កែប្រែវគ្គបណ្តុះបណ្តាល កែប្រែអ្វីៗគ្រប់យ៉ាង

05 July 2021
RECOFTC
Talk of the Forest
វិធីសាស្រ្តដែលគម្រោង WAVES បាននឹងកំពុងធ្វើឲ្យមានការប្រែប្រួលសម្រាប់សមភាពយេនឌ័រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នៅឆ្នាំ២០១៩ មុនពេលដែលជំងឺរាតត្បាតជាសកល កូវីដ១៩ ចូលវាយលុកពិភពលោក Mardha Tillah បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីចូលរួមសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ។ នៅពេលនោះ គាត់គឺជានាយកប្រតិបត្តិនៃវិទ្យាស្ថាន RMI-ឥណ្ឌូនេស៊ី ដើម្បីព្រៃឈើ និងបរិស្ថាន។

លោកស្រី Tillah និយាយថា “កិច្ចពិភាក្សាដំបូងគេក្នុងសិក្ខាសាលា គឺផ្តោតលើការសម្រួល​អារម្មណ៍ និងការស្គាល់ខ្លួនឯង”។ “ដំបូងឡើយ ខ្ញុំមិនយល់ថាតើប្រធានបទទាំងនេះមានទំនាក់ទំនងនឹងភាពជាអ្នកដឹកនាំយ៉ាងដូចម្តេចនោះទេ”។

ប៉ុន្តែ នៅពេលដែលសិក្ខាសាលាចេះតែបន្តទៅមុខ ភាពច្បាស់លាស់មួយបានប្រាកដឡើង ធ្វើឲ្យ Tillah មានការភ្ញាក់ផ្អើលជាខ្លាំង។

Tillah និយាយថា “ខ្ញុំរំភើបណាស់”។ “វគ្គបណ្តុះបណ្តាលនេះ សង្កត់ធ្ងន់លើការកំណត់យេនឌ័ររបស់ខ្លួនឯង និងឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីកំណត់បុរេវិនិច្ឆ័យពីអត្ថន័យនៃភាពជាបុរស និងភាពជាស្រ្តី ដែលជាជំហានដំបូងសម្រាប់ការក្លាយជាអ្នកដឹកនាំដ៏រឹងមាំ។ ក្នុងរយៈពេលប្រាំថ្ងៃនោះ ខ្ញុំគិតថាល្អប្រសិនបើអ្នកដឹកនាំដទៃទៀត ទទួលបានឱកាសយល់ដឹងបែបនេះដែរ​”។

គាត់បានផ្ញើសារ ទៅមិត្តរួមការងាររបស់គាត់ ម្តាយរបស់គាត់ និងស្វាមីរបស់គាត់ ដោយសរសេរថា “ខ្ញុំសង្ឃឹមថាយើងនឹងអាចរៀបចំវគ្គបណ្តុះបណ្តាលបែបនេះនៅប្រទេសឥណ្ឌូនេស៊ី និងទទួលបានបទពិសោធន៍ជាវិជ្ជមានបែបនេះ”។

ការចាប់ផ្តើម គម្រោង WAVE ជាលើកដំបូង

Tillah និងអ្នកចូលរួម ៣០ នាក់ផ្សេងទៀតក្នុងសិក្ខាសាលានេះ គឺជាអ្នកដឹកនាំផ្នែកយេនឌ័រដំបូងគេ ដែលចូលរួម​ក្នុងកម្មវិធី WAVES របស់អង្គការ រីខូហ្វ (RECOFTC)។ WAVES គឺជាពាក្យកាត់សម្រាប់ ការអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ។

អ្នកចូលរួមបានចែករំលែកបទពិសោធន៍ជាច្រើន និងផ្សេងៗគ្នា។ អ្នកចូលរួម  មានសមាសភាពចាប់ពីអ្នកជំនាញផ្នែកបច្ចេកទេស រហូតដល់មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលមកពីប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសនេប៉ាល់ ប្រទេសថៃ និងប្រទេសវៀតណាម។ ពួកគេគឺជាមន្រ្តីរដ្ឋាភិបាល អ្នកនយោបាយ បុគ្គលិកអប់រំ ប្រធានអង្គការសង្គមស៊ីវិល អ្នកគ្រប់គ្រងធុរកិច្ច និងអ្នកសារព័ត៌មានផងដែរ។

ពួកគេភាគច្រើនជាស្រ្តី ប៉ុន្តែក៏មានបុរសផងដែរ។ អ្នកចូលរួមខ្លះត្រូវបានធ្វើការខាង “លើកកំពស់សមភាព យេនឌ័រ” ក្នុងតួនាទីការងាររបស់ពួកគេ។ រីឯមួយចំនួនទៀតធ្លាប់ឮពាក្យ “សមភាពយេនឌ័រ” ប៉ុន្តែយល់ដឹងតិចតួចអំពីបញ្ហានេះ។

ទស្សនាវីឌីអូរបស់ WAVE

អ្នកទាំងអស់មានគោលនយោបាយ គម្រោង ឬគំនិតដែលពួកគេចង់ផ្សព្វផ្សាយ ដើម្បីបង្កើតឱកាសឲ្យស្រ្តីបានចូលរួមប្រកបដោយសមភាពជាមួយបុរស ក្នុងការសម្រេចចិត្តអំពីព្រៃឈើ។

