RECOFTC Cambodia
ກິດຈະກຳ

ការផ្សព្វផ្សាយបង្កើន​ចំណេះដឹង​ពី​រេដបូក ដល់​និសិ្សត​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម

Aug 25
2017
Location
ភ្នំពេញ
RECOFTC Events

​១.​សេចក្តីផ្តើម

​រេដបូក (REDD+) មានន័យថា “ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការកាត់បន្ថយការបាត់បង់ និង​សឹក​រេចរិល​​​ព្រៃឈើ​​ក្នុង​ប្រទេសកំពុងអភិវឌ្ឍន៍​” ដោយគិតបញ្ចូលពីការអភិរក្ស ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និង​ការ​បង្កើន​​កាបូន​ស្តុក។ យន្តការ​រេដនេះ ត្រូវបានលើកមកជជែកពិភាក្សាតាំងពីឆ្នាំ១៩៩៧ ក្នុងពិធីសាក្យូតូ​ប៉ុន្តែ​ត្រូ​វ​បាន​លេចជារូបរាង​ឡើងក្នុងឆ្នាំ២០០៩ បន្ទាប់​ពី​កិច្ចប្រជុំ COP លើកទី១៥ នៅទីក្រុងCopenhagen ហើយយន្តការ​នេះ​ផងដែរ ត្រូវបានធ្វើឡើង​ ដោយសារតែការបាត់បង់ និង​ការ​សឹក​រេចរិល​ព្រៃឈើគឺជាមូលហេតុចំបងទី២ ដែលនាំឲ្យ​មាន​ការ​កើន​ឡើងកំដៅផែនដី និងវាបានរួមចំណែកក្នុងការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ចំនួន១៥%​ទៅក្នុងបរិយាកាស។ មួយវិញ​ទៀត ការ​កាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើគឺជាវិធីសាស្រ្ត ដែលមិន​ត្រឹម​តែ​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស័្មនផ្ទះកញ្ចក់​ប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើអាចជួយស្រូបយកកាបូនដែលបំភាយចេញ​ពីសកម្មភាព​ផ្សេងៗទៀតផង​ដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់ការរៀបចំ និងអនុវត្តន៍កម្មវិធីរេដបូក ដើម្បីរួមចំណែក គ្រប់គ្រងព្រៃឈើ​ប្រកប​ដោយ​និរន្តភាព អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។ ក្នុងឆ្នាំ២០១០ ក្រុម​ការងារ​រេដបូកកម្ពុជាបានបញ្ចប់ឯកសាផែនទីបង្ហាញផ្លូវរេដបូក ដែលជា​ឯកសារ​​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​អនុវត្តរេដបូកក្នុង​ដំណាក់​កាលត្រៀមលក្ខណៈអភិវឌ្ឍយន្តការរេដបូក​នៅ​កម្ពុជា។ ការអនុវត្តរេដបូកនៅកម្ពុជា ត្រូវបានចែកចេញជាបីដំណាក់កាលរួមមាន៖ ដំណាក់​កាលត្រៀមលក្ខណៈ ដំណាក់​កាល​អនុវត្តន៍ និងដំណាក់កាលការទូទាត់ផ្អែកតាមលទ្ធផល។ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុងនឹង​បញ្ចប់​ដំណាក់កាល​ត្រៀម​លក្ខណៈ​រ​​​​បស់ខ្លួនហើយ ហើយឈានដល់ដំណាក់កាលអនុវត្តន៍ យុទ្ធសាស្រ្តរេដបូកជាតិ ។

ដើម្បី​​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ការ​អនុវត្តរេដបូក តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចនេះការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការលើក​កំពស់​ចំណេះដឹង​ស្តីពីរេដបូកដល់អ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំងនៅតាមគ្រឹះស្ថាន​អប់រំ​គឺ​ពិត​ជាមានសារសំខាន់ណាស់។ ការផ្សព្វផ្សាយពីរេដបូកដល់​និស្សិតសាកលវិទ្យាល័យមិនត្រឹមតែជួយបង្កើនចំណេះដឹង ដល់ពួកគេប៉ុណ្ណោះទេ ថែម​ទាំង​រួម​ចំណែក​ដល់ការ​អនុវត្តយន្តការ​រេដបូកនាពេលខាងមុខផងដែរ។ លេខាធិការដ្ឋាន​រេដបូក​កម្ពុជា និង​ក្រុម​ប្រឹក្សាយោបល់​រេដបូក ក្រោយ​ជំនួយ​ថវិកា​ពីគម្រោង មូលនិធិភាពជាដៃគូកាបោនព្រៃឈើនៃ​អង្គការUNDPតាមរយៈមជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង ព្រៃឈើ (រីខូហ្វ) នឹង​រៀបចំ​​​ការ​ផ្សព្វផ្សាយ​បង្កើន​ចំណេះដឹង​ពីរេដបូក​​ដល់​​និស្សិត​សាកល​វិទ្យាល័យភូមិន្ទ​កសិកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

២. គោលបំណង

  • ផ្តល់ការយល់ដឹងដល់ និស្សិត ពី ទស្សនទាន ដំណើរការ និងបច្ចុប្បន្នភាពរេដបូកនៅកម្ពុជា 
  • ផ្តល់ឱកាសដើម្បីឲ្យនិស្សិត និងក្រុមប្រឹក្សាយោបល់រេដបូកបាន​ជួប​នឹងចែករំលែកបទ​ពិសោធន៍ពីគ្នា​ទៅវិញទៅ​មក សម្រាប់​កិច្ចទំនាក់ទំនង​នា​ពេលអនាគត
  • ផ្តល់ជាមូលដ្ឋានសម្រាប់និស្សិតដែលមានបំណងសិក្សាស្វែងយល់បន្ថែមពីរេដបូកបានទទួលបានព័ត៌មាន សម្រាប់​ការសិក្សារបស់​ខ្លួន ​

៣.​អ្នកចូលរួម​ និងពេលវេលា

​កម្មវិធីផ្សព្វផ្សាយស្តីពីរេដបូកនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីនិស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ចំនួន១៥០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម ក្រុងភ្នំញ​។