RECOFTC
រឿង

ការគាំទ្រសហគមន៍ព្រៃឈើនៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីទប់ស្កាត់ ភ្លើងឆេះព្រៃ

30 April 2024
Chansreyleak (Leak) Onn, Dy (Theara) Vutheara and Utsav Maden
សហគមន៍គោលដៅចំនួនប្រាំបួន នៅខេត្តសៀមរាបនិងពោធិ៍សាត់ ក្នុងប្រទេសកម្ពុជា ប្រើប្រាស់បច្ចេកទេសគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ ដើម្បី បង្ការ និងទប់ស្កាត់ ភ្លើងឆេះព្រៃក្នុងសហគមន៍របស់គេរៀងៗខ្លួន។
In Focus
អ្នកចូលរួមកំពុងប្រើប្រាស់ឧបករណ៍ និងជំនាញអន្តរាគមន៍ ពន្លត់ភ្លើងព្រៃក្នុងការ  អនុវត្តសាកល្បងពីវិធីសាស្រ្តពន្លត់ភ្លើងឆេះព្រៃនៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ រូបថតដោយអង្គការរីខូហ្វ (RECOFTC)
អ្នកចូលរួមកំពុងប្រើប្រាស់ឧបករណ៍ និងជំនាញអន្តរាគមន៍ ពន្លត់ភ្លើងព្រៃក្នុងការ អនុវត្តសាកល្បងពីវិធីសាស្រ្តពន្លត់ភ្លើងឆេះព្រៃនៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ រូបថតដោយអង្គការរីខូហ្វ (RECOFTC)

សហគមន៍នេសាទនៅតាមបណ្តោយតំបន់ឋបនីយជីវមណ្ឌលបឹង​ទន្លេ​​សាប ប្រឈម​នឹង​​ភ្លើងឆេះព្រៃដែលគំរាមកំហែង​ជីវភាព​រស់​នៅ និងទីជម្រករបស់សហគមន៍​ ព្រមទាំងការបាត់បង់ជីវចម្រុះ​។ ​ក្នុងឆ្នាំ២០១៦  ភ្លើងឆេះព្រៃលិចទឹកទ្រង់ទ្រាយធំបានកើតឡើងដោយមានវិសាលភាពគ្របដណ្តប់ខេត្តជុំវិញបឹងទន្លេសាប។ ប្រព័ន្ធផ្សព្វផ្សាយនាពេលនោះបានរាយការណ៍ថា ភ្លើងឆេះ​​ព្រៃនេះ​​បានបំផ្លាញព្រៃលិចទឹកនៅ​ជុំវិញបឹងទន្លេ​សាប
ប្រហែលមួយ​ភាគបី។ ​ខណៈភ្លើងបន្ត​​ឆាបឆេះរាលដាលខ្លាំង​ ឧទ្យាន​នុរក្ស​ និងបងប្អូន​សហគមន៍ដែលមិនមានសម្ភារៈគ្រប់គ្រាន់ បានព្យាយាមគ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃតាមដែលអាចធ្វើបាន ប៉ុន្តែ​ហាក់មិនសូវមានប្រសិទ្ធិ
ភាពឡើយ។ ជិតមួយទសវត្សរ៍ក្រោយមកនេះ ពួកគេនៅតែចង​ចាំមហន្តរាយមួយ​​នេះយ៉ាង​ច្បាស់​។ បង​ប្អូន​សហគមន៍បាននិយាយថាពួកគេចង់ធានាថា ពួកគេនឹងមិនត្រូវប្រឈមនឹងការបាត់បង់ដូចកាលពីឆ្នាំនោះទៀតឡើយ ហើយបច្ចុប្បន្ននេះ​ ពួកគេបាន​និង​​កំពុងចូលរួម​នៅក្នុង​ការ​គ្រប់គ្រង​ភ្លើង​ឆេះព្រៃតាម​​សហគមន៍របស់ពួកគេ។