Kalpana Giri ជាអ្នកដឹកនាំគម្រោង WAVES នៅ អង្គការ រីខូហ្វ (RECOFTC) និយាយថា “ពួកគេទាំងអស់គ្នាសុទ្ធតែចង់ឲ្យស្រ្តីទទួលបានការទទួលស្គាល់ សម្រាប់ការងារដែលពួកគេបានធ្វើ និងផ្តល់ឱកាស​បន្ថែមទៀត ដែលចាំបាច់សម្រាប់ពួកគេអាចចូលរួមក្នុងការផ្តល់យោបល់លើការរៀបចំគោលនយោបាយ”។ ពួកគេចង់ស្តាប់ពីអ្វីដែលស្រ្តីក្នុងសហគមន៍កំពុងតែគិត ដូច្នេះពួកគេអាចបញ្ជ្រាប ក្នុងផែនការ និង គោលនយោបាយគ្រប់គ្រងព្រៃឈើបាន។ ពួកគេក៏មានបំណងទទួលស្គាល់តួនាទីរបស់ស្រ្តីក្នុងការដើរល្បាត និងការការពារព្រៃឈើផងដែរ”។

ប៉ុន្តែទោះជាពួកគេមានមហិច្ឆិតាបែបនេះក៏ដោយ តែអ្នកចូលរួមទាំងអស់សុទ្ធតែប្រឈម នឹងឧបសគ្គនានាដែលរារាំងពួកគេមិនឲ្យសម្រេចគោលដៅបាន ។

ការផ្លាស់ប្តូរ

អស់រយៈពេល ៣០ ឆ្នាំមកហើយ ដែល អង្គការ រីខូហ្វ (RECOFTC) បានខិតខំផ្តល់ភាពអង់អាចដល់សហគមន៍ព្រៃឈើក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើ និងតំបន់ដីសើមដែលពួកគេពឹងអាស្រ័យ ដើម្បីជីវិតរស់រាន និង ភាពរីកចម្រើន។ ក្នុងនោះ បុរសគឺជាអ្នកធ្វើការសម្រេចចិត្តលើការងារភាគច្រើន។

Giri និយាយថា ក្នុងវិស័យគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការធានាសមភាពយេនឌ័រ បានជួបប្រទះឧបសគ្គដែលយើងមើលមិនឃើញ។

គាត់បានបន្ថែមថា “គ្មាននរណាម្នាក់និយាយថា ‘ខ្ញុំមិនចង់ធ្វើការផ្នែកសមភាពយេនឌ័រនោះទេ’”។ “ពួកគេនិយាយថា ‘បាទ/ចាស សមភាពយេនឌ័រមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែពុំមានថវិកាសម្រាប់ធ្វើការងារនេះ’”។

ដូច្នេះ Giri បានចាប់ផ្តើម រកវិធីដើម្បីទម្លាយឧបសគ្គដែលមើលមិនឃើញនេះ”។

ជាដំបូង គាត់បានសម្រេចចិត្តមិនប្រើប្រាស់វិធីសាស្រ្តការផ្តល់វគ្គបណ្តុះបណ្តាលអំពីយេនឌ័រតែមួយលើកៗទេ ប៉ុន្តែ WAVES បានក្លាយជាបណ្តាញភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលរយៈពេលបីឆ្នាំ ដែលមានជំនួយផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងផ្លូវចិត្ត ។

បន្ទាប់មក WAVES ប្រើប្រាស់គោលការណ៍ ភាពជាអ្នកដឹកនាំបែបទំនាក់ទំនង ដែលសង្កត់ធ្ងន់លើទំនាក់ទំនងរវាងគ្នានឹងគ្នា ដើម្បីរៀបចំ និងអនុវត្តសកម្មភាពដែលរួមចំណែកសម្រេចចក្ខុវិស័យសមភាពយេនឌ័។ ភាពជាអ្នកដឹកនាំបែបទំនាក់ទំនង ផ្តល់តម្លៃដល់បរិយាប័ន្ន ការផ្តល់ភាពអង់អាច ការមានគោលបំណងច្បាស់លាស់ ការតម្រង់ទិសផ្នែកអាកប្បកិរិយា និងដំណើរការប្រកបដោយសីលធម៌។

"វគ្គបណ្តុះបណ្តាលនេះ សង្កត់ធ្ងន់លើការកំណត់យេនឌ័ររបស់ខ្លួនឯង និងឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីកំណត់បុរេវិនិច្ឆ័យពីអត្ថន័យនៃភាពជាបុរស និងភាពជាស្រ្តី ដែលជាជំហានដំបូងសម្រាប់ការក្លាយជាអ្នកដឹកនាំដ៏រឹងមាំ។"

Mardha Tillah

ជាការចាប់ផ្តើម សិក្ខាសាលា ផ្តោតលើការអភិវឌ្ឍ ខ្លួនរបស់បុគ្គលម្នាក់ៗ។ អ្នកចូលរួមត្រូវធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងធ្វើការវិភាគអំពីភាពលម្អៀងដែលពួកគេមានរៀងៗខ្លួន។ តាមរយៈសកម្មភាពនេះ ពួកគេនឹងមើលឃើញពីលក្ខខណ្ឌសង្គមដែលពួកគេមានចំពោះអ្នកដទៃ និង ភាពលម្អៀងទាំងនោះកើតចេញពីការចូលរួមក្នុងសង្គមរបស់ពួកគេ។ នៅពេលទទួលបានទស្សនាទានទាំងនេះ នឹងធ្វើឲ្យអ្នកដឹកនាំយេនឌ័រផ្លាស់ប្តូររបៀប ទំនាក់ទំនងជាមួយអ្នកដទៃរបស់ពួកគេ។

