RECOFTC Cambodia
ກິດຈະກຳ

សិក្ខាសាលា​បូក​សរុប​លទ្ធផល គម្រោង​ពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់ ស្តីពី​ព្រៃឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម​ផលិតផល​សហគមន៍​ព្រៃឈើ

Sep 27
2016
Location
ក្រុងភ្នំពេញ
RECOFTC Events

១- សារបាន

កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលមានការពាក់ព័ន្ធ  និងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ សហគមន៍ព្រៃឈើ នៃកម្មវិធីព្រៃឈើជាតិ បានដាក់​​ចេញនូវគោលដៅនៃការបង្កើតសហគមន៍ព្រៃឈើលើ ផ្ទៃដីប្រមាណ ២ លានហិកតា (ប្រហែល ១ ០០០ សហគមន៍ នៅឆ្នាំ ២០២៩) ។ យោងតាមឯកសារស្តិតិសហគមន៍ព្រៃឈើកម្ពុជា ឆ្នាំ ២០១៥ ដែលបោះពុម្ពដោយរដ្ឋបាលព្រៃឈើ ខែកញ្ញា ឆ្នាំ ២០១៥ បានបង្ហាញថា បច្ចុប្បន្ននេះមានសហគមន៍ព្រៃឈើចំនួន ៤៩៩ សហគមន៍ ​គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៧.៦៣៥ហិកតា​ និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន១២០.០៨០​គ្រួសារ។ ដោយមានការកើនឡើងនូវចំនួនសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តចំនួន ៨ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តសកម្ម​ភាពសហគមន៍ព្រៃឈើ និងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមសម្រេចចិត្តផ្តល់ជាយោបល់ក្នុងការរៀបចំគោលនយោបាយ ក្នុងការការពារ​​​​ផលប្រយោជន៍សមាជិកសហគមន៍ព្រៃឈើទាំងអស់ ដើម្បីសម្រេចបានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។
ការចូលរួមចំណែករបស់សហគមន៍មូលដ្ឋានតាមរយៈ ការចូលរួមគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់​ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ជាផ្នែកមួយដែល មានសារៈសំខាន់ព្រោះអាចជួយឲ្យមានការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មាន​តម្លាភាព បង្កើនបាន​នូវ​ភាពជាម្ចាស់របស់សមាជិកសហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងតំបន់ព្រៃរបស់ពួកគេ និងអាចរួមចំណែកដល់ការគ្រប់គ្រងព្រៃឈើជារួម ។ ជាពិសេសការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើនេះអាចជួយបង្កើន​​​នូវកំរិត​ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការដកហូតផល អនុផលព្រៃឈើជាលក្ខណៈពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការគាំទ្រលើនិតិវិធីសុំការអនុញ្ញាត្តិធ្វើអាជីវកម្ម ឬដឹកជញ្ជូនផលិតផលពួកគេទៅកាន់ទីផ្សារ ។ ឆ្លើយតបទៅនឹងតម្រូវការនេះ គម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិផលសហគមន៍ព្រៃឈើ (FLEGT)​​​» តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍​អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (EU FAO FLEGT) ដែលអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើ បាននិងកំពុងអនុវត្តសាកល្បង​គម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ ។
បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍​ព្រៃឈើចំនួន ២៥ សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជា ១៣ ៧៧៩ ហិកតា ។ ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ១១ សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកប​ដោយ​​និរន្តរភាព​ (SFM) ដែលផ្តល់មូល​និធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះនឹងអនុវត្តនៅសហគមន៍ព្រៃឈើចំនួន ៤ ដែលបច្ចុប្បន្ននេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សីអនុ​លោម​​​តាមការផែនការគ្រប់គ្រងព្រៃសហគមន៍ ។ សមាជិកសហគមន៍ព្រៃឈើបានចងក្រងក្រុមសហគ្រាសដើម្បីដំណើរ​ការអាជីវកម្មឬស្សីដែលភា្ជប់ជា​មួយ​​ផែនការគ្រប់គ្រងព្រៃសហគមន៍ ។ ក្រុមសហគ្រាស និងផែនការអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើតបានជាគំរូដ៏ល្អមួយជាឧទាហរណ៍នៃការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។
សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ (FLEGT)» នឹងផ្តល់ជា​​ពត៌មាន និងអនុសាសន៍ដើម្បីរួមចំណែកក្នុងការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ  «បង្កើន​​​​​សមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុ​​វត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ» ។
ក្នុង មេសា ឆ្នាំ ២០១៥ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ដើម្បីអនុវត្តសាកល្បងនូវ​គម្រោង FLEGT ។ ចាប់ពីខែ កក្កដា ឆ្នាំ ២០១៥ មជ្ឈ​​មណ្ឌលសម្រាប់មនុស្ស និងព្រៃឈើបានផ្តើមអនុវត្តសកម្មភាពរបស់ខ្លួន ដោយបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ ។ គម្រោងនេះត្រូវអនុវត្តតាមដំណាក់កាលសំខាន់ៗចំនួន ៣ គឺៈ ការប៉ាន់ប្រមាណ ការអនុវត្តសាកល្បង និងការផ្តល់អនុសាសន៍កែលំអរ ។​ ការប៉ាន់ប្រមាណ តួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ត្រូវបានធ្វើនៅក្នុងខេត្តចំនួន៣គឺៈ ខេត្តកំពង់ស្ពឺ កំពង់ធំ ​និងក្រចេះ ។ លទ្ធផលនៃការប៉ាន់ប្រមាណនេះត្រូវបានយកមកអនុវត្តក្នុងសហគមន៍ព្រៃឈើចំនួន ៤ នៃខេត្តកំពង់ស្ពឺ ។ តាមរយៈការអនុវត្តនេះ គម្រោងបានរកឃើញនូវអនុសាសន៍មួយចំនួន ជាវិភាគទានសំរាប់ជួយលើការកែសម្រួលគោលការណ៍ណែនាំសហគមន៍ ដើម្បីធានានូវនិរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ នាពេលអនាគត ។

២- គោលបំណង

សិក្ខាសាលា រៀបចំឡើងក្នុង​គោលបំណងដើម្បី៖

  • ចែករំលែកលទ្ធផលនៃការអនុវត្តគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅកម្ពុជា»  
  •  ប្រមូលអនុសាសន៍ពីការអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធបានស្នើរឡើងសម្រាប់កែសម្រួលគោលការណ៍ណែនាំបង្កើតសហគមន៍ព្រៃឈើ ។

៣- ការរំពឹងទុក

            ផ្អែកតាមគោលបំណងខាងលើ សិក្ខាកាមដែលបានចូលរួម ក្នុងសិក្ខាសាលានេះនឹង៖

  • បានយល់ដឹងកាន់តែច្បាស់ពីលទ្ធផលនៃការអនុវត្តគម្រោង «ពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅ​    កម្ពុជា»
  • ទទួលបានអនុសាសន៍ ដែលបានរកឃើញដោយគម្រោងសម្រាប់ជួយក្នុងដំណើការកែសម្រួលគោលការណ៍ណែនាំបង្កើតសហគមន៍ព្រៃឈើ

៤- កាលបរិច្ឆេទ និង ទីកន្លែង

សិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។