គំនិត​ផ្តួចផ្តើម​​កម្មវិធីគ្រប់គ្រងភ្លើងឆេះព្រៃ​​របស់អង្គការរីខូហ្វ

អង្គការរីខូហ្វ (RECOFTC) ​មានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងការគ្រប់គ្រងភ្លើងឆេះ​ព្រៃ តាមរយៈសហគមន៍ នៅក្នុង​​តំបន់នេះ។ លោក David Ganz នាយកប្រតិបត្តិអង្គការរីខូហ្វ និងជាអ្នកជំនាញពន្លត់​អគ្គិភ័យ ​បានប្រាប់ឱ្យដឹងថា ក្នុងនាមជាមជ្ឈមណ្ឌលចំណេះដឹងថ្នាក់តំបន់ យើងមានកាតព្វកិច្ចក្នុងការចងក្រងឯកសារ និងចែករំលែក​ការ​​អនុវត្តទាំងនេះដើម្បីជួយដល់ការរៀនសូត្រ រវាងគ្នានិងគ្នាក្នុងបណ្តាល​ប្រទេសសមាជិក​អាស៊ាន ”​។

អង្គការរីខូហ្វ បាននិង​កំពុងគាំទ្រសហគមន៍មូលដ្ឋាន​នៅ​​ក្នុងតំបន់ឋបនីយជីវមណ្ឌលបឹង​ទន្ល​សាប ដើម្បីការពារធនធានព្រៃលិចទឹក​​​ពីភ្លើងឆេះ​​ព្រៃ។ ​គម្រោងការទប់ស្កាត់ និងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍
(CBFiM) និងគម្រោង​ទន្លេសាប​យើង បាន​និង​​កំពុងធ្វើការងារ​​ជាមួយ ​​សហគមន៍មូលដ្ឋាន​ចំនួនប្រាំបួន ក្នុង​ខេត្តទាំងពីរខាងលើ​​ដែលស្ថិត​ជាប់​នឹង​តំបន់​ឋបនីយជីវមណ្ឌលបឹង​ទន្លេ​សាបដើម្បីគ្រប់គ្រងភ្លើងឆេះ​​ព្រៃ។

គម្រោងទាំងពីរបានផ្តល់​​ចំណេះដឹង ជំនាញ និងធនធានដល់សហគមន៍ ដើម្បីទប់ស្កាត់​ និងគ្រប់គ្រងភ្លើង​ឆេះ​ព្រៃ។ រីខូហ្វក៏ខិតខំប្រឹងប្រែង ធានានូវ​កិច្ច​​សហការយ៉ាង​ជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន​សហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បី​ឈាន​ទៅរៀបចំ​​ និងអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍​ ដែលរៀបចំឡើង ឱ្យ​​ស្រប​តាម​​បរិបទ​នៃ​​សហគមន៍នេសាទ (CFi) ​និងសហគមន៍តំបន់ការពារធម្មជាតិនីមួយៗ​​។ លើសពីនេះគម្រោងក៏បានគាំទ្រដល់ការ ស្តារព្រៃ​ឈើដែល​បាន​​​ខូចខាតដោយភ្លើងឆេះ​ព្រៃឆ្នាំកាល​ពី​ ២០១៦ ​ឡើងវិញផងដែរ។

លោក ទេព ថាវរិន អ្នក​សម្របសម្រួល​គម្រោង CBFiM  នៅកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីប្រភេទភ្លើង​ឆេះព្រៃ​ និងការចាត់​​វិធានការ​ឱ្យបាន​សមស្រប។  លោក​បានលើកឡើង​ថា​  “​ការបណ្តុះបណ្តាល
របស់យើងបានផ្តល់ចំណេះដឹងជា​មូលដ្ឋាន ដល់​បង​ប្អូន​​សហគមន៍ ​បន្ថែមពី​លើការ​អនុវត្ត​បែប​ប្រពៃណី​របស់ពួកគេក្នុងការទប់ស្កាត់​ភ្លើង​ឆេះព្រៃ​។”​