អ្នកដឹកនាំយេនឌ័រមិនបានផ្លាស់ប្តូរការងាររបស់ពួកគេនោះទេ ប៉ុន្តែពួកគេបានផ្លាស់ប្តូររបៀបធ្វើការរបស់ពួកគេ។ ពួកគេបាននិយាយថា ពួកគេ មើលឃើញទិដ្ឋភាពពីជ្រុងផ្សេងៗនៅពេលពួកគេអនុវត្តសកម្មភាពដែលពួកគេកំពុងធ្វើ ឬសកម្មភាពនាពេលខាងមុខ    ។

ការស្គាល់ខ្លួនឯងធ្វើឲ្យមានការផ្លាស់ប្តូរ 

ការសម្ភាស ក្រោយពេលពីរឆ្នាំបន្ទាប់ពីសិក្ខាសាលាលើកដំបូង រកឃើញថា អ្នកចូលរួមទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល សុទ្ធតែបានកែប្រែទស្សនៈរបស់ខ្លួនពីវិធីក្លាយជាអ្នកដឹកនាំយេនឌ័រដ៏ល្អម្នាក់។ ពួកគេក៏មានឱកាសយកទ្រឹស្តី និងការសិក្សាពីវគ្គបណ្តុះបណ្តាលទៅអនុវត្ត នៅពេលដែលពួកគេ ត្រឡប់ទៅបំពេញការងាររបស់ពួកគេនៅប្រទេសកំណើត វិញ។

Tillah ទទួលស្គាល់ថា ការឆ្លុះបញ្ចាំងពីខ្លួនឯង គួរតែអនុវត្តក្នុងអង្គការរបស់គាត់ដែរ។ គាត់និងមិត្តរួមការងារ បានដាក់ចុះជាផ្លូវការនូវគោលនយោបាយយេនឌ័ររបស់អង្គការ ដែលមិនដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ពួកគេបានចាប់ផ្តើមធ្វើសវនកម្មយេនឌ័រ ដើម្បីមើលថាតើការត្រួតពិនិត្យ និងវាយតម្លៃរបស់ពួកគេបានប្រើប្រាស់ទស្សនវិស័យយេនឌ័រដែរឬទេ ហើយកម្មវិធីរបស់ពួកគេមានគិតគូរអំពីយេនឌ័រដែរឬទេ។

Tillah មានប្រសាសន៍ថា “យើងរីករាយណាស់ ដែលសវនកម្មបង្ហាញថា យើងបានគិតគូរពីយេនឌ័រ”។ “យើងទទួលបានពិន្ទុល្អ ប៉ុន្តែយើងក៏បានកត់ សម្គាល់ ចំណុចសម្រាប់ការកែលម្អផងដែរ”។

ពេលវេលាកន្លងមក គាត់សង្កេតឃើញថាមានការលំបាកខ្លាំងសម្រាប់ការផ្លាស់ប្តូរទម្លាប់ដែលបានចាក់ឫសយ៉ាងជ្រៅ ដូចជា មេភូមិជាបុរស ច្រើនបញ្ចេញគំនិតជំនួសស្រ្តីក្នុងភូមិ ឬបុរស    ទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់នៅសហគមន៍ជនជាតិដើមភាគតិច។

ការមើលឃើញបែបនេះ ធ្វើឲ្យ Tillah និងក្រុមការងាររបស់គាត់រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ដែលបញ្ជាក់ថា ក្រុមការងារនៅទីវាលត្រូវតែមានអ្នកសម្របសម្រួលដែលជាបុរសម្នាក់ និងស្រ្តីម្នាក់។ អ្នកសម្របសម្រួលដែលជាស្រ្តី អាចដឹកនាំកិច្ចពិភាក្សាក្នុងក្រុមដែលមានសមាជិកជាស្រ្តីសុទ្ធសាធបាន។

Tillah

Tillah បាននិយាយថា “ក្រុមការងារបានបង្កើតសមាគមន៍ស្រ្តី នៅពេលដែលមានស្រ្តីនៅក្នុងភូមិ មិនទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាល”។ “នៅពេលនេះ យើងមានស្រ្តីជនជាតិដើមភាគតិចវ័យក្មេង ដែលចូលរួមយ៉ាងសកម្មក្នុងក្រុមយុវជនដែលយើងធ្វើការជាមួយ។ ស្រ្តីវ័យក្មេងទាំងនោះបានផ្តួចផ្តើមគំនិតបង្កើតសួនដំណាំរួមគ្នា ជាកន្លែងដែលពួកគេដាំបន្លែសម្រាប់ការប្រើប្រាស់របស់ពួកគេ”។

នៅពេលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ Khin Nyein Khan Mon បានគិតពីមូលហេតុដែលវគ្គបណ្តុះបណ្តាលចាប់ផ្តើមពីការស្គាល់ខ្លួនឯងដូចគ្នា។ បន្ទាប់មក គាត់ផ្ទាល់ ក៏បាន “គិតឃើញភ្លាមៗ”។

Mon អ្នកជំនាញផ្នែកបច្ចេកទេសនៃ បណ្តាញស្តារ និងអភិរក្សបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ានិយាយថា “ស្រ្តីនៅប្រទេសរបស់ខ្ញុំ ក៏ដូចជានៅកន្លែងធ្វើការរបស់ខ្ញុំ រងនូវការឲ្យតម្លៃមិនស្មើភាព”។ ប៉ុន្តែយើងមិនដឹងខ្លួន ដូច្នេះយើងក៏ទទួលយកវា ព្រោះយើងគិតថាវាជារឿងធម្មតា។ យើងគិតថាវាជារឿងប្រក្រតី ប៉ុន្តែជាក់ស្តែង វាមិនមែនជារឿងធម្មតានោះទេ។ ដូច្នេះ យើងចាំបាច់ត្រូវយល់ពីចំណុចនេះជាមុនសិន។ ប្រសិនបើយើងមិនយល់នោះ តើយើងអាចធ្វើការដើម្បីសមភាពបានដោយរបៀបណា?

