RECOFTC Cambodia
ກິດຈະກຳ

សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង គ្រប់គ្រងព្រៃឈើដោយនិរន្តភាព និងការលើកកំពស់របរចិញ្ចឹម​ជីវិត​តាម​រយៈសហគមន៍​ព្រៃឈើ និង​គំនិត​ផ្ដួច​ផ្ដើម​អំពី​ការ​កាត់​បន្ថយ ការ​បញ្ចេញ​ឧស្ម័ន​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់ និង​ការ​រេចរឹល ព្រៃឈើ​នៅ​កម្ពុជា

Sep 18
2015
Location
ភ្នំពេញ
RECOFTC Events

ប្រវិត្តរបស់គម្រោង

គម្រោង «គ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់របរចិញ្ចឹមជីវិតតាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និង​រេចរឹលព្រៃឈើនៅកម្ពុជា (SFMRLE) ក្រោមជំនួយរបស់សហភាពអឺរ៉ុប ជាគម្រោងដែលអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយ រដ្ឋបាលព្រៃឈើ និងអង្គការ  Oxfam GB។ គម្រោងនេះអនុវត្តក្នុងរយៈពេល៥៧ខែ (ចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥) ដោយមានទឹកប្រាក់ជំនួយសរុបពីសហភាពអឺរ៉ុបចំនួន ១ ៦៣៤ ៧២៤,១១ អឺរ៉ូ ដែលស្មើនឹង ៦៥,៦៧% នៃតម្លៃសរុបរបស់គម្រោង។

គម្រោងមានគោលបំណងដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ដោយរាជ​រដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសហគមន៍អាចថែរក្សាព្រៃឈើដោយនិរន្ដភាព  និង​ពង្រឹងជីវភាពសមាជិកសហគមន៍​តាម​រយៈ​ផលប្រយោជន៍ដែលកើតចេញពីការធ្វើពាណិជ្ជកម្មស្របច្បាប់នូវ​ផលិតផលព្រៃឈើដែល​បាន​ពីការ​គ្រប់គ្រង​ព្រៃឈើដោយ និរន្ដភាព និងធានាបាននូវការរក្សាសេវាកម្មបរិស្ថានដែលបានពីព្រៃឈើ។ ​គម្រោង​បាន​អនុវត្ត​ក្នុងខណ្ឌរដ្ឋបាលព្រៃឈើ​ចំនួន ៧​ ស្មើនឹង ៩ខេត្ត គឺខេត្ត​កំពត ខេត្តតាកែវ ខេត្តកែប ខេត្តពោធិ៍សាត់​ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនៈគីរី។

តាមរយៈគម្រោងនេះ RECOFTC និង Oxfam GB បានសហការជាមួយរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា គាំទ្រដល់ការ​អភិវឌ្ឍសហគមន៍ព្រៃឈើច្រើនជាង ២០០សហគមន៍នៅក្នុងខេត្តគោលដៅទាំង ៩ ក្នុងនោះបានគាំទ្រទៅលើការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើ ការរៀបចំផែនការគ្រប់គ្រង និងអនុវត្ត​សកម្មភាព​នៃផែនការគ្រប់គ្រង ការរៀបចំបណ្តាញសហគមន៍ព្រៃឈើ និងដំណើរការបណ្តាញ និងការសម្របសម្រួលដោះស្រាយ​ទំនាស់ទាក់ទងទៅនឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹង REDD+។

គោលបំណងរបស់សិក្ខាសាលា

ដោយគម្រោងត្រូវបញ្ចប់សកម្មភាពទាំងស្រុងនៅថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០១៥ ដូចនេះគម្រោង​នឹងរៀបចំ​ធ្វើ​សិក្ខាសាលា​បូកសរុបលទ្ធផលគម្រោង ដើម្បីចែករំលែកនូវលទ្ធផល បទពិសោធន៍ មេរៀន និង​លើកឡើង​នូវ​អនុសាសន៍​នានា​សម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ។

អ្នកចូលរួមសិក្ខាសាលា

សិក្ខាសាលានឹងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៨០នាក់ ដែលមកពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍សហគមន៍ព្រៃឈើ អ្នកផ្តល់ជំនួយ និងតំណាងសហគមន៍ព្រៃឈើ។

កាលបរិច្ឆេទ និងទីកន្លែង

សិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេល១ ថ្ងៃ គឺនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។