គម្រោងបានពង្រីកកិច្ច​ខិតខំប្រឹង​ប្រែង​កសាង​សម​ត្ថភាព តាមរយៈការបណ្តុះបណ្តាល និងវិធានការពន្លត់ភ្លើង​ឆេះព្រៃ​។ បច្ចុប្បន្ន​នេះ សហគមន៍នេសាទចំនួនប្រាំបួន ​នៅ​ខេត្តពោធិ៍សាត់ និងសៀមរាប ប្រទេស​កម្ពុជាប្រើប្រាស់បច្ចេកទេសគ្រប់គ្រងភ្លើង​ឆេះព្រៃ​សហគមន៍ក្នុង​ការ​ពន្លត់​​​ភ្លើង​ឆេះព្រៃរបស់ពួកគេ​។​

Representatives from local government agencies, community members of the Ou Tabrok CFi and RECOFTC staff join the three-day training on flooded forest firefighting intervention for community-based fire management plan in Tonle Sap Biosphere Reserve organized in Pursat, Cambodia on 1–3 February 2024. Photo by RECOFTC. 
តំណាងមក​ពីទី​​អាជ្ញាធរ មូលដ្ឋាន ​សមាជិកសហគមន៍​ព្រៃឈើអូរតាប្រុក និងបុគ្គលិកអង្គការ​រីខូហ្វ ​បានចូលរួមវគ្គ​​បណ្តុះបណ្តាលរយៈពេលបីថ្ងៃ ស្តីពីផែនការគ្រប់គ្រងភ្លើង​ឆេះព្រៃ​​សហ​គមន៍ និងវិធានទប់ស្កាត់ភ្លើង​ឆេះ​ព្រៃលិចទឹក ក្នុងតំបន់ឋបនីយជីវៈមណ្ឌល ​បឹង​ទន្លេសាប ​នៅខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា ចាប់​ពី​ពីថ្ងៃទី ១ ដល់​ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបថតដោយអង្គការរីខូហ្វ។​​

សហគមន៍ទាំងអស់ មានការយល់ដឹងកាន់តែប្រសើរអំពីប្រភេទភ្លើង​ឆេះព្រៃ ​និងរបៀបដែលភ្លើង​ឆេះព្រៃ​​រីក​រាលដា​ល​ រួ​មជាមួយនឹងការអនុវត្តល្អៗ ​ក្នុងការត្រៀមលក្ខណៈ ការ​​ទប់ស្កាត់និងសុវត្ថិភាព។ យុទ្ធនាការលើក​កម្ពស់​ការយល់​ដឹង​​ ​និងសកម្មភាពកសាង​​សមត្ថភាព គាំទ្រដល់​សមាជិកសហគមន៍ ក្នុងការអនុវត្តផែនការគ្រប់គ្រងភ្លើង​ឆេះព្រៃ​របស់ខ្លួន​ ជា​ពិសេសនៅរដូវប្រាំង ដែលសំបូរភ្លើងឆេះព្រៃចាប់ពីខែមករាដល់ខែឧសភា។​

លោក ឈ្នាង គីរីវុធ មន្រ្តីសម្របសម្រួល សហគមន៍ព្រៃឈើ របស់អង្គការរីខូហ្វ​កម្ពុជា បានគូស​បញ្ជាក់​ថា មានការកើនឡើង​នូវភាពជាម្ចាស់របស់សហគមន៍លើផែនការគ្រប់គ្រងភ្លើងឆេះព្រៃ​​សហគមន៍។ លោក​បន្ថែមទៀត
ថា “​យើងបាន​សហការយ៉ាងជិតស្និទ្ធ​ជាមួយសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បរៀបចំ​និង
ពិនិត្យមើលផែនការទាំងនេះជាប្រចាំ”​។​

ការបណ្តុះបណ្តាល និង​ក​សាងសមត្ថភាព

គម្រោងទាំងពីរនេះ បានផ្តល់​​ឱ្យ​សមាជិក​សហគមន៍​នូវ​ជំនាញបច្ចេកទេស និងធនធាននានា  ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់​ស្តែង​​ក្នុងការ​អន្តរាគមន៍គ្រប់គ្រងភ្លើងឆេះព្រៃរបស់​ពួក​គេ​។​ កិច្ច​អន្តរាគមន៍ទាំងនេះបង្កើតឡើងដោយមានការចូលរួមពីសហគមន៍ស្រប​តាម​អភិក្រមជាសកល​ពិសេស ចំណុច​ R ទាំង​ប្រាំ របស់​អង្គការស្បៀង​ និង​កសិកម្ម​នៃសហប្រជាជាតិ​ (FAO) ក្នុង​​ការ​គ្រប់គ្រង​ភ្លើងឆេះព្រៃរួមមាន៖ ការពិនិត្យឡើងវិញ (​Review) និងការ​​វិភាគ (Analysis), ការកាត់បន្ថយហានិភ័យ (Risk reduction), ការត្រៀមលក្ខណៈ​ទុកជាមុន (Readiness)​,​ ការស្តារ​ឡើងវិញ (Restoration),​ និងការឆ្លើយតប (Response)។  