ការទម្លាយឧបសគ្គ

Deepa Oli ជាមន្រ្តីផ្នែកព្រៃឈើ និងជាជនបង្គោលសម្រាប់អង្គភាពអភិវឌ្ឍន៍យេនឌ័រនៃក្រសួងរុក្ខាប្រមាញ់ និងបរិស្ថាន នៃប្រទេសនេប៉ាល់ ក៏បានកែប្រែ      ទស្សនៈរបស់ខ្លួនខ្លាំងដូចគ្នា បន្ទាប់ពីបញ្ចប់សិក្ខាសាលាលើកទី១នោះមក។ គាត់ត្រឡប់ទៅបំពេញការងារវិញ ដោយទទួលបាន​ចំណេះដឹងទូលំទូលាយ និងចេះពាក្យពេចន៍ច្រើន ដើម្បីយកទៅប្រើប្រាស់សម្របនឹងឧបសគ្គដែលធ្វើឲ្យគាត់មានភាពតានតឹងជាយូរមកហើយ។ រយៈពេលពីរឆ្នាំបន្ទាប់ពីសិក្ខាសាលាបានកន្លងផុតទៅ គាត់និយាយថា គាត់ប្រឈមនឹងភាពរើសអើង និងការលម្អៀង តាមសន្តិវិធី និងការស្ថាបនា ច្រើនជាងដោយកំហឹង។

ហើយគាត់​និយាយថា សិក្ខាសាលានេះបានផ្លាស់ប្តូរគ្រប់យ៉ាង។

Oli និយាយថា “នៅថ្ងៃដំបូងៗ WAVES បានបង្រៀនយើងពីវិធីវាយតម្លៃ ភាពដិតដាមយ៉ាងជ្រៅនៃនិយាម និងគុណតម្លៃសង្គម ដែលមានក្នុងការគិតរបស់យើងម្នាក់ៗ”។ “យើងបានរៀនពីការធ្វើជាខ្លួនឯង ការស្រលាញ់ខ្លួនឯង និងការឲ្យតម្លៃខ្លួនឯង។ វាគឺជាអ្វីដែលខ្ញុំចាំមិនភ្លេចនោះទេ។ សារនេះ មានឥទ្ធិពលយ៉ាងខ្លាំងចំពោះខ្ញុំ។ វាបំផុសគំនិតខ្ញុំឲ្យធ្វើការ។ នៅពេលខ្ញុំឲ្យតម្លៃខ្លួនឯង ខ្ញុំក៏ឲ្យតម្លៃអ្នកដទៃដូចគ្នា”។

Oli

Oli ក៏បាននិយាយពីការយល់ដឹងរបស់គាត់លើពាក្យ “ដំណើរការនៃការចូលរួមក្នុងសង្គម”។ ពាក្យនេះ គាត់មិនដែលឮទេ មុនពេលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ។ គាត់ទទួលស្គាល់ថា វាគឺជាការប្រឈម សម្រាប់គាត់ និងសកម្មជនសមភាព​យេនឌ័រដទៃទៀត៖ អ្នកដែលមិនយល់ស្រប ឬមិនគាំទ្រជាមួយនឹងគំនិតរបស់​គាត់ គឺជាលទ្ធផលបានពី​ការចិញ្ចឹមបីបាច់ក្នុងគ្រួសារ  និងដំណើរការនៃការចូលរួមក្នុងសង្គមរបស់អ្នកទាំងនោះ។

ការយល់ដឹងថ្មីនេះបានកែប្រែរបៀបដែលគាត់ឆ្លើយតបទៅអ្នករាល់គ្នាដែលបារម្ភថា ការនិយាយអំពីបញ្ហាយេនឌ័រនឹងអាចបង្កើតជាភាពប្រកួតប្រជែងរវាងបុរស និងស្រ្តី។

“ខ្ញុំឆ្លើយតបទៅនឹងឧបសគ្គ មិនមែនជាមួយនឹងមនុស្សនោះទេ” គាត់និយាយទៅអ្នកដែលសួរពីចេតនារបស់គាត់សម្រាប់បញ្ហាសមភាពយេនឌ័រ ។ “ការមានអារម្មណ៍ស្ងប់ និងហ្នឹងនរជាងមុន ហើយបន្តធ្វើកិច្ចការដដែលដោយប្រើប្រាសវិធីសាស្រ្តផ្សេង។ ការប្រឈមមុខតាមបែបយុទ្ធសាស្រ្ត។ នៅពេលដែលខ្ញុំមានប្រតិកម្មភ្លាមៗ ការតវ៉ាក៏មានកម្រិតខ្លាំង។ ឥលូវនេះ ខ្ញុំនៅតែធ្វើការងារដដែល តែតាមវិធីផ្សេងវិញម្តង។ ខ្ញុំសង្កេតឃើញថា មានអ្នកស្តាប់ឮអ្វីដែលខ្ញុំកំពុងតែនិយាយ”។

