RECOFTC
V4MF

សិក្ខាសាលាចាប់ផ្តើមគម្រោង​សម្លេង​សម្រាប់​ព្រៃឈើ​មេគង្គ

គម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ ចាប់ផ្តើមអនុវត្តសកម្មភាពក្នុងប្រទេសកម្ពុជា

ភ្នំពេញ, នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ចាប់ផ្តើមគម្រោង "សម្លេងសម្រាប់ព្រៃឈើមេគង្គ" នៅទីក្រុងភ្នំពេញ។ រីខូហ្វ រួមនឹងអង្គកាដៃគូ WWF និង NGO-Forum បានរៀបចំសិក្ខា​សាលានេះ ដោយមានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន មន្ទីបរិស្ថានខេត្តមណ្ឌលគីរី នាយកដែនជម្រកសត្វព្រៃស្រែពក សហភាពអឺរ៉ុប សហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល​ចំនួន ៥០នាក់។ គម្រោងនេះ បានទទួលសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដែលជាគម្រោង​ថ្នាក់តំបន់ ​មាន​រយៈពេល​៥ឆ្នាំ និងមានគោលបំណងក្នុងការពង្រឹង​អភិបាលកិច្ចព្រៃឈើក្នុងប្រទេសតំបន់មេគង្គ តាម​រយៈ​ពង្រឹងសង្គមស៊ីវិល។   

DG cambodia speakers of event

ឯកឧត្តម ខៀវ បូរិន ថ្លែងក្នុងមតិស្វាគមន៍ពី​សារៈសំខាន់នៃការចូលរួមរបស់តួអង្គមិនមែនរដ្ឋាភិបាល ដើម្បីទទួល​បាន​អភិបាលកិច្ចល្អ "ប្រព័ន្ធអភិបាលកិច្ចគឺចាំបាច់ណាស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និង​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អគឺរួមមាន សមភាព គណនេយ្យភាព និងការចូលរួមពេញលេញ ហើយដើម្បីទទួលបាន​នូវ​អភិបាល​កិច្ចល្អ យើងត្រូវពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន និងស្ថាប័នមិនមែន​រដ្ឋាភិបាល ដើម្បីឲ្យពួកគេ​អាច​ចូលរួម​កាន់តែមាន​ប្រសិទ្ធិភាព​ជាមួយ​រដ្ឋាភិបាល​ទាំងនៅថ្នាក់មូលដ្ឋាន និងនៅថ្នាក់ជាតិ​"។  

ដូចគ្នានេះដែរ ឯកឧត្តម George Edgar ក៏ទទួលស្គាល់ពីតួនាទី៏សំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋាភិបាល​​ ដើម្បីទទួលបានប្រសិទ្ធិភាព និងនិរន្តរភាពនៃអភិបាលកិច្ចព្រៃឈើ ក៏ដូចជាការធ្វើឲ្យប្រាកដពីនិរន្តរភាពនៃជីវភាព​របស់​សហគមន៍មូលដ្ឋានដែលរស់នៅជិតតំបន់ព្រៃឈើ។ ការ​លើកយក និងពិចារណាពីចំណេះដឹង និងគំនិតរបស់​សហគម​ន៍​មូលដ្ឋានក្នុងដំណើរការគ្រប់គ្រងព្រៃឈើ គឺចាំបាច់ណាស់សម្រាប់ការប្រើប្រាស់ព្រៃឈើឲ្យមាននិរន្តរភាព និងអភិរក្ស​ព្រៃឈើ។ 

យោងតាម ប្រធានគម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ លោក Etienne Delattre "ការផ្តួចផ្តើម រេដបូកគឺជា​ឳកាស​ដ៏ល្អសម្រាប់​ស្ថាប័នមិនមែនរដ្ឋាភិបាល ដែលត្រូវចូលរួមក្នុងកិច្ចពិភាក្សា និងដំណើរការនៃការសម្រេចចិត្តលើការគ្រប់គ្រង​តំបន់​ទេសភាព​ព្រៃឈើ​ដែលដឹកនាំដោយរដ្ឋា​ភិបាល​ ប៉ុន្តែរដ្ឋាភិបាលក្នុងប្រទេសតំបន់មេគង្គ គឺជាទូទៅនៅតែប្រើប្រាស់​វិធីសាស្រ្តមជ្ឈការសម្រាប់ការគ្រប់គ្រង និងអភិបាលកិច្ចព្រៃឈើ។ ដូចនេះគម្រោង ផ្តោតលើក្នុងការជម្រុញឲ្យមាន​ការ​ចូលរួមយ៉ាងរបស់បណ្តាញស្ថាប័នមិនមែនរដ្ឋាភិបាលដែលមានសមត្ថភាព​ ក្នុងការទប់ស្កាត់មូលហេតុនៃការសឹក​រេចរឹល​ និងបាត់បង់​ព្រៃឈើក្នុងតំបន់មេគង្គ។ គម្រោងមានសកម្មភាពសម្រាប់ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់តំបន់ទេសភាព ដោយសារ​មើលឃើញថាដើម្បីទប់ទល់នឹងបញ្ហាដែលប្រឈមក្នុងអភិបាលកិច្ចព្រៃឈើក្នុងតំបន់​គឺត្រូវតែប្រើប្រាស់វិធីសាស្រ្តរួម។ គម្រោងអនុវត្តសកម្មភាពរបស់ខ្លួនលើតំបន់ទេសភាពបី ដែល​គ្របដណ្តប់លើ៥ប្រទេស​រួមមាន ប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម​"។ 

 

speakers of event

    

សិក្ខាសាលានេះគឺជា សិក្ខាសាលាថ្នាក់ជាតិរៀបចំបន្ទាប់ពី​សិក្ខាសាលាផ្សព្វផ្សាយគម្រោងដែលធ្វើនៅថ្នាក់តំបន់​កាល​ពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំនងបង្កើត​ទិន្នន័យមូលដ្ឋានរបស់គម្រោងសម្រាប់​ប្រទេស​អនុវត្ត​គម្រោង​នីមួយៗ។