Teng Channak, field officer with RECOFTC Cambodia, discusses the pincer movement – a strategic approach to attack a forest fire from multiple fronts to contain and control the fire’s spread. Photo by RECOFTC.
លោក តេង ចាន់​ណាក់មន្រ្តីទីវាល​របស់​អង្គការ​រីខូហ្វកម្ពុជា ​ពិភាក្សាអំពីការប្រយុទ្ធផ្ទាល់ចលនាទ្វេ​ ដែល​ជា​យុទ្ធសាស្រ្ត​មួយ​ ក្នុង​ការ​ពន្លត់​ភ្លើង​ឆេះព្រៃចេញ​​ពីជ្រុងជាច្រើនផ្សេងៗគ្នា​ ដើម្បី​ទប់ស្កាត់់ និង​គ្រប់គ្រង​ការ​រីករាលដាល​ភ្លើង​ឆេះព្រៃ។ រូបថត​ដោយ​អង្គការរីខូហ្វ

គ្រូបណ្តុះ​បណ្តាល​អង្គការរីខូហ្វ​ បានប្រើប្រាស់វិធីសាស្រ្តដោយមានការចូលរួម ក្នុងការគូសផែនទីតំបន់ងាយរងប៉ះពាក់ដោយភ្លើងឆេះព្រៃជាមួយភាគីពាក់ព័ន្ធ។ ពួក​គាត់បង្រៀន​សិក្ខាកាម​​ឱ្យ​ចេះប្រើ​វិធីសាស្រ្ត​ពន្លត់ភ្លើង​ឆេះព្រៃ​​ដោយ​ប្រយោល​ ​ដូចជា​ការប​ង្កើតផ្លូវភ្លើង និងវិធានការ​ពន្លត់​ដោយ​ផ្ទាល់​ តាមរយៈការ​​ប្រើ
ឧប​ករណ៍វាយ​ពន្លត់​ភ្លើង​ ​បំពង់បាញ់ទឹកខ្នាតតូចស្ពាយលើ​​ខ្នង​ និងប៉ែល​ ដើម្បីគ្រប់គ្រងភ្លើង​ឆេះព្រៃ។

ការដាក់​បញ្ចូលបច្ចេកវិទ្យាសមស្រប

ការណែនាំពីកម្មវិធីល្បាតឆ្លាតវៃ តាមទូរស័ព្ទដៃ ដែលបានគាំទ្រដោយអង្គការ​​សមាគម​​​អភិរក្ស​សត្វ​ព្រៃ (WCS)​ ដើម្បីបង្កើនការតាមដាន ត្រួត​ពិនិត្យ​ និងសមត្ថភាពឆ្លើយតបកាន់តែប្រសើរឡើង។ សមាជិកសហគមន៍ក៏
បានទទួលការបណ្តុះ​បណ្តាលលើការប្រើប្រាស់កម្មវិធីផ្ញើសារតាមតេលេក្រាម​ ដើម្បីចែករំលែក​ដំណឹង​អំពី​ភ្លើង​ឆេះព្រៃ​​ឱ្យ​​បានទាន់ពេលវេលា។ ពួកគេចូលរួមយ៉ាងសកម្មក្នុងការចែករំលែកព័ត៌មាន និងកិច្ច​សហការក្នុង​ការ​​ឆ្លើយតបនឹងភ្លើងឆេះព្រៃ តាមរយៈ​ការប្រើ​ប្រាស់​ក្រុមតេលេក្រាមនេះ។