តម្លៃនៃពាក្យពេចន៍

Oli និយាយពីចលនាមួយក្នុងវិស័យព្រៃឈើរបស់ប្រទេសនេប៉ាល់ ដើម្បីយកឈ្នះលើវិសមភាព ការបៀតបៀនផ្លូវភេទ និងការរំលោភបំពានដទៃទៀត ទៅលើស្រ្តី ដែលបានអនុវត្តភាពជាអ្នកដឹកនាំរបស់ពួកគេ។

Oli បាននិយាយថា “យើងដឹងថាមានភាពខ្វះខាតក្នុងការបង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាព និងមានភាពថ្លៃថ្នូរ ប៉ុន្តែយើងមិនអាចកំណត់វិធីសាស្រ្តដើម្បីដោះស្រាយបញ្ហានោះបាន”។ “WAVES ផ្តល់ឲ្យយើងនូវពាក្យពេចន៍ ដើម្បីពណ៌នាអំពីដំណើរការទាំងមូល ក៏ដូចជាកំណត់បាននូវបញ្ហារបស់យើង ដើម្បីស្វែងរកយុទ្ធសាស្រ្តដើម្បីឆ្ពោះទៅមុខ”។

វគ្គបណ្តុះបណ្តាលស្តីពី ការគិតគូរយេនឌ័រ របស់ក្រសួងរុក្ខាប្រមាញ់ និងបរិស្ថាន បានណែនាំ​មន្រ្តីព្រៃឈើពីទស្សនទាននៃការចូលរួមក្នុងសង្គម។

“យើងបានបង្ហាញពួកគេថា ការគិតរបស់បុគ្គលម្នាក់ៗ មិនមែនជា “កំហុសរបស់អ្នក” ឬ “កំហុសរបស់ខ្ញុំ” នោះទេ។ វាកើតពីដំណើរការនៃការចូលក្នុងសង្គមរបស់យើង។ មនុស្សគ្រប់រូប ទាំងបុរស និងស្រ្តី នៅពេលនេះ កំពុងតែស្តាប់ និងយល់ស្របតាមអ្វីដែលយើងកំពុងតែនិយាយ”។

គាត់និយាយថា ពេលនេះបណ្តាញស្រ្តីព្រៃឈើនៅប្រទេសនេប៉ាល់ ផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាពចំនួនបួន៖ ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ បង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ ធ្វើឲ្យការបញ្រ្ជៀបយេនឌ័រក្លាយជាការងារស្នូលមួយក្នុងវិស័យរបស់ពួកគេ និងបង្កើតសម្ព័ន្ធភាពការងារជាមួយបុរសកាន់តែច្រើន។

បណ្តាញស្រ្តីព្រៃឈើ បានបន្ថែមវគ្គបណ្តុះបណ្តាលលើផ្នែកការបៀតបៀនផ្លូវភេទ ផងដែរ។ វគ្គបណ្តុះបណ្តាលនោះ ផ្តោតពីការវិភាគពីកម្រិតនៃការបៀតបៀន ដើម្បីជួយឲ្យពួកគេអាចបែងចែករវាងការប្រព្រឹត្តមិនសមរម្យ និងការរំលោភបំពាន។ ចំណុចនេះបានជួយបង្កើនល្បឿនរបស់ដំណើរការនៃការផ្លាស់ប្តូរ។

Oli បាននិយាយថា “ស្រ្តីដែលជាមន្រ្តីព្រៃឈើចាប់ផ្តើមរាយការណ៍អំពីហេតុការណ៍នានានៃការបៀតបៀនផ្លូវភេទ ពីព្រោះនៅទីបំផុត ការអត់ទ្រាំកន្លងមក បានផ្លាស់ប្តូរហើយ”។ “នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ដែលយើងអាចមើលឃើញសម្រាប់ខ្លួនយើង”។

បុរសជាអ្នកដឹកនាំយេនឌ័រ 

“ស្រ្តីធ្វើការក្នុងវិស័យព្រៃឈើ? ស្រ្តីដើរល្បាតព្រៃ? វាមិនអាចទេ!”

Mai Quang Huy បានស្តាប់ឮការនិយាយដែលមិនស្មើភាព និងការនិយាយលេងសើចជាច្រើនអំពីស្រ្តី នៅពេលដែលគាត់បានក្លាយជាប្រធានក្រុមហ៊ុនព្រៃឈើ Phong Dien ដែលជាក្រុមហ៊ុនផលិត និងធ្វើជំនួញឈើហ៊ុប ជ័រឈើ កូនឈើ និងឱសថបុរាណនៅប្រទេសវៀតណាម។ គាត់តែងតែមានអារម្មណ៍ថា ការរើសអើងរបស់មិត្តរួមការងារ និងអតិថិជនរបស់គាត់ចំពោះតួនាទី និងទំនួលខុសត្រូវរបស់ស្រ្តីក្នុងវិស័យព្រៃឈើ គឺជាកំហុសឆ្គង។

Huy

ចាប់តាំងពីបានចូលរួមជាមួយ WAVES  មក Huy បានដឹកនាំក្រុមហ៊ុនរបស់គាត់ឲ្យអនុវត្ត​គោលនយោបាយដែលគិតគូរអំពីយេនឌ័រ លុបបំបាត់ការបែងចែកយេនឌ័រក្នុងប្រភេទការងារ និងរួមបញ្ចូលការវិភាគយេនឌ័រក្នុងរបាយការណ៍ប្រចាំឆ្នាំ។ ក្រុមហ៊ុនរបស់គាត់ នៅពេលនេះ តម្រូវឲ្យស្រ្តីចូលរួមក្នុងកិច្ចប្រជុំសហគមន៍ និងក្នុងកិច្ចសន្យាត្រូវដាក់ទាំងឈ្មោះភរិយា និងស្វាមី។

