កិច្ចប្រជុំពិគ្រោះយោបល់អំពីឯការមេរៀនបណ្តុះបណ្តាល ស្តីពី នីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ
គិតត្រឹមឆ្នាំ២០១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានសហគមន៍ព្រៃឈើ(ស.ព) ចំនួន៦៣៦កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន៥១៦៨១៧ហិកតា ក្នុងនោះមាន ស.ព ចំនួន ៤៨៤កន្លែង មានប្រកាសទទួលស្គាល់ពីក្រសួងរុក្ខាប្រមាញ់ និងនេសាទ ហើយបានចុះកិច្ចព្រមព្រៀង ស.ព ចំនួន ៤៣៩កន្លែង។ ក្នុងចំណោម ស.ព ដែលបានចុះកិច្ចព្រមព្រៀងមាន ស.ពចំនួន ៨៥កន្លែងមានផែនការគ្រប់គ្រងព្រៃ ស.ព ដែលមានការឯកភាពពីខណ្ឌរដ្ឋបាលព្រៃឈើ។ តែទោះជាយ៉ាងនេះក៏ដោយ ពុំទាន់មាន ស.ព មួយណាដែលបានប្រមូលផលឈើពីព្រៃសហគមន៍ស្របតាមច្បាប់ស្តីពីព្រៃឈើឡើយ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ បានសហការជាមួយកម្មវិធី ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើស្របច្បាប់ នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO-FLEGT) បានអនុម័តនូវគម្រោងសាកល្បង ដើម្បីធ្វើការសាកល្បងការប្រមូលផលឈើដំបូងគេរបស់ប្រទេសកម្ពុជានៅក្នុងតំបន់សហគមន៍ព្រៃឈើនិងទាញយកមេរៀនពីបទពិសោធន៍សម្រាប់ជាព័ត៌មានក្នុងការធ្វើកំណែទម្រង់គោលនយោបាយ។
គម្រោងបានរៀបចំឯកសារ ស្តីពីនីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ ដាក់ជូនរដ្ឋបាលព្រៃឈើពិនិត្យ ដោយបានការឯកភាពពីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី ១ខែតុលា ឆ្នាំ ២០២១ សម្រាប់ធ្វើការសាកល្បង។ បច្ចុប្បន្នគម្រោងត្រូវរៀបចំឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ព្រៃឈើគោលដៅ និងអ្នកពាក់ព័ន្ធដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមអនុវត្ត ការសាកល្បងនេះ ដើម្បីចូលរួមពិនិត្យ និងផ្តល់ធាតុចូលទៅលើសេចក្តីព្រាង ឯកសារមេរៀនស្តីពី នីតិវិធីច្បាប់ និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ។