៅ និង​គោលបំណង​ដែលបានគ្រោងទុក ។ ឯ.ឧ ងួន សុជាតិ ក៏បានសំណូមពរ​ដល់ស្ថាប័នដែលទទួល​ខុសត្រូវ​លើការងារ​ព្រៃឈើ​អោយ​ចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើ ដោយជៀសវាងនូវការឆ្លើយដាក់គ្នា ដើម្បីរួមចំណែកក្នុងការស្តារ និងគ្រប់គ្រងធនធានព្រៃឈើ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ឯ.ឧ ក៏បាន​ស្នើអោយអាជ្ញាធរ​មូលដ្ឋានធ្វើការសហការអោយបានជិតស្និទ្ធិក្នុងការអនុវត្តគម្រោងនេះអោយទទួលបានជោគជ័យ និងកោតសរសើរដល់ រដ្ឋបាលព្រៃឈើដែល​បានរៀបចំពិធីដាំឈើ ដើម្បីស្តារព្រៃឈើឡើងវិញ និងបាន​ជម្រុញដល់​ការអភិវឌ្ឍសហគមន៍​ព្រៃឈើ​កន្លងមក ហើយក៏អរគុណចំពោះកិច្ចសហការដ៏ល្អរវាងរីខូហ្វ រដ្ឋបាលព្រៃឈើ និងអង្គការដៃគូនានាផងដែរ។