Huy បាននិយាយថា “មិត្តភ័ក្ត និងមិត្តរួមការងាររបស់ខ្ញុំ បានសួរខ្ញុំអំពីមូលហេតុដែលខ្ញុំចាប់អារម្មណ៍លើបញ្ហាយេនឌ័រ និងមូលហេតុដែលខ្ញុំមិនផ្តោតលើការទន្រ្ទានព្រៃឈើ ឬការទប់ស្កាត់ និងត្រួតពិនិត្យភ្លើងឆេះព្រៃ”។ “ខ្ញុំបានឆ្លើយតបថា បញ្ហាយេនឌ័រគឺជាដើមហេតុនៃបញ្ហាទាំងនោះ ហើយការដោះស្រាយបញ្ហាយេនឌ័រនឹងជួយដោះស្រាយបញ្ហាទាំងនោះ”។

នៅគ្រាដំបូងៗ ដែលគាត់ធ្វើជាសកម្មជនយេនឌ័រ លោក ឈុនហាក់ បាននិយាយអំពីសិទ្ធិនារី របៀបវារៈជាសាកលរបស់អង្គការសហប្រជាជាតិ និងសម្ពាធថ្នាក់ជាតិក្នុងការដើរតាមការប្តេជ្ញាចិត្តជាសកល។ បច្ចុប្បន្ន គាត់គឺជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានសមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់ក្រសួងកិច្ចការនារី នៃប្រទេសកម្ពុជា។

គាត់និយាយថា WAVES បានបង្រៀនគាត់ឲ្យផ្តោតលើការកសាងភាពជាដៃគូដើម្បីទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក។

លោក ហាក់ បាននិយាយថា “ការងាររបស់ខ្ញុំជាមួយភាគីពាក់ព័ន្ធហាក់បីដូចជាមានភាពល្អប្រសើរឡើង”។ “ខ្ញុំបានរៀនសូត្រពីរបៀបបង្កើតភាពជាដៃគូ សំដៅលើភាពដៃគូរយៈពេលវែង។ វគ្គបណ្តុះបណ្តាល បង្ហាញពីរបៀបប្រមូលផ្តុំមនុស្សឲ្យមករួបរួមគ្នា ដើម្បីសម្រេចគោលដៅរួម”។

ការបណ្តុះគំនិតដល់យុវវ័យ

ការឆ្លុះបញ្ចាំងឲ្យស្គាល់ពីខ្លួនឯង បានជះឥទ្ធិពលលើលោក ហាក់ ខ្លាំងដូចគ្នា។ គាត់និយាយថា WAVES ធ្វើឲ្យគាត់មាន “ការផ្លាស់ប្តូរ”។ គាត់យល់ថា មូលដ្ឋាននៃការផ្លាស់ប្តូរ នឹងកើតឡើង ប្រសិនបើយុវវ័យបានសិក្សាស្វែងយល់អំពីសមភាព និងភាពជាអ្នកដឹកនាំមុនពេលដែលពួកគេក្លាយជាអ្នកដឹកនាំ។

នៅឆ្នាំ២០២០ លោក ឈុនហាក់ បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ ដោយដាក់បញ្ចូលប្រធានបទស្តីពីការស្គាល់ខ្លួនឯង ផងដែរ។ បច្ចុប្បន្ន កម្មវិធីនេះគឺជាកម្មវិធីបង្ហាត់បង្រៀនរយៈពេលមួយឆ្នាំ សម្រាប់បណ្តុះភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងចំណោមយុវជន។ យុវវ័យធ្វើសំណើរសម្រាប់ការស្រាវជ្រាវ ឬការពង្រឹងភាពអង់អាចដល់សហគមន៍ និងស្វែងរកមូលនិធិ សម្រាប់អនុវត្តការងាររបស់ពួកគេ។

គាត់ក៏បានបង្កើតយុទ្ធនាការភាពជាអ្នកដឹកនាំក្នុងក្រសួងកិច្ចការនារី ដើម្បីទាក់ទាញ និងលើកទឹកចិត្តមន្រ្តីវ័យក្មេងផងដែរ។

គាត់បាននិយាយថា “វាបង្កើតជារូបភាព ដែលពោរពេញទៅដោយថាមពលរបស់ក្រសួង សម្រាប់សិស្ស និងយុវវ័យ ហើយពេលនេះ ពួកគេស្នើសុំចូលធ្វើការនៅទីនេះ”។ “ពួកគេរីករាយដោយសារពួកគេអាចមើលឃើញថាសមភាពយេនឌ័រមិនត្រឹមតែជាការយល់ដឹងដ៏តូចចង្អៀតអំពីបញ្ហារបស់ស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែលមានភាពទូលំទូលាយ និងអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដសម្រាប់សង្គមរបស់ពួកគេ”។

Hak

Tillah ក៏បានណែនាំកម្មវិធីថ្មីៗដល់យុវវ័យ នៅពេលដែលគាត់ត្រឡប់ទៅវិទ្យាស្ថានរបស់គាត់នៅប្រទេសឥណ្ឌូនេស៊ីវិញ បន្ទាប់ពីបញ្ចប់សិក្ខាសាលា WAVES លើកទីមួយ។ គាត់បានបង្កើតមេរៀនស្តីពី ការផ្តោតអារម្មណ៍ ផ្នត់គំនិត និងភាពលម្អៀង ក្នុងវគ្គសិក្សាខ្លីៗសម្រាប់សិស្សផ្នែកព្រៃឈើ សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ និងយុវវ័យនៅតាមទីជនបទ។

