វគ្គបណ្តុះបណ្តាល «ការប៉ាន់ប្រមាណធនធានព្រៃឈើដោយមានការចូលរួម»
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកកែវសីមា ខេត្តមណ្ឌលគី មានបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ក្រោមប្រធានបទ «ការប៉ាន់ប្រមាណធនធានព្រៃឈើដោយមានការចូលរួម» ដែលរៀបចំដោយរីខូហ្វសហការជាមួយអង្គការCRDT និងអង្គការWCS ក្រោមគម្រោង"របៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ផ្តោតលើការកសាងសមត្ថភាពសម្រាប់ការបន្ស៊ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉រ(BCC-O por)" ក្នុងខេត្តមណ្ឌលគីរី ក្រោមជំនួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
លោកយិន សុខឡេង អភិបាលរងនៃគណៈអភិបាលស្រុកកែវសីមា និង លោក គីម សារិន អនុប្រធាននាយកដ្ឋានជីភាពសហគមន៍ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានបានចូលរួមជាអធិបតីក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ។
វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់សិក្ខាកាម៖
- យល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
- អាចប្រើប្រាស់វិធីសាស្រ្តប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់សម្រាប់ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ។
- មានលទ្ធភាពសម្របសម្រួលដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដោយមានការចូលរួម
- អាចជ្រើសរើសគំនិតជំនួញ និងសហគ្រិនភាព
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមសរុបចំនួន១៨នាក់ ស្រីចំនួន៤នាក់ ដែលជាមន្រ្តីមន្ទីបរិស្ថានខេត្តមណ្ឌលគីរី មន្រ្តីសាលាស្រុកកែវសីមា និងបុគ្គលិកអង្គការ WCS និងCRDT ។
វគ្គបណ្តុះបណ្តាលនេះមានប្រធានបទសំខាន់ៗដូចជាៈ
- ការពិនិត្យឡើងវិញនូវដំណើរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ
- សេចក្តីផ្តើមពីផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
- ការប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់ធន់ធាន (ជំហ៊ាទី១ និងទី២)
- ការធ្វើសារពើភ័ណ្ឌសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ
- ការចុះអនុវត្តនៅមូលដ្ឋាន
- ការជ្រើសរើសគំនិតជំនួញនិងសហគ្រិន សំរាប់ជំនួញសហគមន៍តំបន់ការពារធម្មជាតិ
- ផែនការសកម្មភាព