Ou Tabrok CFi members were trained on the use of the SMART patrol mobile application at the three-day training on flooded forest firefighting intervention for community-based fire management plan in February 2024. Photo by RECOFTC
សមាជិកសហគមន៍​ព្រៃឈើ​អូរតាប្រុក បានទទួលការបណ្តុះបណ្តាលអំពី​​ការប្រើប្រាស់កម្មវិធីល្បាតឆ្លាតវៃ​តាមប្រព័ន្ធ​​ទូរស័ព្ទដៃ​ ​នៅក្នុងវគ្គ​បណ្តុះបណ្តាលរយៈពេលបីថ្ងៃ ស្តី​ពី​ផែនការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ និងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់ឋបនីយជីវៈមណ្ឌលបឹងទន្លេសាបក្នុង​ខែកុម្ភៈ ឆ្នាំ២០២៤។ រូបថតដោយអង្គការរីខូហ្វ​។

លោក សា យ៉ា ប្រធានសហគមន៍ព្រៃឈើ​​អូរតាប្រុក បាន​លើក​ឡើង​ថា “​ តេលេក្រាមមានប្រយោជន៍ណាស់សម្រាប់យើង” ។ “​​​ពីមុនខ្ញុំត្រូវ​ហៅទូរស័ព្ទជាច្រើនដង​ដើម្បីជូនដំណឹងដល់សមាជិកសហគមន៍ និងស្នើសុំជំនួយ ដែលវា​​ពិបាកនិងចំណាយច្រើន​។ ឥឡូវនេះ ខ្ញុំគ្រាន់តែផ្ញើសារចូល​ក្នុង​​ក្រុមតេលេក្រាម ពួក​គាត់នឹង​បានទទួលដំណឹងភ្លាមៗ ហើយ​​មកជួយផងដែរ។”​

ការត្រៀមលក្ខណៈ​សម្រាប់រដូវកាលមាន​ភ្លើងឆេះព្រៃ​

មុនពេលរដូវកាលមាន​ភ្លើងឆេះព្រៃច្រើន​មក​ដល់​ ពោលគឺ​ចាប់ពីខែកុម្ភៈ ដល់ខែមីនា នា​ឆ្នាំនេះ អង្គការ​រីខូហ្វ​ ​បានរៀបចំវគ្គ​បណ្តុះបណ្តាល ការចុះ​អនុវត្ត​ផ្ទាល់​នៅតាមទីវាល ​និងការប្រគល់សម្ភារៈទប់ស្កាត់ និងពន្លត់ភ្លើងព្រៃ ជូន​ដល់សហគមន៍មូលដ្ឋាន​​ទាំងប្រាំបួន​។ ​​សិក្ខាកាម​​សរុប​ជាង ​៣០០ នាក់ ​ក្នុង​នោះ​មានស្ត្រី ១២ ភាគរយ ដែលជាតំណាងមក​ពី​ក្រុមអន្តរាគមន៍ពន្លត់​ភ្លើងឆេះព្រៃ​សហគមន៍​ និងក្រុមអន្តរាគមន៍​ពន្លត់​ភ្លើងឆេះព្រៃថ្នាក់ស្រុក​ បានចូល​រួមក្នុងវគ្គ​​បណ្តុះបណ្តាលនេះ។

តាមរយៈការចូលរួម​អនុវត្ត​ផ្ទាល់​តាម​ទីវាលនៅសហគមន៍នេសាទអូត្រាប្រុក​ ​លោក ឡាយ វិសិដ្ឋ​ ​អភិបាល​រង​​ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណអង្គការ​រីខូហ្វ​ ដែលបានរៀបចំការ​​បណ្តុះបណ្តាល យុទ្ធនាការលើក​កម្ពស់​ការយល់​ដឹង​ និងការប្រគល់សម្ភារៈពន្លត់ភ្លើងឆេះព្រៃ។ លោក​បានស្នើសុំឱ្យ​អង្គការ​រីខូហ្វ​ បន្ត​អនុវត្ត​សកម្មភាព​បន្ថែមទៀត រួមមានការដាំដើមឈើផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ដល់​សហគមន៍ និង​ព្រៃលិចទឹក​ កាន់តែច្រើន​ឡើង​ថែម​ទៀត​។​