គាត់និយាយថា “ចម្លើយពីអ្នកចូលរួមក្នុងវគ្គសិក្សា បានបង្ហាញថា ពួកគេមានភាពលម្អៀង និងមានផ្នត់គំនិតដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងមនុស្សគ្រប់រូប”។ “ពួកគេឲ្យតម្លៃដល់ការបណ្តុះបណ្តាល និងឱកាសទទួលបានចំណេះដឹងពីវិសមភាពយេនឌ័រ ដែលវគ្គសិក្សាបានផ្តល់ឲ្យ”។

ការលើកទឹកចិត្តដើម្បីបង្កើតទំនុកចិត្ត

កម្មវិធី WAVES មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កម្មវិធីផ្តល់ការបណ្តុះបណ្តាលរយៈពេលបីឆ្នាំ ឬច្រើនជាងនេះ ជំនួយបច្ចេកទេស និងមូលនិធិដែលមានកំណត់ សម្រាប់គាំទ្រដល់គម្រោងសំណើរដែលអ្នកដឹកនាំយេនឌ័រចង់អនុវត្ត។ WAVES ក៏មានជនបង្គោលតាមប្រទេសទាំងប្រាំពីរផងដែរ ដើម្បីបន្តទំនាក់ទំនងជាមួយអ្នកដឹកនាំយេនឌ័រ តាមរយៈការជជែកជាក្រុម ឬសន្ទនាមួយទល់នឹងមួយ។

ប្រសិនបើមានអ្វីមួយលេចឡើង ក្នុងពេលរាយការណ៍ប្រចាំខែពីជនបង្គោល ក្នុងកិច្ចប្រជុំជាមួយ Giri នោះ គាត់នឹងរៀបចំវគ្គបណ្តុះបណ្តាលតាមអនឡាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។ Giri ជាធម្មតា ចូលរួមក្នុងការជជែកជាក្រុម និងបើកចំហរចំពោះអ្នកដឹកនាំយេនឌ័រគ្រប់រូប។

លោក ឈុនហាក់ និយាយថា “កត្តានេះធ្វើឲ្យយើងមានអារម្មណ៍ថា យើងមិនមែននៅតែម្នាក់ឯងនោះទេ”។ “វាមិនមែនជាការផ្តល់ឲ្យធំដុំអីនោះទេ ប៉ុន្តែ វាមានសំខាន់ណាស់សម្រាប់យើង។ វាធ្វើឲ្យយើងមានទំនុកចិត្តថាមានមនុស្សម្នាក់តែងតែនៅជួយការពារយើង”។

Giri ទទួលស្គាល់ថា ការគាំទ្រផ្នែកផ្លូវចិត្ត មិនស្ថិតក្នុងកម្មវិធីនោះទេ។ Giri និយាយថា “យើងផ្តល់ទីតាំងដែលមានសុវត្ថិភាពមួយសម្រាប់ការឆ្លុះបញ្ចាំង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលយើងមើលឃើញថាវាចាំបាច់”។ “ប្រសិន​បើអ្នកដឹកនាំយេនឌ័រនិយាយថា គម្រោងរបស់ពួកគេមិនសម្រេចទៅតាមគោលដៅ យើងនឹងនិយាយថា “មិនអីទេ! មានរឿងអ្វីកើតឡើង អ្នកអាចនិយាយប្រាប់យើងបាន”។ ក្នុងពេលជជែកគ្នា ឬក្នុងវគ្គឆ្លុះបញ្ចាំង នៅពេលដែលពួកគេនិយាយពីរឿងទាំងនោះ យើងមិនកំណត់ត្រឹមតែផ្នែកបច្ចេកទេសនោះទេ។ ពួកគេបាននិយាយថា ពេលដែលរឿងទាំងនោះកើតឡើង ពួកគេបាក់ទឹកចិត្ត។ ពួកគេបានត្រៀមខ្លួនដើម្បីលាឈប់ពីការងារ”។

ពពុះទឹកតូចៗនឹងបង្កើតជារលកនាពេលអនាគត 

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល WAVES លើកទីមួយ អ្នកចូលរួមមានអារម្មណ៍ថាខ្លួនមានភាពអង់អាចក្នុងការកែប្រែអ្វីមួយ ទោះបីជាការកែប្រែនោះតូច ប៉ុន្តែអាចនឹងជះឥទ្ធិពលខ្លាំងនៅពេលនេះ និងនាពេលអនាគត។

ឧទាហរណ៍ អ្នកដឹកនាំយេនឌ័រម្នាក់នៅប្រទេសឥណ្ឌូនេស៊ីបានកែប្រែការចែងថា ស្រ្តីមានផ្ទៃពោះមិនអាចចូលរួមវគ្គបណ្តុះបណ្តាលបានទេ និងបានបង្កើតទារកដ្ឋានសម្រាប់កូនតូចៗរបស់សិក្ខាកាមដែលចូលរួមទៀតផង។ អ្នកដឹកនាំផ្សេងទៀត បានបញ្ចូលបញ្ហាយេនឌ័រទៅក្នុងកម្មវិធីសិក្សាផ្នែករុក្ខាប្រមាញ់នៅសាកលវិទ្យាល័យរបស់គាត់។ នៅប្រទេសកម្ពុជា អ្នកដឹកនាំយេនឌ័របានរៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្តយេនឌ័រ។ នៅប្រទេសនេប៉ាល់ ពួកគេមានបំណងបណ្តុះអ្នកដឹកនាំយេនឌ័រចំនួន ៣០០ នាក់ក្នុងជំនាញរបស់ពួកគេ នៅរយៈពេលពីរឆ្នាំ តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត និងការពិភាក្សាអំពីមុខររបរ។

