RECOFTC Cambodia
ກິດຈະກຳ

ពិធីផ្សព្វផ្សាយ​កម្មវិធី ធនធាន​រួម ដំណោះស្រាយរួម

Jul 20
2017
Location
ភ្នំពេញ
RECOFTC Events

១- សេចត្តីផ្តើម

          ទន្លេមេគង្គ គឺជាអាងទន្លេសំបូរទៅដោយជីវៈចម្រុះនៅអាស៊ីអាគ្នេយ៍។ នៅ ក្នុង ប្រទេសកម្ពុជា ទន្លេមេគង្គក៏ជាទន្លេដ៏ធំជាងគេ ហើយមានសារៈសំខាន់បំផុតក្នុងការផ្តល់សេវាកម្មអេកូឡូស៊ី ម្ហូបអាហារ និង​ប្រាក់​ចំណូល។ ប្រព័ន្ធអេកូឡូស៊ីនៅតាមដងទន្លេមេគង្គកំពុងទទួលរងនូវការគំរាមកំហែង តាមរយៈ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនានា រួមមាន​អាជីវកម្មរ៉ែ កសិពាណិជ្ជកម្ម និងទំនប់វារីអគ្គិសនីជាដើម។ល។ ភាពសមស្របនៃគោលនយោបាយ/ច្បាប់ និងការសម្រេច​ចិត្តប្រកប​ដោយ​ការ​យកចិត្តទុកដាក់លើនិរន្តរភាព របស់ទន្លេ គឺជាការចាំបាច់បំផុតដើម្បីឆ្លើយតបទៅនឹងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ធនធានរួម-ដំណោះស្រាយរួម (SRJS) គឺជាកម្មវិធី មានគោលបំណងដើម្បីគៀងគររាល់អ្នកពាក់ព័ន្ធ ផ្សេងៗនៅតាមតំបន់​ទន្លេមេគង្គ​ដែល​រួមមាន រាជរដ្ឋាភិបាល សហគមន៍ អជ្ញាធរ មន្ត្រីជំនាញ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរួមជជែក​ពិភាក្សា​ស្វែងរ​ក​ដំណោះស្រាយលើបញ្ហានានា ដែលប៉ះ ពាល់ដល់និរន្តរភាពនៃការប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ។ កម្មវិធីនេះបាន​លើក​ជា​ទ្រឹស្តីថា ភាពមិនស៊ីគ្នានៃការអនុវត្តន៍គោលនយោបាយ បណ្តាលអោយមានការធ្លាក់ចុះនូវជីវចម្រុះ ការបន្សុំាទៅនឹង ការប្រែប្រួល​អាកាស​ធាតុ សន្តិសុខស្បៀង និងបរិមាណទឹក នៅតាមតំបន់ព្រៃលិចទឹកទន្លេមេគង្គក៏ដូចជា នៅក្នុងប្រទេសទាំងមូល។
កម្មវិធី​នេះ នឹងបំពេញបន្ថែមលើកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល​ (PaFF)។ ការបំពេញ បន្ថែមនេះ រំពឹងថា​នឹង​ជួយដោះស្រាយ​ភាពមិនស៊ីគ្នានៃគោលនយោបាយ តាមរយៈវេទិកាជជែកពិភាក្សា (កម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ការពង្រឹង​សមត្ថភាព និងការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ ក្នុងការបង្កើត និងការអនុវត្តន៍គោលនយោបាយ ការពង្រឹងការអនុវត្តន៍ច្បាប់ ការ​សិក្សា​រៀនសូត្រ ការចែក រំលែកនូវបទពិសោធន៍ល្អៗ គំនិតច្នៃប្រឌិតថ្មីៗ និងវេទិកាជជែកពិភាក្សានានា។ល។
នាពេល​បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា កម្មវិធីធនធានរួម-ដំណោះស្រាយរួមនេះ បាននឹងកំពុង    អនុវត្តដោយ​អង្គការ​ដៃគូចំនួន៥ រួមមាន៖ អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) អង្គការមូលនិធិពិភពលោក​សម្រាប់​ធនធាន​ធម្មជាតិ (WWF) មជ្ឈមណ្ឌលសម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) និង​វេទិការ​អង្គការមិនមែនរដ្ឋាភិបាលស្តី       ពីកម្ពុជា (NGO Forum)។
កម្មវិធីនេះ​មានទិសដៅក្នុងការរួមចំណែកដល់ការកែសម្រួល និងជម្រុញការអនុវត្តគោលនយោបាយ ដើម្បីធានា​ដល់​និរន្តរភាព​នៃ​ការ​គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិនៅតាមតំបន់ព្រៃលិចទឹកទន្លេ  មេគង្គ។ កម្មវិធីនេះមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០) និងអនុវត្តនៅខេត្តចំនួន៣រួមមាន​៖ រតនគិរី ក្រចេះ និងស្ទឹងត្រែង។

២- គោលបំណងនៃសិក្ខាសាលា

         សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖

  • ផ្សព្វផ្សាយព័ត៌មាននានាស្តីពីកម្មវិធីធនធានរួម-ដំណោះស្រាយរួម ដល់អ្នកពាក់ព័ន្ធ
  • ស្វែងយល់ពីចំណាប់អារម្មណ៍របស់អ្នកចូលរួមទាក់ទងនឹងកម្មវិធីនេះទាំងមូល
  • ស្វែងរកការគាំទ្រ និងកិច្ចសហការពីអ្នកពាក់ព័ន្ធក្នុងខេត្តគោលដៅ

៣- សមាសភាពអ្នកចូលរួម ​

សិក្ខាសិលានេះ នឹងមានអ្នកចូលរួមជាតិ និងអន្តរជាតិចំនួនប្រមាណ ៩០នាក់រួមមាន៖ តំណាងគណៈអភិបាលខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង តំណាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីរចេសចរណ៍​ និងមន្ទីរពាក់ព័ន្ធនានា អជ្ញាធរមូលដ្ឋាន (ឃុំ និងស្រុក) តំណាងសហគមន៍ (សហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍អេកូទេសចរណ៍ បណ្តាញសហគមន៍ សហគ្រាស​សហគមន៍.....) តំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា និងម្ចាស់ជំនួយ។