From right: Lay Viseth, Deputy Governor of Pursat Province (second), hands over a backpack sprinkler to Sa Ya, chief of Ou Ta Brok CFi at the field practicum in Ou Ta Brok. David Ganz, RECOFTC executive director; Loun Chan Leng, Secretary of Ou Ta Brok CFi; Chheang Kirivuth, RECOFTC Cambodia’s community forestry partnership coordinator and Samarth March, RECOFTC Cambodia’s field officer are also pictured. Photo by RECOFTC.
រាប់​ពីស្តាំ៖ លោក ឡាយ វិសិដ្ឋ​ អភិបាល​រង​​ខេត្តពោធិ៍សាត់ (ទីពីរ) បានប្រគល់ឧបករណ៍​បាញ់ទឹក ជូន​ លោក សា យ៉ា ប្រធានសហគមន៍ព្រៃឈើ​អូតាប្រុក ក្នុង​អំឡុង​ពេល​ការ​ចុះ​​ការអនុវត្ត​ផ្ទាល់​នៅសហគមន៍អូ​តាប្រុក។ ​​ លោក David Ganz​ នាយកប្រតិបត្តិអង្គការ​រីខូហ្វ​, លោក លួន​ ចាន់ឡេង លេខាសហគមន៍ព្រៃឈើ​អូតាប្រុក,​ លោក ឈ្នាង គីរីវុធ អ្នក​សម្រប​សម្រួល​ភាពជាដៃគូ​ព្រៃឈើសហគមន៍នៃអង្គការ​រីខូហ្វ​ ​កម្ពុជា និង​លោកសំរិទ្ធម៉ាច ​ មន្រ្តី​ទីវាលអង្គការ​រីខូហ្វ​កម្ពុជា ក៏បានចូលរួម​​ថតរូ​ប ផងដែ​រ។ រូបថតដោយអង្គការរីខូហ្វ​​។

ស្ត្រីនៅ​ក្នុងការគ្រប់គ្រងភ្លើង​ឆេះព្រៃ​

លោកស្រី ខុន ផ​ល្លា ហិរញ្ញិក​សហគមន៍នេសាទអូតាប្រុក បានលើក​ឡើងថា​ “​ការការ​​ពារភ្លើង​ឆេះព្រៃ​​គឺជាការងារ​របស់យើង​គ្រប់​គ្នា។ ​ប្រសិនបើស្ត្រីមិនចូលរួម ហើយពឹងផ្អែកតែទៅ​លើបុរសដែលអាចនឹងនៅឆ្ងាយ នោះ​ភ្លើង​ឆេះព្រៃ​​ធំៗអាចនឹង​កើតឡើងជាមិន​ខាន”​ ។ លោកស្រីផល្លា គឺជាស្រ្តីឆ្នើមមួយរូប ដែលបាន្រីចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល និង​ការ​អនុវត្ត​ផ្ទាល់​ សម្រាប់សហគមន៍របស់លោកស្រី។ លោកស្រីបានលើកឡើង​ថា “​ខ្ញុំមាន​សេចក្តី​​រីករាយដែលបានចូលរួមការបណ្តុះ​បណ្តាល​ នៅ​ខេត្ត​​ពោធិ៍សាត់។ វាគឺជា​រឿង​សំខាន់ដែលយើងបាន​ទទួល​ការ​យល់​ដឹង​ពី​បច្ចេកទេសនានា​ក្នុង​ការ​​​គ្រប់គ្រង ភ្លើងឆេះព្រៃ ​​និងវិ​ធានការសុវត្ថិភាពក្នុងការពន្លត់ភ្លើង​ឆេះព្រៃ​។”​​ 