ចំណុចសំខាន់បំផុតរបស់ WAVES ប្រហែលជា កម្មវិធីនេះបានផ្តល់នូវនិយមន័យសមស្របមួយសម្រាប់ពាក្យថា “សមភាពយេនឌ័រ”។

“ស្រ្តីនៅប្រទេសរបស់ខ្ញុំ ក៏ដូចជានៅកន្លែងធ្វើការរបស់ខ្ញុំ រងនូវការឲ្យតម្លៃមិនស្មើភាព។ ប៉ុន្តែយើងមិនដឹងខ្លួន ដូច្នេះយើងក៏ទទួលយកវា ព្រោះយើងគិតថាវាជារឿងធម្មតា។ យើងគិតថាវាជារឿងប្រក្រតី ប៉ុន្តែជាក់ស្តែង វាមិនមែនជារឿងធម្មតានោះទេ។ ដូច្នេះ យើងចាំបាច់ត្រូវយល់ពីចំណុចនេះជាមុនសិន។ ប្រសិនបើយើងមិនយល់នោះ តើយើងអាចធ្វើការដើម្បីសមភាពបានដោយរបៀបណា?”

Khin Nyein Khan Mon

អ្នកវាយតម្លៃឯករាជ្យ Dibya Gurung ក្នុងសិក្ខាសាលា WAVES ដែលរៀបចំតាមប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ បាននិយាយថា “វាលែងជាអ្វីដែលគ្រប់គ្នាគិតថាអ្នកណាក៏អាចធ្វើបានទៀតហើយ”។ “ជាទម្លាប់អ្នកណាក៏អាចផ្តល់ធាតុចូលលើឯកសារ វេទិកា ឬព្រឹត្តិការណ៍ដែលទាក់ទងនឹងយេនឌ័រ។ ប៉ុន្តែពេលនេះ អ្នករៀបចំបានកំណត់ថា  អ្នកដែលមានចំណេះដឹង ឬបទពិសោធន៍ប៉ុណ្ណោះ ទើបអាចផ្តល់ធាតុចូលបាន។ ភាពស្របច្បាប់ប្រភេទនេះ គុណតម្លៃបែបនេះ បានចាប់ផ្តើមទទួលស្គាល់ដោយសន្សឹមៗហើយ”។

Giri យល់ស្រប។

“នៅពេលដែលខ្ញុំសួរក្រុមការងារនៅមីយ៉ាន់ម៉ាពីអ្វីដែលពួកគេសម្រេចបានតាមរយៈ WAVES ពួកគេនិយាយថា “ការទទួលយក”។ កាលពីមុន មនុស្សជាច្រើននិយាយទៅកាន់ពួកគេថា “ទេ! ទេ! យេនឌ័រមិនសំខាន់នោះទេ។ យើងគាំទ្រសហគមន៍ព្រៃឈើ គឺគ្រប់គ្រាន់ហើយ”។ បច្ចុប្បន្ន  ដោយសន្សឹមៗតាមរយៈសិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិតពួកគេចាប់ផ្តើមធ្វើការ តាមរយៈការសិក្សាមួយចំនួនពួកគេចាប់ផ្តើមធ្វើការ តាមរយៈការបញ្ចេញមតិ  ពួកគេបានឮពីអ្វីដែលយើងចង់បាន។ វាមានទំនាក់ទំនងគ្នា”។

ហើយគាត់មើលឃើញថា អ្នកដឹកនាំយេនឌ័រ ដូចជា Mon បានត្រៀមខ្លួនរួចហើយ។

Giri និយាយថា “នាងដឹង ពីទីតាំងដែលនាងត្រូវប្រកាន់ជំហរ” “គាត់ត្រូវការការគាំទ្របន្ថែមទៀតដើម្បីគ្រប់គ្រងឧបសគ្គដែលមាន  និងដាក់បញ្ចូលយេនឌ័រទៅក្នុងសហគមន៍ព្រៃឈើឲ្យកាន់តែប្រសើរ។ ប៉ុន្តែពេលនេះ នាងអាចថា “អូខេ! ឲ្យវាមកចុះ ខ្ញុំអាចប្រឈមមុខនឹងវាបាន”។

###

គំនិតផ្តួចផ្តើមការអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ (WAVES) ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងគាំទ្រសមត្ថភាពរបស់អ្នកដឹកនាំ ក្នុងការស្វែងរកមតិគាំទ្រសម្រាប់សមភាពយេនឌ័រ។ អង្គការ រីខូហ្វ (RECOFTC) អនុវត្ត WAVES ដោយមានការគាំទ្រពី ភ្នាក់ងារ wទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។ សម្រាប់ព័ត៌មានបន្ថែមអំពី WAVES សូមចូលទៅកាន់ទំព័រនេះ។ 

ការងាររបស់ អង្គការ រីខូហ្វ (RECOFTC) អាចដំណើរការទៅបានដោយមានការគាំទ្រជាបន្តបន្ទាប់ពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។