RECOFTC Cambodia
ກິດຈະກຳ

ការផ្សព្វផ្សាយចំណេះដឹងស្តីពីរេដបូក

May 17
2017
-
Aug 09
Location
កំពង់ធំ, ក្រចេះ, ស្ទឹងត្រែង, សៀមរាប, ព្រះវិហារ, កោះកុង, កំពត
RECOFTC Events

១- សេចក្តីផ្តើម

យន្តការរេដបូកមានឥទ្ធិពលដោយផ្ទាល់លើជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដែលមានជីវភាពពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃឈើ។ ជាទូទៅប្រជាសហគមន៍ទាំងនេះទទួលបានព័ត៌មាន​តិចតួចពី​ការវិវត្តន៍​រេដបូក​ដោយសារ​ពួកគេមិន​សូវមាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធព័ត៌មានដូចជាបណ្តាញសង្គម ឬអ៊ីម៉ែលជាដើម។ ការចូលរួមពេញលេញរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ជា​កត្តា​ចាំបាច់​ដើម្បីអនុវត្ត យន្តការរេដបូក ឲ្យទទួលបានជោគជ័យ។ ការផ្សព្វផ្សាយព័ត៌មាននិងការលើកកំពស់ចំណេះដឹងស្តីពី​រេដបូក​ដល់​ជនជាតិ​ដើមភាគតិចនិងសហគមន៍មូលដ្ឋាន បានរួមចំណែកលើកកំពស់ ការចូលរួម របស់ពួកគេក្នុង យន្តការរេដបូក ប្រកបដោយ​ប្រសិទ្ធភាព។ នៅឆ្នាំ២០១៣ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាត្រូវបានបង្កើតឡើង ដែលមានតំណាងមកពី សង្គមស៊ីវិល និង​សហគមន៍​មូលដ្ឋាន។ ក្រុមប្រឹក្សាយោបល់មានសមាជិក១៨ នាក់ រួមមាន តំណាង អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (២នាក់) អង្គការក្រៅ​រដ្ឋាភិបាល​ជាតិ (២នាក់) សង្គមស៊ីវិល (២នាក់) គ្រឹះស្ថានឧត្តមសិក្សា (២នាក់) វិស័យឯកជន (២នាក់) សហគមន៍ព្រៃឈើ (២នាក់) សហគមន៍នេសាទ​(២នាក់) សហគមន៍តំបន់ការពារធម្មជាតិ (២នាក់)​ និងជនជាតិដើម (២នាក់)។ តួរនាទីសំខាន់​របស់​ក្រុមប្រឹក្សាយោបល់​រេដបូកគឺ ពាំនាំព័ត៌មាន និងការសម្រេចចិត្តស្តីពីរេដបូកដែលធ្វើ ឡើងនៅថ្នាក់ ជាតិ ទៅគ្រប់អ្នកពាក់ព័ន្ធដែល​ជា​សមាជិក​ក្រុមរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងថ្នាក់សហគមន៍ ព្រមទាំងទទួលយកនូវរាល់បញ្ហា និងកង្វល់​ដែលសហគមន៍​ជួប​ប្រទះនៅមូលដ្ឋានមកថ្នាក់ជាតិវិញ។ 
​ទន្ទឹមនឹងការពង្រឹងប្រសិទ្ធភាពនៃការចែករំលែកព័ត៌មាន និងទទួលយោបល់ត្រឡប់ពីអ្នកពាក់ព័ន្ធតាមរយៈ  យន្ត​ការក្រុម​ប្រឹក្សាយោបល់​រេដបូកនេះការបង្កើនចំណេះដឹងពីរេដបូកដល់អ្នកពាក់ព័ន្ធទាំងអស់ជា ពិសេសជនជាតិដើមភាគតិច​​ សហគមន៍ព្រៃឈើ សហគមន៍​នេសាទ និង  សហគមន៍តំបន់ការពារធម្មជាតិជាការចាំបាច់ក្នុងការលើកកំពស់ការចូលរួម និងការផ្តល់​យោបល់​ពី​បញ្ហាកង្វល់​របស់ពួកគេទាក់ទងនឹង ការអភិវឌ្ឍរេដបូកនៅកម្ពុជា។
​នៅឆ្នាំ២០១៥ ការផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកបានរៀបចំឡើងចំនួន០៩លើក ដល់ជនជាតិដើមភាគតិច នៅខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ផ្តើមចេញពីលទ្ធផលនៃការផ្សព្វផ្សាយនេះ ផែនការ​ក្រុម​ប្រឹក្សាយោបល់រេដបូកនៅឆ្នាំ២០១៧ បាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​ផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកដល់ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ចំនួន១២លើកបន្ថែមទៀត។

២- គោលបំណង

ការផ្សព្វផ្សាយចំណេះដឹងនេះ រៀបចំឡើងក្នុង​គោលបំណងដើម្បី៖

  • ផ្តល់ការយល់ដឹងពីរេដបូក ផ្សាភ្ជាប់នឹងចំណេះដឹង និងបទពិសោធន៍ដែលសហគមន៍មាន៖ ផលប្រយោជន៍​ព្រៃឈើ ការបាត់បង់ព្រៃឈើ និងវិធានការឆ្លើយតប
  • ចែករំលែក និងពិភាក្សាពីយន្តការផ្សព្វផ្សាយព័ត៌មាន និងទទួលយោបល់ត្រឡប់សម្រាប់រេដបូក
  • ទទួលមតិយោបល់បន្ថែមពីសហគមន៍ពីតម្រូវការសមត្ថភាព និងព័ត៌មាន ដើម្បីចូលរួមក្នុងសកម្មភាពរេដបូក។