កាលពីខែមករា ឆ្នាំ​២០២៤ នៅ​ពេលមានការរាយការណ៍អំពីភ្លើងឆេះព្រៃ​ ស​ហគ​មន៍នេសាទ​កោះព្រែក​រាំងទិលសមាជិកសហគមន៍ទាំង​បុរសនិងស្ត្រី ដែលមាន​សម្ភារៈពន្លត់ភ្លើង​ និងជំនាញបច្ចេកទេសពីវគ្គបណ្តុះបណ្តាលបានពន្លត់ភ្លើងឆេះទាន់ពេលវេលា។ ​កិច្ច​អន្តរាគមន៍ ដូចជា​ករណី​ខាង​លើ​នេះ គឺសំខាន់ខ្លាំង​​ណាស់​ក្នុងការរឹតបណ្តឹងមិន​ឱ្យ​ភ្លើងឆេះព្រៃ​និងមាន​ការ​រីក​រាលដាល។ អង្គការ​រីខូហ្វ​​ នឹងបន្តធ្វើការងារ​ជាមួយសហគមន៍ ដើម្បីការពារឋបនីយជីវមណ្ឌល​បឹង​ទន្លេ​​សាប​និងគ្រប់គ្រងភ្លើងឆេះព្រៃ​នៅ​​តំប​ន់នោះ​។​

###
អុន​ ចាន់​ស្រីល័​ក្ខ (ល័ក្ខ​) គឺជា​មន្រ្តី​គម្រោង​អង្គការ​រីខូហ្វ​ ​កម្ពុជា, ឌី វុទ្ធារ៉ា​ (ធារ៉ា​) ​គឺជា​មន្រ្តី​​ទំនាក់ទំនង និងគ្រប់គ្រងចំណេះដឹងប្រចាំ​អង្គការ​រីខូហ្វ​ ​កម្ពុជា និង អ៊ុតសាវ ម៉ាដែន គឺជាមន្រ្តី​​ទំនាក់ទំនង​អង្គការ​រីខូហ្វ​។

រឿងនេះ/ការបោះពុម្ពផ្សាយ ត្រូវបានផលិតឡើង​ តាមរយៈគម្រោងការទប់ស្កាត់ និងគ្រប់គ្រងភ្លើង
ឆេះព្រៃសហគន៍ (CBFiM) នៅអាស៊ី ​និងគម្រោងទន្លេ​​សាបយើង​។​ 

គម្រោង CBFiM អាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​មាន​​កិច្ច​ព្រមព្រៀងសហ​ប្រតិបត្តិការ​​រយៈ​ពេ​លប្រាំ​ឆ្នាំ រវាង កម្មវិធីសេវាព្រៃឈើអន្តរជាតិនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និង​អង្គការ​រីខូហ្វ​។ ​គម្រោងនេះទទួលបានការគាំទ្រផ្នែក​​ហិរ​ញ្ញវត្ថុ ពីបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (USINDOPACOM) នៃនាយកដ្ឋានការពារ  រួមជាមួយនឹង​ការផ្តល់​មូល​និធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) និងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិ នៃនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA)

គម្រោងទន្លេសាបយើងគាំទ្រដោយសហភាពអឺរ៉ុបនិងដឹកនាំអនុវត្តន៍ដោយអង្គការសមាគមអភិរក្សសត្វព្រៃ។ ដៃគូអនុវត្តន៍គម្រោងរួមមាន  អង្គការរីខូហ្វ  អង្គការសន្សំម្លប់ព្រៃ (SMP)  អង្គការហ្វរ៉ុមស៊ីវ (ForumCIV)  អង្គការអុកហ្វាម (Oxfam) អង្គការជីវិត និងធម្មជាតិកម្ពុជា  (Nature Life Cambodia) ក្រុមហ៊ុនស៊ីអិនវេសមេន (SHE Investment) និង អង្គការជនពិការកម្ពុជា(CDPO)។ ដៃគូអនុវត្តគម្រោងបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយសហគមន៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ នៅគ្រប់ជាន់ថ្នាក់។ គម្រោងនេះក៏ដើរស្របទៅនឹងផែនការទប់ស្កាត់ និងគ្រប់គ្រងភ្លើងព្រៃ ឆ្នាំ២០២១-២០២៥ របស់រដ្ឋបាលជលផល នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖  www.recoftc.org/projects/cbfim and https://www.recoftc.org/en/cambodia/news/recoftc-launches-new-program-tonle-sap-biosphere-reserve-cambodia

ការងាររបស់អង្គការ​រីខូហ្វ​ អាច​ដំណើរការ​ទៅ​បាន​ដោយ​មាន​ការ​គាំទ្រ​ពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិ្កការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។​